អន្តរជាតិ

រដ្ឋមន្រ្តីការបរទេស ជប៉ុនថា ក្រុមហ៊ុនជប៉ុន ចាប់ផ្តើមដកការរកស៊ីចេញ ពីអង់គ្លេស

បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានថ្លែងថា រដ្ឋាភិបាលទីក្រុងតូក្យូមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេណារីយ៉ូ គ្មានការព្រមព្រៀងមួយ ចំពោះការដកខ្លួន របស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប ដោយលោកបន្ថែមថា សេណារីយ៉ូបែបនេះ នឹងមានផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមហ៊ុនជប៉ុននៅក្នុងចក្រភពអង់គ្លេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកការទូតជាន់ខ្ពស់ ជប៉ុនលោកកូណូបានប្រាប់ BBC នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនមួយចំនួននៅក្នុង ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការ នៃការផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនចេញ ពីចក្រភពអង់គ្លេសទៅ ប្រទេសដទៃទៀតនៅទ្វីប អឺរ៉ុប។

មន្ត្រីរូបនេះ បានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ទៅលើឧស្សាហកម្ម ផលិតរថយន្ត ដោយខ្លាចថា វាអាចជាប់គាំងនៅក្នុងករណី នៃការត្រួតពិនិត្យគយ។ លោកក៏បានព្រមានបេក្ខជន ប្រកួតប្រជែងដើម្បីជំនួសលោកស្រី Theresa May ថាការវិនិយោគរបស់ជប៉ុន នឹងចាកចេញពី ចក្រភពអង់គ្លេសបន្ទាប់ពីការដកខ្លួន ចេញពីសហភាពអឺរ៉ុប ដោយគ្មាន កិច្ចព្រមព្រៀង។

យោងតាម លោក កូណូ គឺថា រដ្ឋាភិបាលទីក្រុងតូក្យូបានស្នើសុំឱ្យរដ្ឋាភិបាល ចក្រភពអង់គ្លេសបញ្ជាក់ អំពីផលប៉ះពាល់របស់ Brexit លើក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអង់គ្លេស៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top