ព័ត៌មានជាតិ

លោក គួច ចំរើន ប្ដេជ្ញា ១៣ចំណុច នៅចំពោះមុខសម្ដេច ស ខេង ដើម្បីស្ដារមុខមាត់ ខេត្តព្រះសីហនុ ឡើងវិញ

ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើននាក់ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម និងជាអភិបាលខេត្តព្រះសីហនុថ្មី បានប្ដេជ្ញា ១៣ចំណុច ដើម្បីស្ដារមុខមាត់ ខេត្តព្រះសីហនុឡើងវិញ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ។

ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គួច ចំរើន បានបញ្ជាក់ថា «ដើម្បីជាសក្ខីភាពឆ្លើយតប នឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ ប្រកបដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាត ធ្វើការប្តេជ្ញាចិត្តនូវចំណុចសំខាន់ ១៣ចំណុច» ។

ការប្ដេជ្ញាចិត្តរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មីទាំង ១៣ចំណុចនោះ រួមមានដូចខាងក្រោម៖

-ទី១ ប្តេជ្ញាខិតខំអនុវត្តឲ្យ បានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យ មានប្រសិទ្ធភាពខ្ពស់ ។

-ទី២ ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

-ទី៣ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័ននានាឲ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាពក្នុងការបំពេញភារកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

-ទី៤ បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ទាំងឡាយដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុវត្តន៍តាម អនុសាសន៍សម្តេចតេជោ «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង» ។

-ទី៥៖ យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអ សោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួម ប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅ ប្រកបដោយវិបុលភាព ផាសុកភាព សុខុមាលភាព ជូនប្រជាជនទូទាំងខេត្ត ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

-ទី៦ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ។

-ទី៧ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែ ទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ និងផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តបន្ទាប់ឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន ។

-ទី៨ ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាល បង្កើតទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍ លើកកំពស់សមត្ថភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាឱ្យរដ្ឋបាលខេត្ត អនុវត្តមានភាពរលូន ។។

-ទី៩ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្មករចំណាកស្រុកឱ្យ បានច្បាស់លាស់ ។

-ទី១០ ចូលរួមសហប្រត្តិការអនុវត្ត សេចក្តីសម្រេចស្តីពីការបង្កើត គណៈកម្មាការត្រួតពិនិត្យ គុណភាពសំណង់ នៅខេត្តព្រះសីហនុ សំដៅត្រួតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈសម្បត្តិ របស់ក្រុមទទួលម៉ៅការសាងសង់ ។

-ទី១១ ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូន បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។

-ទី១២ សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។

-ទី១៣ ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

Facebook Comments

To Top