នយោបាយ

កម្ពុជា ក្នុងចន្លោះនៃទំនាក់ទំនង រវាងក្រុងហាណូយ និងព្យុងយ៉ាង នាសម័យសង្គ្រាមត្រជាក់!

ជាតថភាព លើផ្នែកនយោបាយ វប្បធម៌ និងមនោគមវិជ្ជា គឺរវាងកូរ៉េខាងជើង និងវៀតណាមខាងជើង មានភាពប្រហាក់ប្រហែល ដូចគ្នាជាច្រើន បើប្រៀបធៀប ទៅនិងប្រទេសដទៃទៀតនៅក្នុងតំបន់មួយនេះ! ។

ប្រទេសទាំងពីរនេះ សុទ្ធតែជាប្រទេសដែលប្រកាន់យក នូវរបបកម្មុយនីស្តសុទ្ធសាទ ដែលរបបនយោបាយមួយនេះ ត្រូវបានបង្កើតឡើង ក្នុងចំណោមពួកប្រទេសអាស៊ី ក្រោយសង្គ្រាមលោកលើកទី២ និងក៏ជាចំណុចក្តៅមួយ ក្នុងចំណុចក្តៅទាំងឡាយ ក្នុងសម័យកាល នៃសង្គ្រាមត្រជាក់ និងជានិមិត្តរូប នៃការប្រឈមមុខដាក់គ្នា យ៉ាងស្រួចស្រាវ រវាងប្លុកទាំងពីរ សង្គមនិយម និងមូលធននិយម សេរី និងកម្មុយនីស្ត! ។

ប្រទេសទាំងពីរនេះ សុទ្ធតែត្រូវបានកាត់ទឹកដី បែងចែកទៅជាពីរខាងជើងនិងខាងត្បូងដូចគ្នាដោយសង្គ្រាម ! យ៉ាងណាក៏ដោយ ក្រោយពីមានការ បែងចែកទឹកដីមក ប្រទេសទាំងពីរ កូរ៉េខាងជើង និងវៀតណាមខាងជើង សុទ្ធតែបានបំផុស និងដំណើរការតស៊ូប្រយុទ្ធ ដោយប្រដាប់អាវុធ ប្រយុទ្ធប្រឆាំង ទៅនឹងអំណាចចក្រភពអាមេរិក ដែលឈរនៅពីក្រោយអាជ្ញាធរភាគខាងត្បូងទាំងពីរដូចគ្នា ។

តែទោះបីជាការប្រយុទ្ធប្រឆាំង ទៅនិងអនុភាពចក្រភពត្តិបែបថ្មី ចាស់ ពួកសេរីនិយមយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនេះ កូរ៉េខាងជើង និងវៀតណាមខាងជើង បានខិតខំ គេចវេស ធ្វើគ្រប់បែបយ៉ាង ដើម្បីកុំអោយធ្លាក់ ទៅក្នុងព្យុះសង្ឃរា ដែលកំពុងតែបក់បោកយ៉ាងខ្លាំង ដោយអំណាចអនុភាព នៃ ការទំនាស់វិវាទរវាងសូវៀត និងចិនប្រជាមានិត! ដោយ ប្រទេសទាំងពីរនេះត្រូវឈរខាងចិន ប្រឆាំងសូវៀត ឬត្រូវសម្រេចឈរខាងសូវៀត ប្រឆាំងចិន ក្នុងរយៈពេលមួយ និងក្នុងកំរិតណាមួយនោះ! ដែរប្រទេសទាំងពីរនេះ ឥតចង់!

ដោយមានចក្ខុវិស័យ និងទស្សនទាន នយោបាយដូចគ្នាយ៉ាងនេះហើយ ទើបគេឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងជើង និងរៀតណាមខាងជើង មានភាពស្អិតរមួត ព្រមទាំងឈានទៅដល់កំរិតមួយខ្ពស់ ក្នុងបណ្តាឆ្នាំ១៩៦៥ ដល់១៩៦៧ គួរអោយកត់សំគាល់បំផុត! ។ល្បែងនយោបាយ ចង់អោយចក្រពត្តិអាមេរិក ជាប់ផុងក្នុងសង្គ្រាមនៅវៀតណាម! ជាលើកដំបូង ដែលថ្នាក់ដឹកនាំកូរ៉េខាងជើងបានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ មកលើព្រឹត្តិការណ៍ទាំងឡាយដែលបានកើត និងកំពុងតែវិវត្តន៍ នៅវៀតណាម ក្នុងបណ្តាឆ្នាំពី១៩៦១ ដល់១៩៦៣ ដែលក្នុងបរិបទមួយនេះ កូរ៉េខាងជើងបានមើលឃើញនិងវាយតម្លៃថា យុទ្ធសាស្ត្រក្នុងការពង្រីក និងការជំរុញអោយមានសង្គ្រាមឈ្លប នៅវៀតណាម គឺជាយុទ្ធវិធីមួយដ៏សុក្រឹត្យបំផុត ក្នុងការធ្វើសង្គ្រាមគ្មានសមរភូមិ ក្នុងកំរិតទាបនិងមធ្យម ហើយសង្គ្រាមមួយនេះអាចធ្វើអោយសត្រូវ ជួបប្រទះនូវការខាតបង់ច្រើន និងក៏ជាឧបាយកលក្នុងយុទ្ធសាស្ត្រមួយ ក្នុងការធ្វើអោយចក្រពត្តិអាមេរិក ពុំមានលេស ឬហេតុផលណាមួយក្នុងការវាយបកជាអាវុធបរមាណូបានឡើយព្រោះជាសង្គ្រាមឈ្លបសោះ !។

ដោយមើលឃើញយុទ្ធសាស្ត្រមួយនេះ ទើបកូរ៉េខាងជើងសំរេចអនុវត្តយុទ្ធវិធី ដូចវៀតណាមខាងជើង បើកយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនិងរបបយោធានិយម Park Chung-hee។ តែជាអកុសល កម្លាំងទ័ពឈ្លប របស់កូរ៉េខាងជើង ជួបប្រទះទៅនិងភាពប្រឈម មិនអនុគ្រោះច្រើន ដោយទ័ពឈ្លប របស់កូរ៉េខាងជើង ពេលលួចជ្រៀតចូល ដែនដីកូរ៉េខាងត្បូងធ្វើសកម្មភាព។ពួកនេះពុំអាចស្វែងរកបាននូវការគាំទ្រខាងស្មារតីផ្លូវចិត្តណាមួយពីប្រជាជនភាគខាងត្បូង ខុសនិងអ្វីដែលកងទ័ពរំដោះវៀតកុង ទទួលបានការសារទរ ពីប្រជាជនភាគខាងត្បូងរបស់វៀតណាមឡើយ (Sic)! ។

ដោយកត្តាភូមិសាស្ត្រនយោបាយនៅកូរ៉េខាងត្បូងមិនអំណោយផលសំរាប់ការធ្វើចលនាមហាជន និងការធ្វើសង្គ្រាមឈ្លប ទើបលោកប្រធាន Kim il-sung សំរេចប្រើប្រាស់សង្គ្រាមនៅវៀតណាម ធ្វើជាសន្លឹកបៀនយោបាយ ក្នុងការតស៊ូមតិនយោបាយ នៅកូរ៉េខាងជើងវិញ! ។

នៅចុងឆ្នាំ១៩៦៦ ចំនួនកងទ័ពអាមេរិក ដែលឈរជើង នៅវៀតណាមភាគខាងត្បូង មានចំនួនរហូតដល់ទៅជាង ៣៨៥.០០០នាក់! ដែលក្នុងបរិបទមួយនេះ កូរ៉េខាងជើងជឿជាក់ថា ចំនួនទ័ពយ៉ាងច្រើន នៅក្រៅប្រទេសយ៉ាងនេះ និងធ្វើអោយក្រុង Washington គ្មានលទ្ធភាពគិតគូរ ក្នុងការបើកយុទ្ធនាការជាយោធាណាមួយ មកលើកូរ៉េខាងជើង បង្កើតទៅជាសមរភូមិ មួយទៀតឡើយ ។ម៉្យាងវិញទៀត ដោយលោកប្រធាន Kim បានធ្វើសេចក្តីសន្និដ្ឋានជានយោបាយថា បើចក្រពត្តិអាមេរិក ជាប់ផុងរើខ្លួនមិនរួច លើសមរភូមិនៅវៀតណាមខាងត្បូង គឺជាឱកាសអោយកូរ៉េខាងជើង អាចបើកប្រតិបត្តិការយោធា វាយប្រហារមកលើ រដ្ឋអំណាចកូរ៉េខាងត្បូងបានយ៉ាងងាយ! ។

ដើម្បីធ្វើអោយសំរេច នូវគោលដៅនយោបាយយុទ្ធសាស្ត្រមួយនេះ កូរ៉េខាងជើងបានបង្កើនការផ្តល់ជំនួយជាយោធានិងសេដ្ឋកិច្ច ចាក់ចូលមករដ្ឋអំណាច ក្រុង Hanoi ពេញមួយទំហឹង! រហូតដល់កូរ៉េខាងជើង បានចាត់បញ្ជូន Pilots បើកយន្តហោះ MIG មកជួយច្បាំង ជាមួយនិងទ័ពអាកាសវៀតណាមខាងជើង ក្នុងការប្រយុទ្ធលើអាកាសជាមួយនិងកងទ័ពអាមេរិកទៀតផង! ។

អស់រយៈពេល៣ឆ្នាំ ការកៀកស្មាគ្នារួមគ្នាប្រយុទ្ធ បានធ្វើអោយមជ្ឈដ្ឋាន អ្នកដឹកនាំកូរ៉េខាងជើងនិងវៀតណាមខាងជើង មើលឃើញ និងចាត់ទុកគ្នាទៅវិញទៅមក ដូចជាមិត្តសម្ព័ន្ធមួយ ដែលគួរអោយជឿទុកចិត្ត ជាទីបំផុតនោះ! ។ក៏ប៉ុន្តែ កត្តាភូមិសាស្ត្រ យុទ្ធសាស្ត្រ និងផលប្រយោជន៍ជាតិ បានធ្វើអោយជំនឿ និងការជឿទុកចិត្ត គ្នារវាងកូរ៉េខាងជើង និងវៀតណាមខាងជើង ចេះតែសាបរលាបទៅៗ ។ចូលឆ្នាំចិន១៩៦៨កងទ័ពវៀតណាមខាងជើង បើកប្រតិបត្តិការសឹក វាយចូលទឹកដី ក្រុងព្រៃនគរ ធ្វើអោយកងទ័ព Thieu+Ky និងទាហានអាមេរិក ខាតបង់យ៉ាងធំធេងទាំងសំភារៈ ដល់អាយុជីវិត! ដោយឡែក ស្របពេលនេះដែរ នៅខែមករា ១៩៦៨ ទ័ពពិសេស របស់កូរ៉េខាងជើង ក៏បានបើកការវាយប្រហារអត្តឃាត ចូលមកវិមានប្រធានាធិបតីកូរ៉េខាងត្បូង សំដៅបាញ់សម្លាប់ លោក Park Chung-hee ផងដែរ! ។

នៅពេលដែលប្រតិបត្តិការសឹកអត្តឃាត វាយចូលវិមានខៀវ (Green House) នេះទទួលបរាជ័យមក កូរ៉េខាងជើងបង្វែងឧបទ្ទវហេតុ ចាញ់នេះមកជាការចាប់ កាប៉ាល់លួច ធ្វើចារកម្ម Pueblo របស់អាមេរិក ដើម្បីបន្លំសភាពការណ៍ កុំអោយមានការចាប់អារម្មណ៍ខ្លាំង មកលើករណីបរាជ័យ ក្នុងប្រតិបត្តិការសឹក វាយប្រហារចូលវិមាន ប្រធានាធិបតី កូរ៉េខាងត្បូង នៅ Seoul ទៅវិញ ! ។ ក្រោយអំពីព្រឹត្តិការណ៍ទាំងនេះ អាចជាលើកដំបូង ដែលមានមន្ត្រីរបស់វៀតណាមខាងជើង និយាយប្រាប់មិត្តសង្គមនិយមខ្លះ អំពីការមិនពេញចិត្ត ចំពោះអំពើររបស់កូរ៉េខាងជើង! ព្រោះការចាប់នាវាស៊ឺបការណ៍សំងាត់ Pueblo របស់អាមេរិក អាចជាហេតុផលក្នុងការលើកទឹកចិត្ត ជំរុញអោយ ចក្រពត្តិអាមេរិក ក្នុងការកំណែនទ័ព និងចាប់បញ្ជូនទ័ពប្រយុទ្ធ ចុះមកបន្ថែមកម្លាំង នៅក្នុងតំបន់មួយនេះជាពិសេសគឺនៅវៀតណាម! ។ ខែឧសភា ១៩៦៨ ដល់វេន កូរ៉េខាងជើង ចាប់មិនសប្បាយចិត្ត ជាមួយវៀតណាមខាងជើងម្តង! ។ព្រោះតាមទស្សនៈនយោបាយ របស់អ្នកកាន់អំណាច នៃក្រុងព្យុងយ៉ាងនាពេលនោះ គឺការបើកកិច្ចចរចារសន្តិភាពនៅ Paris មានន័យថា ជាសកម្មភាពនយោបាយមួយ ក្នុងការធ្វើអោយសហរដ្ឋអាមេរិក កាត់បន្ថយការយកចិត្តទុកដាក់ មកលើស្ថានភាពរួមនៅឥណ្ឌូចិន ហើយប្រមូលផ្តុំការចាប់អារម្មណ៍មកលើសភាពការណ៍នៅឧបទ្វីបកូរ៉េម្តងវិញ! ដោយបារម្ភទៅនឹងនយោបាយ ចង់ធ្វើអោយចក្រពត្តិអាមេរិកជាប់ផុង រើខ្លួនមិនរួចចេញ ពីសមរភូមិនៅវៀតណាម ! ទើបកូរ៉េខាងជើងបន្តអំពាវនាវ អោយមានការតស៊ូប្រដាប់អាវុធ ព្រមទាំងពុំសូវយកចិត្តទុកដាក់ ផ្ដល់ការគាំទ្រនិងគ្មានជំជឿមកលើលទ្ធភាព នយោបាយនៃដំណោះស្រាយ ចរចារនៅ Paris រវាងអាមេរិក និងវៀតណាមខាងជើងឡើយ! ។

ការមិនពេញចិត្តក្នុងយុទ្ធសាស្ត្រ នាំដល់ការកាត់បន្ថយជំនួយទោះបីជាមិត្ត!

ដោយមើលឃើញ ការប្រែប្រួលរបស់ពិភពលោក ជាពិសេសប៉ូលពីរ បានខិតមករកគ្នា ដើម្បីរួមគ្នាទប់ទល់ បំផ្លាញប៉ូលសូវៀតនោះ! ទើបវៀតណាមខាងជើង ប្តេជ្ញាត្រូវតែ បញ្ចប់សង្គ្រាម ទោះបីនៅក្នុងតម្លៃណាមួយ ដោយវៀតណាមខាងជើង រក្សាគោលជំហរមួយ វាយផងចរចារផង ដែលក្នុងពេលនោះ កូរ៉េខាងជើង ក៏បានចាប់ផ្តើមកាត់បន្ថយ ជំនួយគ្រប់បែបយ៉ាង ទៅអោយក្រុងហាណូយ ជាបណ្តើរៗផងដែរ ។អាក្រក់ជាងនេះទៅទៀត ដោយមានឥរិយាបទអមិត្ត ជាមួយនិងដំណើរការចរចារ នៅទីក្រុង Paris ផង ទើបសភាពការណ៍នេះ បានរុញអោយក្រុងព្យុងយ៉ាង ងាកមកកាន់តែខិតជិតមករកក្រុងប៉េកាំង នាំអោយប្រទេសទាំងពីរនេះកូរ៉េខាងជើង-ចិន កាន់តែមានភាពស្អិតរមួត បង្កភាពប៉ះពាល់និងការលំបាក ស្មុគ្រស្មាញមកលើក្រុងហាណូយ ទៅវិញ! ។

ពីដំណាក់កាល ១៩៦៦ ដល់១៩៦៧ កូរ៉េខាងជើង និងវៀតណាមខាងជើង បានសំដែងភាពសាមគ្គីគ្នា នៅចំពោះមុខកម្លាំងកៀបសង្កត់របស់ចិន! ក៏ប៉ុន្តែដល់ឆ្នាំ១៩៦៩ ក្រុងព្យុងយ៉ាង បានបំបែកខ្លួនដើរចេញឆ្ងាយពីក្រុងហាណូយ បំរើអោយយុទ្ធសាស្ត្រយូរអង្វែងដោយឡែករបស់ខ្លួនវិញ! ។

នៅពេលដែលមាន រដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបីតា សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ និងភ្លើង សង្គ្រាមចាប់ឆេះនៅក្នុងស្រុកខ្មែរ ពីឆ្នាំ១៩៧០ ដល់១៩៧៥ ! លោកប្រធាន Kim il-sung បានប្រកាសគាំទ្រនូវផែនការនយោបាយរបស់ចិន ដែលក្នុងនោះ ចិនមានបំណង ចង់បង្កើតរណសិរ្សឯកភាពមួយ រួមមាន កូរ៉េខាងជើង-វៀតណាមខាងជើង-ឡាវ-កម្ពុជា និងចិន។ ព្រោះក្នុងចក្ខុវិស័យនយោបាយ និងយុទ្ធសាស្ត្ររបស់លោក Kim ក្នុងពេលនោះ យល់ថា សង្គ្រាម នៅកម្ពុជា និងផែនការរណសិរ្ស ឯកភាព៥ប្រទេស និងនាំមកនូវឱកាស នយោបាយដ៏ល្អៗច្រើន ម្យ៉ាងទៀត រណសិរ្សមួយនេះនិងផ្តល់ការធានា ក្នុងការធ្វើអោយចិន កាន់តែមានភាពសកម្ម ចូលរួម ក្នុងបុព្វហេតុប្រយុទ្ធតស៊ូ ប្រឆាំងទៅនិងចក្រពត្តិអាមេរិក កាន់តែខ្លាំងក្លា! ដែលកំពុងធ្វើជាអធិរាជនៅក្នុងតំបន់នេះ។ក៏ប៉ុន្តែ នៅក្នុងទស្សនៈនយោបាយ របស់ថ្នាក់ដឹកនាំ វៀតណាមខាងជើងវិញ មានការយល់ខុសពីនេះ! ព្រោះរាល់ជំហាន នយោបាយ របស់កូរ៉េខាងជើង គឺជាភាពប្រឈម ទៅនិងតួនាទីដឹកនាំ របស់វៀតណាម ខាងជើង ដែលតែងតែយល់ថា ខ្លួនជាបងធំ ក្នុងការដឹកនាំត្រួតត្រា សម្ព័ន្ធភាពឥណ្ឌូចិនទៅវិញ! ដែលហេតុការនយោបាយមួយនេះ បានធ្វើអោយមានការប៉ះពាល់ មកលើទស្សន ជំហរនយោបាយ ក្នុងការដឹកនាំចលនាតស៊ូ របស់ប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ក្នុងរូបភាពសហព័ន្ធឥណ្ឌូចិន ដែលមានជាយូរមកហើយ ក្នុងគំនិតដឹកនាំ របស់វៀតណាម! ។ សម្ព័ន្ធភាពជាប្លុក៥ប្រទេស ដែលជារណសិរ្សរួមមួយ តែពុំមានសហភាពសូវៀតចូលរួម គឺជាប្រការមួយដែលជះឥទ្ធិពលយ៉ាងអវិជ្ជមាន មកលើផែនការ ឧបាយកល របស់ក្រុងហាណូយ ដោយស្រមោលរបស់ក្រុងប៉េកាំង បាំងបាត់អស់នូវមហិច្ឆិតារបស់វៀតណាមខាងជើង!។

ក្រៅពីនេះ ទាំងចិននិងកូរ៉េខាងជើង មានបំណងចង់ផ្តល់ជំនួយ ជាយោធាដោយផ្ទាល់ មកអោយកម្លាំងខ្មែរក្រហម! ដោយសំភារៈសឹក ទាំងនេះផ្ញើតាមរយៈផ្លូវហាណូយ ដូចដែលសហភាពសូវៀត ធ្លាប់បានធ្វើកន្លងមក ក្នុងការជួយវៀតណាមខាងជើង តាមរយៈផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសចិននោះ! ។ ដូច្នេះ សង្គ្រាមនៅកម្ពុជា ពី១៩៧០ ដល់១៩៧៥ បានកកើតឡើង នូវទំនាក់ទំនងត្រីកោណបដិបក្ខ ដែលម្ខាងមានកូរ៉េខាងជើង កម្ពុជា និងចិន មិនចុះសំរុង ឯកភាពទៅនិងម្ខាងទៀត រួមមាន ឡាវ សហភាពសូវៀត និងវៀតណាមខាងជើង ទៅ! ។

ក្រៅពីនេះ ប្រមុខដឹកនាំ របស់វៀតណាមខាងជើងវិញ ក៏មិនសូវពេញចិត្តទៅនិងជំនួបចរចាររវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផងដែរ! ព្រោះនៅថ្ងៃទី៤ កក្កដា ១៩៧២ រដ្ឋាភិបាលទាំងពីរ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានជួបចរចាគ្នា និងចេញសេចក្តីថ្លែងការណ៍រួម ដោយមានខ្លឹមសារសង្កត់ធ្ងន់មកលើការអំពាវនាវ អោយមានការបង្រួបបង្រួម ឯកភាពទឹកដី កូរ៉េទាំងពីរឡើងវិញ! ។ ក្នុងទិដ្ឋភាពនយោបាយមួយនេះ អាចធ្វើអោយ វៀតណាមខាងជើង មានការបារម្ភ នៅពេលណាមួយ ស្រាប់តែកូរ៉េខាងជើង ឯកភាពទទួលយក កូរ៉េខាងត្បូង ធ្វើជាដៃគូរចរចារ ! ពេលនោះ សហរដ្ឋអាមេរិក ច្បាស់ជា និងប្រើប្រាស់នូវរូបមន្តជំនួបចរចារកូរ៉េទាំងពីរ ធ្វើជាទឡ្ហីករណ៍នយោបាយ ក្នុងការបង្ខំអោយរដ្ឋអំណាចហាណូយ យកគំរូចរចារកូរ៉េ ដើម្បីទៅចរចារជាមួយ រដ្ឋអំណាច ព្រៃនគរ (Thieu+Ky) ដែលពួកវៀតណាមខាងជើង បដិសេធដាច់អហង្ការ មិនធ្វើតាមរូបមន្ត មួយនេះឡើយ! ។

នៅថ្ងៃទី២៣ ដល់២៦ មករា ១៩៧៣ មានគណៈប្រតិភូវៀតណាមខាងជើង មួយក្រុម ទៅធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនៅទីក្រុងព្យុងយ៉ាង ។ ទស្សនកិច្ចនេះ មានសភាពសោះកក្រោះ ដោយកូរ៉េខាងជើង ផ្តល់បដិសណ្ឋារកិច្ច ពុំសូវមានភាពកក់ក្តៅ ! ពេលនោះហើយ ដែលកូរ៉េខាងជើង បានបដិសេធមិនផ្តល់អង្ករ និងសំភារៈសឹក ទៅអោយក្រុងហាណូយទៀត! តែដោយអំណាចនៃកិត្សានុភាពអន្តរជាតិរបស់កូរ៉េខាងជើង បានធ្វើអោយប្រទេសទាំងពីរ ចាំបាច់ត្រូវចេញនូវសេចក្តីប្រកាសរួមក្លែងក្លាយមួយ ដោយបានអះអាងអំពីការបន្តផ្តល់ជំនួយ របស់កូរ៉េខាងជើង មកអោយវៀតណាមខាងជើងទៀត! ។

បន្ទាប់ពីមានព្រឹត្តិការណ៍ ចិនវាយកាន់កាប់កោះ Paracel នៅថ្ងៃទី១៩ មករា ១៩៧៤ មក គឺមានប្រទេសយ៉ាងតិចតួចបំផុត ក្នុងការទទួលស្គាល់ជាផ្លូវការណ៍ថា Paracel ជាដែនអធិបតេយ្យភាព របស់សាធារណរដ្ឋប្រជាមានិតចិន ពិតប្រាកដមែន!(sic) ។

ក្រោយឆ្នាំ១៩៧៥ ប្រទេសពីរនេះ កូរ៉េខាងជើង និងវៀតណាមខាងជើង ក៏មិនទាន់មានភាពស្រុះស្រួលគ្នានៅឡើយ!

៣០ មេសា ១៩៧៥ សង្គ្រាមនៅវៀតណាម បានចប់ដោយកម្លាំងបាយ ក្នុងការបំពានយ៉ាងកំរោល មកលើសន្ធិសញ្ញា Paris ១៩៧៣។ រំដោះបានវៀតណាមភាគខាងត្បូង ឯកភាពទឹកដី ហើយឆ្នាំ១៩៧៥ តែរដ្ឋអំណាចកម្មុយនិស្តពីរនេះ នូវមិនទាន់មានភាពស្រុះស្រួលគ្នា ផ្ទុយទៅវិញ ភាពមិនចុះសម្រុងនេះ បានបង្កើតឡើងនូវសភាពការណ៍ថ្មី បញ្ហាថ្មីនិងភាពប្រឈមថ្មី! ។

ក្រោយពីជ័យជំនះ ៣០ មេសា ១៩៧៥ ពេលដែលទីក្រុងព្រៃនគរត្រូវបានរំដោះកាន់កាប់ ដោយកងទ័ពវៀតណាមខាងជើងមក Mass Media របស់កូរ៉េខាងជើងទាំងមូល ហាក់បីដូចជាបាន សរសេរយ៉ាងតិចតួចបំផុត អំពីមហាជ័យជំនះមួយនេះ របស់វៀតណាម! ក្រៅពីនេះ ក៏មានមន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងជើងជាច្រើន បាននិយាយប្រាប់ ទៅបណ្តាមន្ត្រីការទូត របស់ពួកប្រទេសសង្គមនិយមខ្លះ ដោយបានសង្កត់ធ្ងន់ថា ក្រោយពីចាញ់សង្ក្រាមនៅវៀតណាម អាមេរិកច្បាស់ជា និងបង្កើនវត្តមាននិងអំណាច នៅលើឧបទ្វីបកូរ៉េ ជាមិនខានឡើយ! ។មានចំណុចមួយ ដែលគួរអោយមានការភ្ញាក់ផ្អើល គឺនៅពេលដែលវាយចូលរំដោះព្រៃនគរ កងទ័ពព្រៃវៀតណាមខាងជើង ចាប់ខ្លួនបានអ្នកការទូតកូរ៉េខាងត្បូង៤នាក់ ! ។វៀតណាមខាងជើង មិនអនុញ្ញាតិ អោយអ្នកការទូតកូរ៉េខាងត្បូង ៤នាក់នេះ ចេញទៅក្រៅប្រទេស ក៏ប៉ុន្តែអាជ្ញាធរវៀតណាម ក៏ពុំបានប្រគល់អ្នកការទូតកូរ៉េខាងត្បូង ៤នាក់នេះ ទៅអោយកូរ៉េខាងជើងផងដែរ ទោះបីជាមានការស្នើសុំក៏ដោយ! ។បំណងរបស់កូរ៉េខាងជើង គឺចង់បានអ្នកការទូតកូរ៉េខាងត្បូង ៤នាក់នេះ ដើម្បីយកមកធ្វើជាការដោះដូរយកចារកម្មរបស់កូរ៉េខាងជើង ដែរកំពុងនៅជាប់ឃុំឃាំង នៅកូរ៉េខាងត្បូង! ។ ចុងក្រោយ អាជ្ញាធរវៀតណាម បានរៀបចំអោយ មានជំនួបចរចារមួយ រវាងកូរ៉េទាំងពីរ នៅលើទឹកដីប្រទេស អព្យាក្រិត្យមួយ! ហើយកិច្ចប្រជុំស្ដីពីអ្នកទោសទាំងនេះ ត្រូវបានប្រព្រឹត្តិទៅ នៅ New Delhi ប្រទេសឥណ្ឌា នាឆ្នាំ១៩៧៨ ទៅ! ។

ក្នុងជំនួបចរចារនេះ នៅពេលដែលកូរ៉េខាងត្បូង ស្នើអោយមានការផ្លាស់ប្តូរបញ្ជីអ្នកជាប់គុកជាចារកម្ម ដែលកូរ៉េខាងជើងមានបំណងចង់ធ្វើការដោះដូរនោះ ស្រាប់តែកូរ៉េខាងជើង មិនព្រមលើកឈ្មោះអ្នកជាប់គុក មកនិយាយ! ដោយកូរ៉េខាងជើងយល់ថា បើប្រកាសឈ្មោះ ដើម្បីស្នើដោះដូរ មានន័យថា កូរ៉េខាងជើង ទទួលស្គាល់អ្នកទាំងនេះធ្វើសកម្មភាព ជាចារកិច្ចនៅលើទឹកដីកូរ៉េខាងត្បូង ពិតប្រាកដមែន ។ អំពើនិងសកម្មភាព របស់កូរ៉េខាងជើង បានធ្វើអោយសភាពការណ៍ កាន់តែស្មុគ្រស្មាញ នៅពេលដែលកូរ៉េខាងជើង ទាមទារដោះដូរ អ្នកទោសកូរ៉េខាងជើង ៧០នាក់ ដើម្បីប្តូរយក អ្នកទោសកូរ៉េខាងត្បូងម្នាក់នោះ! ។

ដោយមើលឃើញ សភាពការណ៍គ្មានភាពរីកចំរើនទៅមុខ ក្នុងការជួបចរចារ ជាមួយក្រុងព្យុងយ៉ាងយ៉ាងនេះ ទើបអ្នកកាន់អំណាចរបស់វៀតណាម បានសំរេចដោះលែង ដោយឯកតោភាគី និងគ្មានលក្ខខ័ណ្ឌ ចំពោះពួកអ្នកទោសកូរ៉េខាងត្បូងនេះ! ។

ក្នុងដំណាក់កាលក្រោយ ១៩៧៥ មួយនេះ ក្រុងព្យុងយ៉ាង និងក្រុងហាណូយក៏ចាប់ មានទំនាក់ទំនងតានតឹងមិនស្រុះស្រួលគ្នា ដោយមកពី មានបញ្ហាកម្ពុជា! ។

ខែកញ្ញា ១៩៧៧ ប៉ុលពតបានទៅធ្វើទស្សនកិច្ច នៅប៉េកាំងផង និងព្យុងយ៉ាងផង! ហើយសភាពការណ៍នេះ កាន់តែតានតឹងបំផុត គឺចាប់តាំងពីឆ្នាំ ១៩៧៨ ដល់១៩៧៩ ពេលដែលវៀតណាម ចូលលុកលុយកម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត! ។

នៅថ្ងៃទី១៣ មករា ១៩៧៩ ការសែតផ្លូវការ របស់កូរ៉េខាងជើង Rodong Sinmun បានថ្កោលទោស ការឈ្លានពានរបស់ក្រុងហាណូយ មកលើកម្ពុជា! ។ដល់ខែកុម្ភៈ ១៩៧៩ នៅពេលដែលចិន បើកការវាយប្រហារទ្រង់ទ្រាយធំ មកលើវៀតណាមតាមបណ្ដោយព្រំដែនភាគខាងជើងវៀតណាម! ជារួម Mass media របស់កូរ៉េខាងជើង ឥតបាននិយាយដល់ព្រឹត្តិការណ៍សង្គ្រាមរបស់ចិនមកលើវៀតណាម ក្នុងការអោយមេរៀនវៀតណាម ដោយចិនសោះឡើយ! ។

ក្នុងបណ្តាឆ្នាំ១៩៨០ ប្រមុខដឹកនាំរបស់កូរ៉េខាងជើង បានប្រកាសទាមទារ អោយវៀតណាម ដកកងទ័ពចេញអស់ពីកម្ពុជា! ពិសេសជាងនេះទៅទៀត ក្នុងបណ្តាកិច្ចប្រជុំ របស់ចលនាមិនចូលបក្សសម្ព័ន្ធ កូរ៉េខាងជើង បានទាមទារ អោយកម្ពុជាប្រជាធិបតេយ្យ ជាតំណាងស្របច្បាប់ នៅក្នុងអង្គការនេះ ហើយកូរ៉េខាងជើង រហូតដល់មានគំនិត ចង់បណ្តេញវៀតណាម ចេញពីអង្គការ មិនចូលបក្សសម្ព័ន្ធ នេះទៀតផងដោយបញ្ហាបន្តកាន់កាប់កម្ពុជា! ។

បន្ទាប់ពីវៀតណាម ដកទ័ពចេញពីកម្ពុជា ឧបសគ្គក្នុងទំនាក់ទំនង រវាងកូរ៉េខាងជើង និងវៀតណាម ត្រូវបានលុបចោល ហើយកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង កូរ៉េខាងជើង និងវៀតណាម ត្រូវបានស្តារឡើងវិញ! ។

ដោយអំណាចអរិភាពខ្លាំងក្លា របស់ក្រុងព្យុងយ៉ាង មកលើក្រុង Seoul ខ្លាំងពេក បានធ្វើអោយវៀតណាម ហាក់បីដូចជា មិនឯកភាពនិងគាំទ្រនូវបណ្តាវិធានការ ដែលព្យុងយ៉ាង ប្រឆាំងទៅនិងក្រុង Seoul! ។ ទន្ទឹមនេះ ក្រុង ហាណូយ ចាប់ផ្តើមមើលឃើញ កូរ៉េខាងត្បូង ជាដៃគូរសេដ្ឋកិច្ច និងជាមិត្តគំរូដ៏ល្អ ដែរពោពេញទៅដោយ សក្តានុពលសំរាប់ គោនយោបាយ Doi Moi របស់រៀតណាមក្នុងទស្សវត្សន៍ទី៩០! ។

បន្ទាប់ពីសាធារណរដ្ឋ ប្រជាមានិតចិន បង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋកូរ៉េ នាខែសីហា ១៩៩២មក ក្រុង Hanoi ក៏ចេញសេចក្តីប្រកាសរួម បង្កើតទំនាក់ទំនង ការទូត ជាមួយសាធារដ្ឋកូរ៉េ ជាផ្លូវការណ៍ នៅថ្ងៃ ២២ ធ្នូ ១៩៩២ផងដែរ! ។

ចាប់ពីពេលនោះមក ទំនាក់ទំនងវៀតណាម និងស.ប.ប កូរ៉េ ឈានចូលដំណាក់កាល នៃបរិបទថ្មីមួយ បន្ទាប់មកក៏បានក្លាយទៅជាទំនាក់ទំនងត្រីភាគី រួមមានតាំងសាធារណរដ្ឋកូរ៉េមួយផង! កម្ពុជាពេលនោះក៏ចប់សង្គ្រាម នៅឆ្នាំ១៩៩២ ក្រោយពីមានកិច្ចព្រមព្រៀងប៉ារីស! ពេលនោះហើយ ដែលកម្ពុជា វៀតណាម កូរ៉េទាំងពីរ បានឈានចូល បរិបទថ្មីមួយនៃសករាជ សន្តិភាព និងការអភិវឌ្ឍន៍រហូតដល់ពេលនេះ! ។

ក្រោយពីមាន គោលនយោបាយឈ្នះឈ្នះ និងភាពគតិបណ្ឌិតរបស់សម្ដេតេជោហ៊ុន សែន កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ នៅ ខែឧសភា ឆ្នាំ១៩៩៦នេះទៅ៕

សិក្សាស្រាវជ្រាវ ដោយលោកហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ និង ហ្វីលីពីន !

Facebook Comments

To Top