កីឡា

រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាជំរុញវិស័យកីឡា ប្រណាំងកង់ កាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣

ភ្នំពេញ៖ នាឱកាសចូលកាន់តំណែង ជាប្រធានសហព័ន្ធខ្មែរកីឡា ទោចក្រយាន ក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានប្តេជ្ញាពង្រឹង កិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងលោកគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន សំដៅឈានឆ្ពោះ ទៅដណ្តើមជ័យជម្នះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងមហាសន្និបាតវិសាមញ្ញ សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការអញ្ជើញជាគណៈអធិបតីភាពពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស ១, មេដាយប្រាក់ ១ និងពានរង្វាន់កិត្តិយសជាច្រើន។

លោកបន្តថា វិស័យកីឡាប្រណាំងកង់បច្ចុប្បន្ន គឺត្រូវការកម្រិតអាជីព និងជំនាញខ្ពស់ណាស់ គឺមិនត្រឹមតែកីឡាករ កីឡាការិនី មានសមត្ថភាពខ្ពស់ទេ សូម្បីកង់ប្រណាំងក៏ត្រូវតែផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ទើប អាចដណ្តើមយកជ័យជម្នះ នៅក្នុងការប្រកួតបាន។ កាលណា កង់កាន់តែទំនើប និងកាន់តែងាយស្រួល តម្លៃរបស់វាក៏កាន់តែថ្លៃផងដែរ។

គួររំលឹកដែរថា តាមរយៈការដាក់ចេញនូវនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ជួបនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ ព្រមទាំងមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលបង្កើតបានជាកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការពង្រីកមូលដ្ឋានកំណើន និងការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top