នយោបាយ

សម្តេច ហេង សំរិន ៖ បក្សប្រជាជនកម្ពុជា តាំងពីបដិសន្ធិ រហូតដល់បច្ចុប្បន្ន ប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិឈរ ខាងប្រជាជន

ភ្នំពេញ ៖ ខណៈគណបក្ស ប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្ស នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា និងជាបុគ្គលសំខាន់មួយរូប ក្នុងការចូលបង្កើត បានមានប្រសាសន៍ថា ចាប់តាំងពីពេលបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំង ប្រជាជាតិទាំងមូល។

សម្ដេចបានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ថា ថ្ងៃ២៨ មិថុនា ស្អែកនេះ ជាថ្ងៃខួប៦៨ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាបានប្រសូត្រឡើង។ គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។

សម្ដេចបន្តថា “ចាប់តាំងពីពេលបដិសន្ធិ រហូតមកដល់បច្ចុប្បន្នគណបក្ស បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម”។

សម្ដេច ហេង សំរិន បានឲ្យដឹងបន្ថែមទៀតថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយ ប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយនោះ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top