នយោបាយ

លោក សាយ សំអាល់ស្នើ USAID បន្តកិច្ចសហការគាំទ្រ ជាមួយក្រសួងបរិស្ថាន លើការការពារ ធម្មជាតិព្រៃឡង់

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យអង្គ USAID បន្តកិច្ចសហការគាំទ្រ ជាមួយក្រសួងបរិស្ថាន ការពារតំបន់ ការពារធម្មជាតិកម្ពុជា ជាពិសេសតំបន់ ការពារធម្មជាតិព្រៃឡង់ ។

ក្នុងជំនួបពិភាក្សា ការងារជាមួយលោក ស្រី Rebecca black ប្រធានក្រុមបេសកម្ម នៃអង្គការUSAID កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩លោក សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានលោកស្រី និងក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជាបានសហការ និងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចេរភាព ។

លោកបន្តថា “សំណូមពរដោយអង្គUSAID សូមបន្តនូវកិច្ចសហការគាំទ្រ ជាមួយក្រសួងបរិស្ថានលើ ការការពារតំបន់ ការពារធម្មជាតិកម្ពុជា ជាពិសេសតំបន់ការពារធម្មជាតិ ព្រៃឡង់និងបន្តចុះបញ្ជីរ ដីសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ ការគិតគូរពីជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវជំនាញវិជ្ជាជីវៈនានា សមស្របនឹងមូលដ្ឋាននោះ ហើយនិងការបញ្ជ្រាប និងជំរុញការអប់រំសហគមន៍មូលដ្ឋានលើចំណេះដឹងស្តីពីបរិស្ថាន ជាពិសេសកុមារតូចៗ និង យុវជនបន្តវេន” ។

ក្នុងឱកាសនោះដែរ លោកស្រី Rebecca black ប្រធានក្រុមបេសកកម្ម នៃអង្គការUSAID បានមានប្រសាសន៍ផងដែរថា សូមសំដែងនូវអំណរគុណ ចំពោះកិច្ចសហការយ៉ាងល្អលើវិស័យបរិស្ថាន រវាងអង្គការUSAID និងក្រសួងបរិស្ថាននាពេលកន្លងមក និងសូមការអនុញ្ញាតសិក្សា ស្វែងយល់បន្ថែមទៀត លើការងារគ្រប់គ្រងធនធានបរិស្ថាន របស់ក្រសួងក្នុងរយះពេល នៃបេសកកម្មរបស់លោកស្រី ៕

Facebook Comments

To Top