នយោបាយ

លោកស្រី មូរ សុខហួរ ៖ សមាជិកសភា EU៦រូប នឹងអមដំណើរ ជាមួយលោក សម រង្ស៊ី មកកម្ពុជា

ភ្នំពេញ ៖ អតីតមន្រ្ តីគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានលើកឡើងថា រហូតមកដល់ពេលនេះ មានសមាជិករដ្ឋសភា របស់សហភាពអឺរ៉ុប(EU) ចំនួន៦រូបហើយដែលបានប្រកាសថា នឹងអមដំណើរជាមួយលោក សម រង្ស៊ី ត្រឡប់មកស្រុកខ្មែរវិញ នាពេលឆាប់ៗខាងមុខនេះ។

លោកស្រី មូរ សុខហួរ បានលើកឡើងក្នុងឱកាស ចូលរួមប្រជុំមួយក្នុងសភាអឺរ៉ុប ជាមួយលោក សម រង្ស៊ី និងភរិយាលោក សម រង្ស៊ី នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពីនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ថា “ មកដល់ពេលនេះមានសមាជិករដ្ឋសភា សហភាពអឺរ៉ុប ចំនួន៦រូបហើយ ដែលបានបញ្ជាក់ពីការចូលរួមដំណើរមាតុភូមិនិវត្តន៍ ជាមួយលោកប្រធានស្តីទី សម រង្ស៊ី និងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផ្សេងៗទៀត ក្នុងពេលឆាប់ៗនេះ” ។

សមាជិកសភា EU ម្នាក់ក្នុងចំណោម៦នាក់ ដែលថា នឹងអមដំណើរមកនោះ ដែលមកពីប្រទេសអេស្ប៉ាញ តាមរយៈការបកប្រែជាភាសាខ្មែរ របស់លោកស្រី មូរ សុខហួរ បានថ្លែងថា “ខ្ញុំមានការអាណិតប្រជាពលរដ្ឋកម្ពុជា ខ្ញុំត្រូវតែទៅជាមួយមិត្តរបស់ខ្ញុំ ទៅប្រទេសកម្ពុជា។ នៅក្នុងប្លុកថ្មី ដែលទើបតែបោះឆ្នោតនៅសភាអឺរ៉ុបនេះ គឺខាងប្រជាធិបតេយ្យសេរីនិយម គឺពួកខ្ញុំបានឈ្នះ ហើយខ្ញុំនឹងរក្សានូវអ្វី ដែលជាជំហរនៃក្រុមរបស់ខ្ញុំ ដើម្បីទាមទារឲ្យមានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”៕

Facebook Comments

To Top