ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ៖ តួលេខបណ្តោះអាសន្ន បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៩ កើនជិត៦ពាន់នាក់ ធៀបឆ្នាំ២០១៨

ភ្នំពេញ៖ សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមានដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ តួលេខបណ្តោះអាសន្ននៃបេក្ខជនមាន១១៩,២១៧​នាក់ កើនឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកបណ្ឌិត រស់ សុវាចា បានឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ថា បើតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមសប្តាហ៍នៃខែកក្កដានេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង សរុប១១៩,២១៧ នាក់ កើន៥៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ក្នុងនោះបេក្ខជនស្រ្តី ៦១០៣១នាក់ ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៥៤១៤ (៣៨%) ស្រ្តី ២៥៥២៦ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧៣៨០៣នាក់ (៦២%) ស្រ្តី៣៥៥៣៨នាក់ ។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា ចំពោះមណ្ឌលប្រឡងមានចំនួន២០២ កើន៦មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥ ថយ២៤មណ្ឌល ធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ កើន៣០មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៩។

លោក រស់ សុវាចា ក៏បានឲ្យដឹងទៀតថា សម្រាប់បន្ទប់ប្រឡងមានចំនួន៤៨០៩ កើនឡើង១៥៤ ធៀបនឹងឆ្នាំ២០១៨។

យ៉ាងណាក្តីបើតាមអ្នកនាំពាក្រសួងអប់រំដដែលតួលេខខាងលើនេះមិនទាន់ជាតួលេខចុងក្រោយនោះទេ ដោយសារក្រសួងបានកំពុងចុះពិនិត្យ នៅតាមមណ្ឌលប្រឡង។

សូមជម្រាបថា សម័យប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩-២០សីហាខាងមុខនេះ ហើយក្រសួងបែងចែកមុខវិជ្ជាប្រឡងពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្រ្តសង្គមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា , ភាសាបរទេស , គណិតវិទ្យា , សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។ ផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា ៖ ប្រវត្តិវិទ្យា , ជីវវិទ្យា , គីមីវិទ្យា , ភាសាបរទេស , អក្សរសាស្ត្រខ្មែរ , រូបវិទ្យា និងគណិតវិទ្យា ។

សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ក្រសួងក៏បានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ។ការបន្ថយមុខវិជ្ជានេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ដើម្បីបន្ថយបន្ទុកនិងការខ្វល់ខ្វាយរបស់បេក្ខជន៕

ដោយ៖ ស សំណាង

Facebook Comments

To Top