ព័ត៌មានជាតិ

KW Cambodia ជ្រើសរើសខណ្ឌសែនសុខ គឺជាសាខាកូនពៅនៅភ្នំពេញ ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីរបស់អាមេរិកនៅកម្ពុជា Keller Williams Cambodia(KW Cambodia) បានប្រកាសចុះកិច្ចព្រមព្រៀង លក់សិទ្ធិអាជីវកម្មឲ្យម្ចាស់អាជីវកម្ម សម្រាប់សាខាខណ្ឌសែនសុខ មួយទៀតហើយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុន KW Cambodia និងលោក សំ សុខនឿន នាយកប្រតិបត្តិសាខា KW Cambodia-ខណ្ឌសែនសុខ ។

លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា ខណ្ឌសែនសុខនេះ គឺជាសាខាទី៤ ដែលក្រុមហ៊ុនខ្លួនបានលក់សិទ្ធិអាជីវកម្ម បន្ទាប់ពីខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌទួលគោក ហើយក៏ជាសាខាកូនពៅ ប្រចាំរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩ នេះដែរ ព្រោះចាប់ពីនេះទៅ ក្រុមហ៊ុនឈប់ប្រកាសលក់ សិទ្ធអាជីវកម្មដល់ខណ្ឌផ្សេងៗ នៅឡើយតែតាមបណ្ដាខេត្ត ដែលក្រុមហ៊ុនគ្រោងបង្កើត សាខាក្នុងខេត្តចំនួន ២ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង ។

លោកបន្ដថា «គោលដៅយើង ក្នុងឆ្នាំ២០១៩ យើងមាន ៤សាខា គឺចប់ ។ ចឹងចាប់ពីខែ៧ ដល់ខែ១២ យើងនឹងមិនបើកសាខាណាទាំងអស់ ក្នុងរាជធានីភ្នំពេញ តែយើងរំពឹងថា ចុងឆ្នាំនេះ យើងអាចបើកសាខានៅបាត់ដំបង ឬសៀមរាប ។ នេះគឺជាគោលដៅធំរបស់យើង ។ ចូលឆ្នាំ២០២០ បើសិនជាអាច យើងអាចបើកសាខា នៅខណ្ឌចម្ការមន ឬ ៧មករា ព្រោះខណ្ឌដូនពេញ ចម្ការមន ៧មករា និងបឹងកេងកង នៅជិតគ្នាពេក ចឹងបើបើក គឺបើកមួយសិន» ។

ទន្ទឹមជាមួយគ្នាលោក សំ សុខនឿន បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយទទួលបានសិទ្ធិអាជីវកម្ម ពីក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ ។ លោកថា KW Cambodia គឺជាក្រុមហ៊ុនស្ដង់ដារអន្ដរជាតិ និងមានសមាជិកច្រើនលើពិភពលោក ។ ដូច្នេះការទទួលបានសិទ្ធិធ្វើម្ចាស់ អាជីវកម្មប្រចាំខណ្ឌសែនសុខ លោករំពឹងថា នឹងជំរុញអាជីវកម្មរបស់ខ្លួនឲ្យ កាន់តែជោគជ័យថែមទៀត ស្របពេលខណ្ឌសែនសុខ ដែលកំពុងមានសក្ដានុពលខ្លាំង ផ្នែកដីធ្លីនាពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា ដើម្បីទទួលបានធ្វើសិទ្ធ អាជីវកម្មពិសេសពី KW Cambodia ត្រូវមានលក្ខខណ្ឌមួយចំនួន ពិសេសគឺត្រូវមានអាជីពផ្នែកដីធ្លី ដោយយករបរដីធ្លីជាអាជីព ឬជាអាយុជីវិតរបស់ខ្លួន ។ មួយទៀត ត្រូវមានក្រុមការងារជំនាញដីធ្លីយ៉ាងហោច ៣០នាក់ឡើង ហើយមានធនធានមួយចំនួន អាចទទួលយកបាន ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន ហើយក៏ត្រូវមានបទពិសោធន៍យ៉ាងហោច ៣ឆ្នាំ ក្នុងវិស័យដ៏មានសក្ដានុពលនេះផងដែរ ៕

Facebook Comments

To Top