កីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តក្តុកក្តួល ចំពោះកីឡាករបាល់ទាត់ និង គ្រូជើងចាស់ ក្នុងខេត្តបន្ទាយមានជ័យ!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា វាពិតជាសង្វេគខ្លាំងណាស់ សម្រាប់លោក ត្រឹមតែប៉ុន្មានថ្ងៃសោះ លោកបានទទួល ដំណឹងអកុសល ពីអ្នកបន្ទាយមានជ័យ ជាបន្តបន្ទាប់ ទោះបីខេត្តនេះ ពុំមែនជាទឹកដីកំណើត របស់លោកក៏ដោយ តែលោកបានចាត់ទុកថា ខេត្តបន្ទាយមានជ័យ គឺជាស្រុកកំណើតទៅហើយ ព្រោះលោកធ្លាប់បានបំពេញ ការងារនៅទីនោះ តាំងពីជំនាន់រដ្ឋកម្ពុជា ដល់ឆ្នាំ២០១៣ គិតទៅអស់រយៈពេលជាង២០ឆ្នាំ ។

មិនថាតែសមាជិកអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មិនថា តែក្មួយៗកីឡាករបាល់ទាត់ ទាំងបុរស និងស្ត្រី មិនថាតែប្រជាពលរដ្ឋ ដែលលោកធ្លាប់ បម្រើនិងចុះជួបជាប្រចាំ គឺសុទ្ធតែមាន មនោសញ្ចេតនាដិតដាម យ៉ាងជ្រាលជ្រៅ មិនអាចបំភ្លេចបាន ទោះបីលោកចេញមកឆ្ងាយ ឲ្យតែបានលឺដំណឹង ពីការជួបទុក្ខលំបាក របស់អ្នកបន្ទាយមានជ័យ តែងធ្វើឲ្យលោកនៅមិនសុខ គិតពីសុខទុក្ខពួកគាត់គ្រប់ៗគ្នា ។

ជាក់ស្តែងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទើបតែបាន ចាត់ក្រុមការងារ ឲ្យនាំយកថវិកា៦លានរៀល, ទឹកសុទ្ធ២៥កែស, ទឹកផ្លែឈើ០៨កែស, អង្ក០៤ការ៉ុង យកទៅប្រគល់ ជូនគ្រួសារកីឡាករ ០២រូប និងគ្រួសារ លោកគ្រូបាល់ទាត់០១រូប។

យុវជន០២នាក់ ដែលជាអតីតកីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ដែលជាក្លឹបបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុន បណ្តាលឲ្យស្លាប់ម្នាក់ និង របួសម្នាក់ (អ្នកស្លាប់ឈ្មោះ ហ៊ំ អះសាណាវី រីឯអ្នករបួសឈ្មោះ តាន់ បណ្ឌិត ទាំង០២នាក់នេះ សុទ្ធតែជាកីឡាករបាល់ទាត់ កំពុងលូតលាស់ ក្នុងខេត្តបន្ទាយមានជ័យ) ហើយនៅពេលនោះ ក៏មានគ្រូបាល់ទាត់ជើងចាស់ម្នាក់ឈ្មោះ សឹង្ហ វ៉ាត ហៅ គ្រូតា ក៏កំពុងសម្រាកព្យាបាលជម្ងឺ នៅឯមន្ទីរពេទ្យដូចគ្នា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទើបតែបានផ្ញើថវិកា, អង្ករ, ទឹកផ្លែឈើ, ទឹកសុទ្ធ ជួយឧបត្ថម្ភ ដល់គ្រួសារយុវជនទាំង ០២នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងជួយឧបត្ថម្ភលោកគ្រូ សឹង្ហ វ៉ាត ដែលសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ស្រាប់តែថ្ងៃនេះ បែរទទួលដំណឹងថាលោកគ្រូ សឹង្ហ វ៉ាត បានលាចាកលោកទៅហើយ គឺពិតជាធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកសង្វេគក្តុកក្តួលរកអ្វីនឹងថ្លែងពុំបាន។

ដោយមនោសញ្ចេតនាដិតដាម ជាមួយអ្នកបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទោះមិនមានពេលវេលាទៅចូលរួម រំលែកទុក្ខដោយផ្ទាល់ លោកបានសម្តែង ការចូលរួមពីចម្ងាយ និងបានចាត់ក្រុមការងារ យកសម្ភារៈថវិកា ទៅចូលបុណ្យសព លោកគ្រូតា សឹង្ហ វ៉ាត បន្ថែមទៀតផងដែរ ៕

Facebook Comments

To Top