កីឡា

ស៊ុយអែត និងអ៊ីតាលីត្រៀមខ្លួនរួច ជាស្រេចសម្រាប់ការឡើង​ សង្វៀនចុងក្រោយដណ្តើម ធ្វើម្ចាស់ផ្ទះនៃអូឡាំពិក រដូវរងារឆ្នាំ២០២៦

LAUSANNE៖គណៈប្រតិភូមកពី ប្រទេស ស៊ុយអែត និងអ៊ីតាលីបានជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ដើម្បីបង្ហាញពិភពលោកថា ពួកគេត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងចុងក្រោយ នៃការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

ការដេញថ្លៃដោយរដ្ឋធានី Stockholm / Are នៃប្រទេសស៊ុយអ៊ែតកំពុង ប្រឈមមុខនឹងអ៊ីតាលី Milan / Cortina d’Ampezzo ក្នុងការប្រកួតប្រជែងសម្រាប់ការដណ្តើមយកកីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦។គ្រាន់តែមួយថ្ងៃមុន ពេលដែល IOC សម្រេចថា តើនរណានឹងរៀបចំការប្រកួតនោះ គណៈប្រតិភូទាំង២រូបបានទៅទស្សនាសារមន្ទីរ IOC ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បាននិយាយថា ស៊ុយអែតត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងារ។ លោក Lofven បានថ្លែងថា យើងគ្រាន់តែមានកិច្ចប្រជុំល្អមួយជាមួយលោកប្រធាន Bach និងសមាជិកនៃ IOC ហើយស៊ុយអ៊ែតបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងានៅឆ្នាំ ២០២៦ ហើយរដ្ឋាភិបាលស៊ុយអ៊ែតនឹងគាំទ្រយ៉ាងពេញទំហឹង។

លោក Stefan Holm ដែលជាម្ចាស់ជើងឯក អូឡាំពិកឆ្នាំ២០០៤ នៅទីក្រុងអាថែន ហើយឥឡូវនេះ ជាសមាជិកនៃ IOC បានបន្ថែមថា ប្រទេសស៊ុយអ៊ែតមានស្ថេរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ចហើយយើងមិន ដែលទទួលបានការប្រកួតកីឡានេះទេ សង្ឃឹមថា វាគឺជាវេនរបស់ យើងនៅពេលនេះ។
នាយករដ្ឋមន្រ្តីអ៊ីតាលី Giuseppe Conte ក៏នឹងមាន វត្តមាននៅទីក្រុង Lausanne ។ ចំពោះអវត្តមាន របស់លោក Conte និងគណៈប្រតិភូអ៊ីតាលីត្រូវបានដឹកនាំដោយលោក Giovanni Malago ប្រធានគណៈកម្មាធិការ អូឡាំពិកអ៊ីតាលី។

លោក Malago បាននិយាយថា សម្រាប់ខ្ញុំ វាគឺជាការដេញថ្លៃដ៏អស្ចារ្យមួយ ហើយក៏ជាឱកាស តែមួយគត់ដែលទាក់ទងនឹងបទដ្ឋានថ្មី និងរបៀបវារៈ ២០២០ ។ Milan មិនត្រឹមតែតំណាងឲ្យខ្ញុំប៉ុណ្ណោះ ទេប៉ុន្តែសម្រាប់ប្រទេសអឺរ៉ុបទាំងមូល គឺជាទីក្រុងដ៏ល្អបំផុត នៅក្នុងទ្វីបអឺរ៉ុប និងប្រហែល ជានៅលើពិភពលោក។
ប្រទេសអ៊ីតាលីធ្លាប់បាន ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវត្រជាក់នៅឆ្នាំ១៩៥៦ នៅ Cortina d’Ampezzo និងឆ្នាំ២០០៦ នៅទីក្រុង Turin ប៉ុន្តែប្រទេសស៊ុយអែតបានរៀបចំ តែកីឡា អូឡាំពិករដូវក្តៅនៅឆ្នាំ ១៩១២ នៅរដ្ឋធានី Stockholm ប៉ុណ្ណោះ៕
ដោយ៖លី ភីលីព

Facebook Comments

To Top