នយោបាយ

លោកស្រី មូរ សុខហួរ ៖ យើងមក EU មិនមែនទាមទារ ឲ្យកាត់ផ្តាច់ EBA ចេញពីកម្ពុជាទេ

ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលបានឮចេញពីលោកស្រី មូរ សុខហួរ អតីតអនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលបាននិយាយថា ការដែលគណៈប្រតិភូ មកសហភាពអឺរ៉ុប(EU) មិនមែនក្នុងគោលបំណង ឲ្យសហគមន៍អន្តរជាតិមួយនេះ ដែលមានសមាជិកជាច្រើនប្រទេស នៅក្រោមការគ្រប់គ្រងខ្លួន ដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ (EBA) ចេញពីកម្ពុជានោះទេ គឺស្នើឲ្យគេរក្សាEBA ប៉ុណ្ណោះ ។

កន្លងមកទាំងលោក សម រង្ស៊ី និងមន្រ្តីរបស់លោកជាច្រើននាក់ តែងតែលើកជាសំណូមពរ ឲ្យភាគីអន្តរជាតិនានា ដាក់សម្ពាធមកលើ រាជរដ្ឋាភិបាល ជាពិសេសដក EBA ដើម្បីជាថ្នូរនឹងការដោះលែង លោក កឹម សុខា។

លោកស្រី មូរ សុហួរ បានលើកឡើង មុនចូលរួមកិច្ចប្រជុំ នៅសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ថា អ្វីដែលលោកស្រី លោក សម រង្ស៊ី និងសហការីមួយចំនួន ទៅទីក្រុងប្រ៊ុចស៊ែល ដើម្បីទាមទារឲ្យ មានការដោះលែងលោក កឹម សុខា ទាមទារឲ្យមានសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ ទាមទារឲ្យមានលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធមនុស្សជាដើម។

ប៉ុន្តែលោកស្រីបញ្ជាក់បន្ថែមថា “បញ្ហាទាំងអស់ខាងលើនេះ គឺជាលក្ខខណ្ឌដែរ យើងទាមទារទៅកាន់ សហភាពអឺរ៉ុប ដើម្បីកុំឲ្យដកការអនុគ្រោះពន្ធ EBA ពីកម្ពុជា ។ ដូច្នេះសូមបញ្ជាក់ថា សូមបងប្អូនមានជំនឿ លើគណបក្សសង្គ្រោះជាតិ ហើយយើងការពារប្រជាពលរដ្ឋ ដូចជាកម្មករ-កម្មការិនី កសិករ រស់នៅដោយជីវភាពថ្លៃថ្នូរ ហើយមានការងារធ្វើ និងមានទីផ្សារនៅសហភាពអឺរ៉ុប” ។

លោកស្រីអះអាងទៀតថា “យើងមកនេះ មិនមកទាមទារឲ្យដក EBA ទេ សុំស្តាប់ឲ្យច្បាស់ គឺយើងទាមទារឲ្យដោះលែង លោក កឹម សុខា ទាមទារឲ្យមានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងទាមទារឲ្យសហជីពទាំងឡាយ មានសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមលទ្ធិប្រជាធិបតេយ្យ” ។

ដោយឡែកលោក សម រង្ស៊ីវិញ បានថ្លែងថា ដើម្បីរក្សាប្រព័ន្ធ EBA និងរក្សាការងារ ឲ្យកម្មករខ្មែររាប់សែននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ត្រូវតែដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ។

លោកបន្ថែមថា ក្រៅពីការទាមទារឲ្យដោះលែង លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ដំណើរការវិញ គឺទាមទារឲ្យមានលទ្ធិប្រជាធិតេយ្យ ព្រោះប្រជាជនកម្ពុជា ចង់បានគណបក្សសង្គ្រោះជាតិ ចូលប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាច។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈាន ទៅរកការព្យួរនាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

គួររំលឹកថា ប្រទេសដែលទទួលបានការ អនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន ៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ៕ ដោយ៖ ស សំណាង

Facebook Comments

To Top