នយោបាយ

នាយករដ្ឋមន្រ្តីខ្មែរ ៖ បច្ចុប្បន្នពិភពលោក កំពុងត្រូវការ អ្នកវិនិយោគចិន យើងមានភ័ព្វ សំណាង ទាញជនជាតិចិន ចូលមកបាន

ភ្នំពេញ ៖ ឆ្លើយតបទៅ នឹងមតិរិះគន់មួយចំនួន ជាពិសេសពីសំណាក់ អតីតបក្សប្រឆាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បច្ចុប្បន្នប្រទេស ក្នុងពិភពកំពុងត្រូវការអ្នកវិនិយោគចិន មកបណ្តាក់ទុនរកស៊ី ប៉ុន្តែខ្មែរមានភ័ព្វសំណាង ដែលបានអូសទាញ អ្នកវិនិយោគចិន មករកស៊ីកាន់តែច្រើនឡើង ។

ជាមួយនឹងការមានមោទកភាព ចំពោះជនជាតិចិនមករកស៊ីនេះ សម្តេចតេជោក៏បានបញ្ចេញប្រតិកម្ម ទៅអតីតមេបក្សប្រឆាំងវិញដែរ ចំពោះការចោទប្រកាន់ថា សម្ដេចជាអាយ៉ង់របស់ចិន ។ សម្តេចក៏បានហៅទង្វើនេះថា គឺជារឿងនយោបាយ របស់បក្សពួកប្រឆាំងតែប៉ុណ្ណោះ ។

បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងថា ចុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមកកម្ពុជាប្រមាណជាង៥ម៉ឺននាក់ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជាមានថៅកែចិន កំពុងសាងសង់អគារធំៗជាច្រើន ហើយគោលដៅសំខាន់ៗដែលចិនឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងគំនរបាក់បែកពីការរលំអគារ ៧ជាន់ នៅព្រះសីហនុ ដែលវិនិយោគដោយជនជាតិ កាលពីរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា “បញ្ហានេះ(ជនជាតិចិន)វាបានក្លាយទៅជាបញ្ហានយោបាយរបស់ពួកប្រឆាំងទេ។ អស់លោកគិតមើល ចិន អាមេរិក អង់គ្លេស ឬបារាំង មកវិនិយោគ បើសិនជាមានឧបទ្ទវហេតុ វាដូចតែគ្នាហ្នឹង។ ដូច្នេះសូមកុំចោទជាតិណា ឬជាតិណា គឺបញ្ហាធំ យើងត្រូវប្រមូលអ្នកវិនិយោគទាំងអស់ចូលក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់កម្ពុជាតែប៉ុណ្នឹងទេ។ ចឹងទេ ខ្ញុំបានស្ដាប់ឮច្រើនពេកហើយដែលថា ចិនមកដាក់អាណានិគម តាមរយៈការវិនិយោគ។ ក៏ប៉ុន្តែ សូមបញ្ជាក់ថា អ្នកទាំងអស់គ្នា ឥឡូវពិភពលោកកំពុងត្រូវការអ្នកវិនិយោគចិន ចូលទៅវិនិយោគក្នុងប្រទេសរបស់គេ។ ឯយើងមានភ័ព្វសំណាងដែលយើងបានទាញអ្នកវិនិយោគចិនចូលក្នុងប្រទេសរបស់យើង”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ប៉ុន្តែអ្នកដែលមិនចង់ឲ្យយើងមានការរីកចម្រើន ខ្លះគេថានេះជាអន្ទាក់បំណុលរបស់ចិន ។ នេះជាអាណានិគមរបស់ចិន ។ នេះជាកន្លែងលក់ដីឲ្យចិន ប៉ុន្តែខ្ញុំសូមសួរបញ្ជាក់ថា អ្នកដែលនៅក្រុងព្រះសីហនុ បានទទួលផលប្រយោជន៍ ប៉ុណ្ណាទៅពីការវិនិយោគ” ។

សម្ដេចតេជោក៏បានថ្កោលទោសទៅកាន់អតីតបក្សប្រឆាំងជាសារធារណៈ ទាក់ទងការយកបញ្ហចិនវិនិយោគនៅកម្ពុជា មកចោទប្រកាន់រាជរដ្ឋាភិបាល ជាអាយ៉ងរបស់ចិន ។

ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា បើទោះបីជានៅពេលចាប់ផ្ដើមសាងសង់អគារខ្ពស់ៗនានា មានការខូចផ្លូវក៏ដោយ ប៉ុន្តែតែនៅពេលបញ្ចប់គម្រោងសាងសង់រួចនឹងមានការជួសជុលវិញ ហើយទីក្រុងព្រះសីហនុ នឹងក្លាយទៅជាប៉ូក្រុងស្អាតដែលមានឆ្នេរសមុទ្រមួយដ៏ធំ ។

ពាក់ព័ន្ធនឹងភ្ញៀវទេសចរណ៍ចិនវិញ នាយករដ្ឋមន្រ្តីបានធ្វើការប្រៀបធៀបរវាងកម្ពុជានិងថៃ ដោយបញ្ជាក់ថា សព្វថ្ងៃថៃទទួលបានភ្ញៀវទេសចរណ៍ចិនបាន១០លាននាក់ ខណៈកម្ពុជាសព្វថ្ងៃ ទើបតែទទួលបានជាង២លាននាក់ប៉ុណ្ណោះ ។ ដូច្នេះជាគោលដៅ កម្ពុជាត្រូវចេញយុទ្ធសាស្រ្តនានាទាក់ទាញទេសចរណ៍ចិនឲ្យបាន៥លាននាក់នាពេលខាងមុខ។

សម្ដេចថា បើមានទេសចរណ៍ចិនកាន់តែច្រើន កម្ពុជាអាចបង្កើនការនាំចេញនៅនឹងកន្លែង អំពីភោគផលរបស់កសិករ ព្រោះបើបានទេសចរណ៍ចិន៥លាននាក់មែននោះ ទេសចរណ៍ចិន នឹងមិនអាចវេចអង្ករពីប្រទេសគេមកឡើយ គឺច្បាស់ជាហូបអង្កខ្មែរហើយ។ កត្តានេះហើយដែលជាការរីកចម្រើនរបស់ប្រទេសជាតិ ។

សូមរំលឹកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន នឹងកើនឡើងដល់៦,០០០លានដុល្លារ នៅឆ្នាំ២០២០ ៕

ដោយ៖ធី លីថូ

Facebook Comments

To Top