នយោបាយ

សម្តេចតេជោ ៖ ជាង២លានដុល្លារ សម្រាប់ជួយអ្នកស្លាប់ និងរងរបួស ក្នុងហេតុការណ៍ បាក់អគារ នៅព្រះសីហនុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គិតមកដល់ម៉ោង១២ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានសប្បុជន បានជួយឧបត្ថម្ភ នូវទឹកប្រាក់ចំនួន២,១៩៨,៤០០ ដុល្លារ សម្រាប់ជួយឧបត្ថម្ភ ដល់អ្នកស្លាប់ អ្នករងគ្រោះក្នុងហេតុការណ៍ បាក់រលំអគារ នៅខេត្តព្រះសីហនុ។

ថវិកាទាំងនេះ ត្រូវបានសម្តេចតេជោ បានបែងចែកឲ្យអ្នករងរបួស ក្នុងម្នាក់១ម៉ឺនដុល្លាសម្រាប់២៤នាក់ ។ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែក ប្រមាណជាជិត៦០ម៉ោង ដែលនៅរស់រានមានជីវិត ដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន៣ម៉ឺនដុល្លារ។

សម្ដេចតេជោ បានលើកឡើងតាមបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ មិថុនា ថា សម្រាប់ឧបត្ថម្ភនេះ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ គឺជាជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា។

សម្ដេចបន្តថា “ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជន ជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ថ្ងៃ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំនួន ២,១៩៨,៤០០ ដុល្លារអាមេរិក។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ” ។

នាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ថវិកានៅសល់១,៨៩៨,៤០០ដុល្លារត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល ១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារ អ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុ។

សម្ដេចតេជោក៏បានអគុណ ចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកា សម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។

ជាថ្មីម្តងទៀតសម្តេច ក៏ភ្លេចកោតសសើរចំពោះកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះ និងអរគុណផងដែរដល់កម្មករ និងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូត ដល់ការងារ ត្រូវបានបញ្ចប់៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top