នយោបាយ

សម្តេច ស ខេង ៖ មិនត្រូវមើលស្រាល សកម្មភាព ក្រុមប្រឆាំង ពីខាងក្រៅឡើយ (មានវីដេអូ)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវក្តាប់សភាពការណ៍ឲ្យជាប់ ដោយមិនត្រូវមើលស្រាល ចំពោះជនមួយក្រុម ដែលកំពុងធ្វើសកម្មភាព ពីក្រៅប្រទេសមក ក្នុងគោលបំណងមកផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្នលោក សម រង្ស៊ី និងកូនចៅជំនិត របស់លោកមួយចំនួន កំពុងតែមានសកម្មភាព នៅក្រៅប្រទេស ដើម្បីរិះរកវិធីសាស្រ្តគៀបសង្កត់ មកលើរាជរដ្ឋាភិបាលកម្ពុជា។

សម្តេច ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានលើកឡើងថា ចំពោះសកម្មភាពរបស់ក្រុមប្រឆាំង គឺត្រូវយកចិត្តទុកដាក់ និងដោះស្រាយ ។ ក្នុងន័យនេះ សម្តេចថា ព្រោះសកម្មភាពប្រឆាំង របស់ពួកគេកើតមានឡើងជាច្រើន ដងមកហើយ នៅកន្លែងផ្សេងគ្នា ដូចជាការជួបជុំគ្នាហូបបញ្ចុក ឬហូបម្ហូបអាហារផ្សេង តែធាតុពិត គឺជាការជួបជុំផ្នែកនយោបាយរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ដើម្បីរកវិធីសាស្រ្តមកផ្តួលរាជរដ្ឋាភិបាលស្របច្បាប់។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេច ស ខេង បានឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវចុះពន្យល់ពលរដ្ឋដើម្បីជៀសវាងឲ្យពួកគាត់យល់ច្រឡំ ហើយចូលរួមសកម្មភាពនេះ ដែលធ្វើឲ្យប៉ះពាល់ស្ថានភាព សង្គមនាពេលបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា “ជាមូលដ្ឋានយើងមានស្ថេរភាព នយោបាយ ក៏ប៉ុន្តែយើងក៏បានដឹងហើយថា បច្ចុប្បន្ននេះ មានក្រុមនៅក្រៅច្បាប់ ព្រោះថាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយអ្នកដឹកនាំមួយចំនួន ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ ប៉ុន្តែទោះបីយ៉ាងនេះ ក៏ដោយក៏មានអ្នកមួយចំនួននោះ នៅតែបន្តធ្វើសកម្មភាពពីខាងក្រៅមក ដើម្បីទាក់ថ្ពក់អ្នកនៅខាងក្នុង ក្នុងគោលបំណងប៉ុនប៉ង ដើម្បីបំផុតឲ្យមានចលាចល ឈានដល់ផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចបន្តថា “តាមរយៈសកម្មភាពរបស់ក្រុមប្រឆាំង នៅខាងក្រៅបានធ្វើឲ្យប៉ះពាល់ដល់ ស្ថេរភាពនយោបាយនៅកម្ពុជា ។ ដូច្នេះយើងមិនត្រូវមើលងាយបញ្ហា ចំពោះសកម្មភាពរបស់ក្រុមប្រឆាំង នៅក្រៅប្រទេសស្រាលនោះទេ ។ យើងក៏មិនត្រូវចាត់ទុកបញ្ហានេះ ជាបញ្ហាដ៏ស្មុគស្មាញនោះទេ គឺយើងត្រូវបានប្រកាន់ជំហរមួយដ៏រឹងមាំ ក្នុងការរក្សាស្ថេរភាពនយោបាយ និងមានវិធានការឲ្យស្របតាមច្បាប់ជាធរមាន” ។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីមហាផ្ទៃ បានលើកទឹកចិត្តសម្រាប់ការចូលរួម ដើម្បីអនុវត្តរបបនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជារបបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីពង្រឹងនិងកសាងលទ្ធិប្រជាធិបតេយ្យ ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឲ្យអភិបាលខេត្តព្រះវិហារថ្មី បន្តរក្សាសន្តិភាពស្ថេរភាព និងសន្តិសុខ ទោះបីជាបច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាពក្តី ៕

ដោយ ស សំណាង

Facebook Comments

To Top