កីឡា

ពលរដ្ឋខ្មែរ និងជនជាតិបរទេស​ ប្រមាណ ៤០០នាក់ ចូលរួមហាត់ YOGA (មានវីដេអូ)


ភ្នំពេញ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរភាគច្រើនជាយុវជន និងជនជាតិបរទេសប្រមាណ ៤០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខ សាលាខេត្តបាត់ដំបង ចូលរួមហាត់ YOGA ដែលកម្មវិធីនេះរៀបចំ ដោយក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា ។

ក្នុងទិវា “យោគៈអន្តរជាតិ លើកទី៥ (The 5th Inter national Day of YOGA)” នៅថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៩ លោក គី សេរីរចនា អនុប្រធាននាយកដ្ឋាន សិក្សាទីផ្សារទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ កំពុងតែចាប់អារម្មណ៍ពីលំហាត់ប្រាណ YOGA ច្រើន ព្រោះការហាត់ YOGA វាបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ សម្រាប់រាងកាយមនុស្ស និងសុខភាព ដោយមានការចាប់អារម្មណ៍ ច្រើនពីពលរដ្ឋយ៉ាងនេះ ក្រសួងទេសចរណ៍នឹងសហការជាមួយ ស្ថានទូតឥណ្ឌារៀបចំ លំហាត់ប្រាណនេះឲ្យបានរាល់ឆ្នាំ ។

បើតាមលោកស្រី Ammu Rama Sundari តំណាងឲ្យស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍យោគៈ មិនត្រឹមតែមានអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាពប៉ុណ្ណោះទេ តែបានអប់រំផ្លូវចិត្ត ស្ងប់អារម្មណ៍ វាក៏បានជួយធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាពផងដែរ ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា ការហាត់ YOGA គឺបានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកហាត់គ្រប់ៗគ្នា ដោយផ្តោតសំខាន់ទៅលើដង្ហើម និងដាក់ចិត្តអារម្មណ៍ក្នុងបច្ចុប្បន្នកាល ហើយការព្យាយាមហាត់ ក្នុងរយៈពេលខ្លីសមរម្យ ធ្វើឲ្យទម្រង់ខ្លួនប្រាណ ប្រែប្រួលទៅជាទម្រង់ត្រឹមត្រូវ ។

លោកបានបន្ថែមថា ការហាត់ YOGA អាចធ្វើឲ្យ ស្រកទម្ងន់ព្រោះក្បាច់យោគៈ ធ្វើឲ្យអ្នកហាត់ប្រាកដជាហូរញើស ដែលផ្ទុកដោយជាតិពុល និងខ្លាញ់ក្នុងខ្លួនប្រាណ អាចកាត់បន្ថយបាននូវ ភាពតានតឹងក្នុងផ្លូវអារម្មណ៍និង Stress មិនតែប៉ុណ្ណោះក៏អាចជួយឲ្យ មនុស្សបាត់បង់ពីភាពតានតឹង និងសម្ពាធនៅក្នុងខ្លួនផងដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ហាត់ YOGA ក្នុងឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាម និងខេត្តបាត់ដំបង ហើយសម្រាប់ខេត្តបាត់ដំបង ជាលើកទី២ហើយ ដែលបានប្រារព្ធនូវព្រឹត្តិការណ៍នេះ ៕

Facebook Comments

To Top