ជីវប្រវត្តិឥស្សរជន

តើប្រទេសណាខ្លះ ដែលបានចូលរួម ក្នុងសង្គ្រាមវៀតណាម?

សង្រ្គាមវៀតណាម ត្រូវបានគេមើលឃើញថា ជាសង្រ្គាមស៊ីវិល រវាងភាគវៀតណាមខាងជើង កុម្មុយនិស្ត និងវៀតណាមភាគខាងត្បូង ដែលនិយមខាងលោកខាងលិច។ ប៉ុន្តែប្រជាជនវៀតណាម មិនបានធ្វើការប្រយុទ្ធទាំងអស់នោះទេ។ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត បានធ្វើអន្តរាគមន៍ រុញច្រានភាគីទាំងសងខាង ជាពិសេសគឺវៀតណាមខាងត្បូង ដោយកងទ័ព សព្វាវុធ និងគ្រឿងផ្គត់ផ្គង់ ដោយបានចាប់ផ្តើមជាការបះបោរ របស់ទ័ពព្រៃតូចៗ ឱ្យចូលទៅក្នុងជំលោះ សម័យសង្គ្រាមត្រជាក់។

យោងតាមសារគេហទំព័រ HISTORY គឺបានផ្សាយថា មានប្រទេសជាច្រើន ដែលបានចូលពាក់ព័ន្ធនៅក្នុងសង្គ្រាមនេះ។ ប្រទេសទាំងនោះ រួមមាន ប្រទេសបារាំង សហរដ្ឋអាមេរិក ចិន សហភាពសូវៀត ឡាវ កម្ពុជា កូរ៉េខាងត្បូង និងប្រទេសសម្ព័ន្ធអាមេរិក រួមទាំងវៀតណាមផ្ទាល់តែម្តង។

ទី១. បារាំង

បន្ទាប់ពីសង្គ្រាមលោកលើកទី២ បារាំងបានកាន់កាប់វៀតណាម ឡើងវិញជាផ្នែកមួយ នៃការប៉ុនប៉ងរបស់ខ្លួន ដើម្បីទាមទារយកចក្រភពអាណានិគម របស់ខ្លួនមុនសង្គ្រាម។ បើតាមលោក Ed Moise ដែលជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យ Clemson និងជាអ្នកនិពន្ធសៀវភៅ ឈូងសមុទ្រតុងកឹង និងការកើនឡើងនៃ សង្គ្រាមវៀតណាមបានពន្យល់ថា “បារាំងបានគ្រប់គ្រងវៀតណាម អស់រយៈពេលពីរជំនាន់” ។

យ៉ាងណាក៏ដោយ ភាគច្រើនជនជាតិវៀតណាមបានប្រឆាំង នឹងការគ្រប់គ្រងរបស់អាណានិគម ហើយការបះបោរមួយ បានផ្ទុះឡើងដោយមេដឹកនាំកុម្មុយនិស្ត និងអ្នកដឹកនាំឯករាជ្យ ហូជីមិញ។ នៅឆ្នាំ 1954 កងកម្លាំងរបស់លោក ហូ ជីមិញ ទទួលបានជ័យជំនះ នៅ ដៀនបៀនភូ (Dien Bien Phu) និងទទួលបានជោគជ័យក្នុងការ បណ្តេញជនជាតិបារាំងចេញ។

នៅពេលសង្គ្រាមឥណ្ឌូចិនលើកទីពីរ ឬសង្គ្រាមវៀតណាម ដែលគេ ស្គាល់នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីបារាំងបានស្ថិតនៅឆ្ងាយនោះ ។ ជាការពិត ប្រធានាធិបតីបារាំង លោក ឆាលដឺហ្គោល បានព្រមានសមភាគីអាមេរិក គឺលោក John F. Kennedy Jr. ថាវៀតណាមនឹងក្លាយជា “វាលភូមិសាស្ត្រ និងយោធា ” ។

ទី២. សហរដ្ឋអាមេរិក

ក្រោយពីបារាំង បរាជ័យក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ កិច្ចព្រមព្រៀងអន្តរជាតិមួយបាន បែងចែកវៀតណាមជាពីរ។ ហូជីមិញ បានដឹកនាំវៀតណាមខាងជើង រីឯលោក Ngo Dinh Diem ដែលមានអាមេរិក គាំទ្រ គឺដឹកនាំ វៀតណាមខាងត្បូង ។ ការបោះឆ្នោតត្រូវបានគ្រោងធ្វើឡើង ដើម្បីបង្រួបបង្រួមប្រទេស ឡើងវិញក្នុងរយៈពេលពីរឆ្នាំ ប៉ុន្តែលោក Diem ដោយមានការយល់ព្រម ពីសហរដ្ឋអាមេរិក មិនដែលបានដាក់ពាក្យបោះឆ្នោតនោះទេ ដោយគាត់ខ្លាចចាញ់ការបោះឆ្នោតនោះ។ ផ្ទុយទៅវិញ ការបះបោរកុម្មុយនិស្ត បានផ្ទុះឡើង ដែលហៅថា វៀតកុង ដែលបានឧបត្ថម្ភដោយវៀតណាមខាងជើង ដើម្បីប្រឆាំងនឹងកងកម្លាំងរបស់ Ngo Dinh Diem ។

ដោយប្តេជ្ញាទប់ស្កាត់វៀតណាមខាងត្បូង កុំឱ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃកុម្មុយនិស្ត សហរដ្ឋអាមេរិកបានជួយដល់លោក Ngo Dinh Diem រាប់ពាន់លានដុល្លារក៏ដូចជា ការបង្កើនចំនួនទីប្រឹក្សាយោធាផងដែរ។ ឯកសារពីមន្ទីរបញ្ចកោណ បានបង្ហាញថា របបរបស់លោក Ngo Dinh Diem និងឯករាជ្យរបស់វៀតណាមខាងត្បូង ប្រាកដជាមិនអាចកើតឡើងឡើយ បើគ្មានជំនួយពីសហរដ្ឋអាមេរិក។

ទី៣. ប្រទេសចិន

ចិនកុម្មុយនិស្តថ្មី បានគាំទ្រហូជីមិញ កំឡុងសង្គ្រាមជាមួយពួកបារាំង ហើយបានបន្តធ្វើដូច្នេះអំឡុងសង្គ្រាម ជាមួយសហរដ្ឋអាមេរិកបន្តទៀត ដោយផ្តល់អាវុធ អ្នកជំនាញ និងកម្លាំងពលកម្ម។

ទី៤. សហភាពសូវៀត

ក្នុងនាមជារដ្ឋកុម្មុយនិស្តតាំងពីដើម, សហភាពសូវៀតបានជួយវៀតណាមខាងជើង ដោយមានការគាំទ្រកាន់តែច្រើននៅចុងទសវត្សឆ្នាំ 1960 ។ ខណៈពេលនោះ សូវៀត បានផ្តល់កងទ័ពមួយចំនួន ហើយការចូលរួមចំណែក ដ៏ធំបំផុតរបស់ពួកគេគឺផ្តល់អាវុធ។

ទី៥. ឡាវ
ឡាវមានអព្យាក្រឹត្យដំបូងក្នុងជម្លោះនេះ ប៉ុន្តែពួកវៀតណាមខាងជើង បានផ្លាស់ប្តូរទ័ពតាមរយៈប្រទេសឡាវ និងឡាវបានគាំទ្រក្រុមបះបោរកុម្មុយនិស្ត។ ជាលទ្ធផល ការបះបោរនោះបានរងនូវការ ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់សន្ធាប់ ពីសំណាក់អាមេរិក។

ទី៦. កម្ពុជា
ប្រទេសកម្ពុជាខណៈពេល ដែលប្រទេសអព្យាក្រឹត្យ គឺមិនបានប្រឆាំងការចូលមក របស់ពួកកុម្មុយនិស្តនោះទេ ហើយក៏ត្រូវបានអាមេរិក ទម្លាក់គ្រាប់បែកដាក់។

មិនគួរឱ្យភ្ញាក់ផ្អើលទេ វៀតណាមខាងជើងក៏បានផ្លាស់ប្តូរកងទ័ព និងគ្រឿងផ្គត់ផ្គង់ តាមរយៈប្រទេសជិតខាងគឺកម្ពុជា ដែលមិនប្រឆាំងការចូល មករបស់ពួកកុម្មុយនិស្ត។

សម្តេច នរោត្តមសីហនុ «មានអារម្មណ៍ថា ព្រះអង្គត្រូវបានឡោមព័ទ្ធ ដោយសត្រូវដ៏គ្រោះថ្នាក់ ហើយព្រះអង្គត្រូវតែធ្វើឱ្យ ល្អជាមួយពួកគេមួយចំនួន»។ លោកសាស្រ្តចារ្យ Moise បន្ថែមថា “ព្រះអង្គមិនអាចមានលទ្ធភាព ប្រមាថដល់ពួកវៀតណាមខាងជើងនោះទេ ថ្វីបើ” កម្ពុជា មាននយោបាយប្រឆាំងនឹងកុម្មុយនិស្ត ក៏ដោយ។

សហរដ្ឋអាមេរិកបានឆ្លើយតប ដោយយុទ្ធនាការទម្លាក់គ្រាប់បែកសម្ងាត់ ក្នុងយុទ្ធនាការដែលបង្កើនដោយ លោក និកសុន នៅឆ្នាំ 1969 ។ ក្រោយមកលោក និកសុន បានបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែននៅឆ្នាំ 1970 ដោយទាញយកប្រយោជន៍ពី រដ្ឋប្រហារដែលបានទម្លាក់សម្តេចព្រះនរោត្តម សីហនុ តាមការចង់បានរបស់ ឧត្តមសេនីយ៍និយមអាមេរិក។

គ្រាប់បែកអាមេរិកបានសំលាប់ ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលអ្នកប្រវត្តិវិទូខ្លះបានលើកឡើងថា អាចបង្កើនការគាំទ្រដ៏ពេញនិយម ដល់ពួកខ្មែរក្រហមដែលជា ក្រុមបះបោរកុម្មុយនិស្តដែលបាន ផ្តួចផ្តើមឱ្យមានអំពើប្រល័យពូជសាសន៍ ដ៏ឃោរឃៅមួយក្រោយពី បានកាន់អំណាចនៅឆ្នាំ 1975 ។

ទី៧. វៀតណាម
សង្គ្រាមវៀតណាមត្រូវបានពិពណ៌នាថា ជាសង្គ្រាមស៊ីវិលនៅវៀតណាមខាងត្បូង ទោះបីជាវាបានក្លាយជាសង្គ្រាម ដែលបង្កហេតុរវាងមហាអំណាច សង្គ្រាមត្រជាក់ក៏ដោយ។ ជាលទ្ធផលវៀតណាមបានទទួល រងនូវការស្លាប់និងរបួស ច្រើនបំផុតនៅក្នុងជម្លោះនេះ។

គ្មាននរណាម្នាក់រងទុក្ខច្រើន ជាងជនជាតិវៀតណាម ខ្លួនឯងទាំងនៅខាងជើង និងខាងត្បូងទេ។ នៅឆ្នាំ 1975 នៅពេលដែលកងទ័ពវៀតណាម ខាងជើងបានកាន់កាប់សៃហ្គន និងបានបង្រួបបង្រួមប្រទេស ក្រោមរបបកុម្មុយនិស្ត, ប្រជាជនប្រមាណ ១លានទៅ ៣លាននាក់ បានស្លាប់ហើយភាគច្រើន នៃពួកគេជាជនស៊ីវិល ៕

ដោយ៖ សែន បញ្ញា

Facebook Comments

To Top