ព័ត៌មានជាតិ

ឱតុលាការអើយ! ខ្លោចចិត្ត ស្រ្តីម្នាក់ ជាប់ពន្ធនាគារ ១៦៥ឆ្នាំ និងមានកូនតូច នៅជាមួយ

ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា លោក កែវ​ រ៉េមី បានសម្តែងក្តីអណិតអាសូរ ជាពន់ពេកក្រៃ កាលបើដឹងថា ស្រ្តីខ្មែរម្នាក់ ជាប់ពន្ធនាគារ រហូតដល់ទៅ១៦៥ឆ្នាំ ដោយសារតែមានទោសបូកផ្សំ តែអ្វីដែលជាក្តីសោកសង្រេងនោះ គឺស្រី្តរូបនោះ មានកូនតូច នៅជាប់នឹងខ្លួនថែមទៀត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក មេសិទ្ធិមនុស្សរូបនេះ បានចែករំលែក អារម្មណ៍ពិតរបស់ខ្លួន ក្រោយពីចុះសួរសុខទុក្ខ នៅមណ្ឌលអប់រំកែប្រែ ម២ មក។

លោក កែវ រ៉េមី បានលើកឡើងថា “យើងបានឃើញស្រ្តីម្នាក់​ ជាប់ឃុំ ដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នា សរុបរហូតដល់ជាប់ទោស១៦៥ ឆ្នាំ។ អ្វីដែលសំខាន់គឺ បញ្ហាកូននៅជាមួយ។ ខ្ញុំពិតជាអាណិត និង រន្ធត់ក្នុងចិត្តខ្លាំងណាស់ ដែលចាំបាច់ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារ និងចំណេះ ដល់ក្មេងបាន”។

លោក កែវ រ៉េមី ដែលខិតខំលើកស្ទួយការគោរពសិទ្ធិមនុស្ស នៅកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការដល់ លោកស្រី ឈូក សីហា នាយិការនៃអង្គការ “ ការអភិវឌ្ឍន៍កុមារកម្ពុជា”ដែលស្ម័គ្រចិត្តទទួលយកក្មេងនោះ ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអរគុណផងដែរ ដល់មន្ត្រី ថ្នាក់ដឹកនាំទាំងអស់នៅក្នុង ម២ និងសហការីរបស់លោក ដែលបានខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានេះ ដោយមានប្រសិទ្ធិភាព។

អ្វីដែលសាធារណជន ចាប់អារម្មណ៍ នៅក្នុងការបញ្ហានេះ នៅត្រង់ថា តើតុលាការ ប្រើឆន្ទានុសិទ្ធរបស់ខ្លួន ហួសពេកប្រមាណ ហេតុអ្វីមិនផ្តន្ទាទោស ត្រឹមតែទោសណាដែលធំជាងគេ និងហេតុអ្វីចាំបាច់ សរុបយ៉ាងដូច្នេះ? ចំណោទសួរថា តើលោកចៅក្រម មានសន្តានបេះដូងជាមនុស្សដែររឺទេ?

យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានសូមអំពាវនាវដល់មាតាបិតា កុំប្រព្រឹត្តិល្មើសនឹងច្បាប់ ដែលធ្វើអោយប៉ះពាល់ដល់អនាគតកូន និង សូមអំពាវនាវដល់សប្បុរសជន បើមានបំណង ចង់ជួយដល់អង្គការនេះ អាចទាក់ទងលេខ 012259651៕

ដោយៈ សុជាតា

Facebook Comments

To Top