នយោបាយ

ម៉ាឡេស៊ី ស្នើសុំកិច្ចសហការ ៤ចំណុច ពីកម្ពុជាទាក់ទងវិស័យទេសចរណ៍

ភ្នំពេញ៖រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា លោកអ៊ែលឌីន ហ៊ូសៃនី ប៊ីនម៉ូដាស៊ីម (Eldeen Husaini BINMOHDHASHIM) បានស្នើសុំកិច្ចសហការ ពីកម្ពុជា ចំនួន៤ចំណុច ទាក់ទងនឹងវិស័យទេសចរណ៍ ដើម្បីពង្រឹងវិស័យ ទេសចរណ៍កម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែមានភាពស្និទស្នាលគ្នា បន្ថែមទៀត ។

ក្នុងជំនួបជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកអ៊ែលឌីន ហ៊ូសៃនី ប៊ីនម៉ូដាស៊ីមបានថ្លែងថា “ខ្ញុំសូមស្នើសុំកិច្ចសហការ ពីភាគីកម្ពុជា៤ចំណុចរួមមាន៖
ទី១-ការជំរុញវិស័យ ទេសចរណ៍សុខាភិបាល ដោយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យទៅពិនិត្យព្យាបាលជំងឺ ភ្ជាប់ជាមួយដំណើរទេសចរណ៍ (ដោយម៉ាឡេស៊ី នឹងផ្ដល់ជូននូវតម្លៃពិសេស) ទី២-ការជំរុញទេសចរណ៍វាយកូនគោល (Golf Tourism) ដោយកីឡាប្រភេទនេះ មានការពេញនិយមខ្លាំងនៅម៉ាឡេស៊ី ហើយម៉ាឡេស៊ីក៏ចាប់អារម្មណ៍ការ និយមលេងនៅកម្ពុជាផងដែរ។ ទី៣,រៀបចំពិធីពិព័រណ៍ម្ហូបអាហារ បែបមូស្លីមនៅកម្ពុជា ឬហៅថា Food Festivalនិង
ទី៤ ស្នើឲ្យកម្ពុជា បង្កើនការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាម៉ាឡេស៊ី ដើម្បីបំពេញតម្រូវទីផ្សារ និងការរៀបចំសេវាកម្មម្ហូបអាហារហាឡាល់”។
កម្ពុជា-ម៉ាឡេស៊ី បានឯកភាព បង្កើតក្រុមការងារពិសេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីរៀបចំអនុស្សារណៈ នៃការយោគយល់គ្នា ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមាន៖ ការផ្លាស់ព័ត៌មានទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការជំរុញការបណ្ដុះបណ្ដាធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។

ជាការឆ្លើយតបលោកថោង ខុនក៏បានគាំទ្រ និងឯកភាពចំពោះសំណើ។ ហើយលោក ក៏បានអញ្ជើញ ភាគីម៉ាឡេស៊ី ចូលរួមសន្និសីទស្តីពីម្ហូបអាហារ (Conference on Gastronomy) ដែលនឹងធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខហើយលោកក៏បានលើកឡើងពីបំណងរៀបចំ ឱ្យមានដំណើរកម្សាន្តឆ្លងដែនតាមម៉ូតូ ដែលជាផលិតផល ទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចផ្ដល់ផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ដោយអាចធ្វើដំណើរឆ្លងពីកម្ពុជាទៅថៃ ហើយបន្តទៅកាន់ម៉ាឡេស៊ីផងដែរ។

សូមបញ្ជាក់ថាកម្ពុជា-ម៉ាឡេស៊ី នឹងរៀបចំអនុស្សរណៈលើវិស័យទេសចរណ៍ ដើម្បីត្រៀមចុះហត្ថលេខា ពេលនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីអញ្ជើញ មកទស្សនកិច្ចនៅកម្ពុជានៅចុងឆ្នាំនេះ។កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបាន ទេសចរម៉ាឡេស៊ីជាង២០ម៉ឺននាក់ កើនឡើង ១២.២% ហើយក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលទេសចរម៉ាឡេស៊ីប្រមាណជាង ៦.៥ម៉ឺននាក់៕ដោយ៖ធី លីថូ

Facebook Comments

To Top