កីឡា

ព្រឹត្តិការណ៍កីឡា ហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ី-អាគ្នេយ៍ លើកទី៤៣ ជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហពន្ធ័ខ្មែរកីឡា ហែលទឹកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាហែល ទឹកជ្រើសរើសជើងឯក យុវជនអាស៊ី-អាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩នេះ ជាប្រវត្តិសាស្ត្រលើកទី១ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតលក្ខណៈអន្តរជាតិបែបនេះ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ១៩៦៦ ។

ក្នុងពិធីអញ្ជើញបើកការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ីអា-គ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ២៨ មិថុនា លោក ស៊ុន ចាន់ថុល បានថ្លែងថា នេះគឺជាឱកាសដ៏មហាប្រពៃ ប្រកបដោយមោទកភាពនិងសេចក្ដី រំភើបរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួត ។

លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសហព័ន្ធខ្មែរកីឡាហែលទឹក ពិតជាមានសេចក្តី សោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រតិភូដឹកនាំក្រុមកីឡាហែលទឹក ដែលបានមកស្នាក់នៅ និងចូលរួមការប្រកួតកីឡាហែលទឹកនេះ។

ទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ព្រឹត្តិការណ៍ថ្ងៃនេះ ជាប្រវត្តិសាស្ត្រលើកទី១ របស់សហព័ន្ធខ្មែរកីឡាហែលទឹកដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតមានលក្ខណៈអន្តរជាតិបែបនេះ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ១៩៦៦ ដែលពេលនោះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កីឡា Games Ganefo អាស៊ីលើកទី១ ។ ហេតុដូច្នេះ ខ្ញុំសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះការខ្វះខាតក្នុងការរៀបចំ និងការទទួលបដិសណ្ឋារកិច្ច ក្នុងកំឡុងពេលនៃការប្រកួត និងការស្នាក់នៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា សហព័ន្ធនឹងអាចរៀនសូត្របានច្រើនពីការរៀបចំនេះផងដែរ”។

សូមបញ្ជាក់ដែរថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ដែលមានសមាជិកមកពី១០ប្រទេសចូលរួមក្នុងប្រកួតប្រជែងគ្នានៅលើទឹកដីកម្ពុជាមានដូចជា ៖ ប្រទេសហ្វីលីពីន , សិង្ហបុរី , ថៃ , វៀតណាម , ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី , ព្រុយណេ , មីយ៉ាន់ម៉ា , ឡាវនិងកម្ពុជា ដែលមានប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុប៤០៨នាក់ ក្នុងនោះកីឡាករសរុបមាន ១៦៨នាក់ កីឡាការិនីសរុប ១៤៩នាក់ គ្រូបង្វឹក ៧៨នាក់ និងអាណាព្យាបាល១៣នាក់ផងដែរ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top