ព័ត៌មានជាតិ

រដ្ឋមន្រ្តីយុត្តិធម៌៖ ស្ត្រីជាប់ទោស ១៦៥ឆ្នាំ ដោយសារពាក់ព័ន្ធជាមួយប្តី ជាចោរប្លន់យ៉ាងសាហាវ ជាក្រុមហើយប្តីត្រូវគេបាញ់ស្លាប់

ភ្នំពេញ៖ ក្រោយមានការចាប់អារម្មណ៍ ទៅលើស្រ្តីម្នាក់កំពុងជាប់ពន្ធនាគារ ដោយមានកូនពរនឹងដៃ ហើយមានទោសរហូតដល់ ១៦៥ឆ្នាំ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ត្រីដែលកំពុងជាប់ពន្ធនាគារ ហើយមានទោស ១៦៥ឆ្នាំនោះ ដោយសារនាងជាប់ពាក់ព័ន្ធនឹងប្តីជាចោរ ដែលមានមុខសញ្ញាប្លន់យ៉ាងសាហាវជាក្រុម ហើយប្តីត្រូវបានគេបាញ់ស្លាប់ ចំណែកបក្ខពួកផ្សេងទៀត រួមទាំងនាងត្រូវចាប់បានយក មកអនុវត្តទោសរហូតមកដល់បច្ចុប្បន្ន ។

លោកថា ប៉ុន្តែទោះបីជាយ៉ាងណានឹង ត្រូវអនុវត្តទោសណាដែល មានចំនួនច្រើនឆ្នាំដែលច្បាប់កំណត់ ចំពោះអំពើនៃបទល្មើស ដែលបានប្រព្រឹត្តិប៉ុណ្ណោះ។

ថ្លែងឲ្យដឹងក្នុងសម័យប្រជុំ ពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍានា បានឲ្យដឹងពីករណីស្ត្រីជាប់ទោសរហូតដល់ ១៦៥ឆ្នាំ ហើយកំពុងជាប់ពន្ធនាគារនៅម២ ថា ការជាប់ទោសរហូតដល់ជាង ១០០ឆ្នាំនេះ ដោយសារតែអ្នកទោសនោះ បានប្រព្រឹត្តិបទល្មើសពី ៨ទៅ៩កន្លែង ឬសម្លាប់មនុស្ស៨ឬ៩នាក់។

លោកថា អ្នកទោសនេះមិនមែន ប្រព្រឹត្តបទល្មើសរយៈពេលឆាប់ទេ គឺអាចធ្វើសកម្មភាពច្រើនឆ្នាំ ហើយគេបូកបញ្ចូលគ្នា។ គេមិនអនុវត្តទោស១៦៥ឆ្នាំនោះទេ គឺចៅក្រមអនុវត្តទោស ណាដែលខ្ពស់ជាងគេ។ ស្រ្តីនោះអាចប្តឹងទៅសាលាឧទ្ធរណ៍ ឬសាលាកំពូលបន្តបាន នៅពេលប្រកាសជាស្ថាពរ អាចសម្រេចទោសពី២០ឆ្នាំ ឬ៣០ឆ្នាំនោះ គឺជាការសម្រេចរបស់ ចៅក្រមនៃសាលឧទ្ធរណ៍ ឬសាលាកំពូល ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ស្ត្រីដែលជាប់ទោសរហូតដល់ ១៦៥ឆ្នាំនេះ ដើមហេតុដោយសារនាងជាប់ពាក់ព័ន្ធ នឹងប្តីជាចោរដែលមានមុខសញ្ញាប្លន់ យ៉ាងសាវហាវជាក្រុមហើយប្តី របស់ស្ត្រីត្រូវបានគេបាញ់ស្លាប់ ។ ចំណែកបក្ខពួកផ្សេងទៀត រួមទាំងនាងត្រូវបានចាប់បាន។ នៅពេលចាប់ខ្លួននាងមានគភ៌ ៣ខែមកហើយ ដូច្នេះពេលនេះនាងបាន ជាប់ពន្ធនាគារ៣ឆ្នាំហើយ។ តាមច្បាប់កូនដែលមានអាយុក្រោម៣ ឆ្នាំ កូនអាចនៅជាមួយម្តាយបាន លើកលែងតែម្តាយមិនឲ្យនៅជាមួយ ហើយបើកូនមានអាយុលើសពី៣ឆ្នាំ ច្បាប់មិនអនុញ្ញាតឲ្យកូននៅជាមួយនោះទេ” ។

រដ្ឋមន្ត្រីក៏បានឲ្យដឹងថា លោកក៏កំពុងតាមដានលើសំណុំរឿង ប៉ុន្តែអ្វីៗគឺជាការងាររបស់តុលាការ ព្រោះ តុលាការបានធ្វើទៅតាមច្បាប់ត្រឹមត្រូវ។

លោក អង្គ វង្សវឌ្ឍានា ក៏បានលើកឡើងថា ចំនួនទោសស្ត្រីទទួលនោះដោយសារ បានប្រព្រឹត្តិបទល្មើសច្រើនករណី ហើយទោសទាំងនោះត្រូវបាន បូកបញ្ចូលគ្នាទើបទទួល ទោសរហូតដល់ ១៦៥ឆ្នាំ ប៉ុន្តែតាមច្បាប់ តុលាការអាចនឹងសម្រេច ដាក់ទោសណាដែលជាបទល្មើសធ្ងន់ជាងគេ ក្នុងចំណោមទោសដែលបានព្រឹត្តិ។

លោកបញ្ជាក់ថា “ការអនុវត្តទោសរបស់ស្ត្រី គេមិនមែនអនុវត្តទោស ១៦៥ឆ្នាំនេះទេ គឺគេអនុវត្តលើទោសណាមួយ ដែលច្រើនជាងគេនៃទោសទាំងអស់” ។

ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម ពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ករណីស្ត្រីជាប់ទោសរហូតដល់១៦៥ឆ្នាំនេះ ដោយសារតែសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមចំនួន ៤ផ្តន្ទាទោសផ្សេងគ្នា បើបូករួមទាំងទោសក្នុងសំណុំរឿង នីមួយៗកើនឡើងដល់១៦៥ឆ្នាំ ក៏ប៉ុន្តែសាលក្រមនេះមិនទាន់ចប់នោះទេ គឺបានប្តឹងដល់សាលាឧទ្ធរណ៍ ។

លោកបញ្ជាក់ថា “ពេលតុលាការគេសម្រេច ចុងក្រោយគេមិនបូកអីញ្ចឹងទេ។ គេនឹងធ្វើការស្រូបទោស គឺគេនឹងយកទោសណាដែលធ្ងន់ជាងគេ។ អីញ្ចឹងទេ ខាងពន្ធនាគារ គេបូកទៅតាមសំណុំរឿងនីមួយៗ តាមសាលាក្រមមួយៗ យើងគ្មានទោសណាដល់ជាង ១០០ឆ្នាំនោះទេ គឺយើងមានតែទោសមួយជីវិត”។
លោក ជិន ម៉ាលីន ក៏បានឲ្យដឹងថា អ្នកទោសស្ត្រីខាងលើនេះ មានសំណុំរឿងរហូតដល់ ៩បូកបញ្ចូលគ្នា ទើបគាត់មានទោសរហូងដល់១៦៥ឆ្នាំ៕

ដោយ ស សំណាង

Facebook Comments

To Top