ព័ត៌មានជាតិ

សម្ដេចតេជោ៖ ករណីរលំអគារ នៅព្រះសីហនុ គ្រួសារសពនីមួយៗទទួលថវិកា ៧ម៉ឺនដុល្លារ អ្នករបួសក្នុងម្នាក់ ១ម៉ឺនដុល្លារ និងសង្គ្រោះក្រោយគេ ២នាក់ ក្នុងម្នាក់ ៣ម៉ឺនដុល្លារ (មានវីដេអូ)


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថវិកាទទួលបានពី សប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ ជនរងគ្រោះទាំងអស់ ក្នុងហេតុការណ៍បាក់រលំអគារ ៧ជាន់ នៅព្រះសីហនុ ក្នុងនោះគ្រួសារសពនីមួយៗ ទទួលបានថវិកាចន្លោះពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ ចំណែកអ្នករងរបួសក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនដុល្លារ ជាពិសេសទៀតនោះ ជនរងគ្រោះ ២នាក់ ដែលសង្រ្គោះក្រោយគេ ទទួលថវិកាឧបត្ថម្ភក្នុងម្នាក់ ៣ម៉ឺនដុល្លារ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងគំនរបាក់បែក ពីការរលំអគារ ៧ជាន់ នៅព្រះសីហនុ កាលពីថ្ងៃទី២៤ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសប៍ថា បន្ទាប់ពីបានជួបកូនក្មួយ ២នាក់ ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុង យកចេញមកបានដោយជោគជ័យ សម្តេច បានអញ្ជើញបន្តដំណើរចុះទៅ ជួបកូនក្មួយដែលបានសង្រ្គោះជីវិត ពីគំនរដែកនិងផ្ទាំងបេតុង ដែលបានបាក់ធ្លាក់សង្កត់ពីលើ ដែលកំពុងសម្រាកព្យាបាល នៅក្នុងពេទ្យបង្អែកក្រុងព្រះសីហនុ។

ទន្ទឹមនឹងភាពក្តុកក្តួលនិងខ្លោចផ្សារ សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តថា សម្ដេចមានក្តីរំភើបក្រៃលែងដែល បានមកឃើញកូនក្មួយមួយចំនួន ដែលត្រូវបានសង្រ្គោះយកចេញ ពីគំនរអគារ៧ជាន់ ដែលបានបាក់ធ្លាក់សង្កត់ ពីលើកាលពីថ្ងៃទី២២ មិថុនាកន្លងមកនេះ។ សម្ដេចថា ក្មួយៗមានសំណាង អាយុថ្លៃណាស់ ដែលបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

សម្តេចតេជោបញ្ជាក់ថា “ខ្ញុំបានយកថវិកាដែលទទួលបាន ពីសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ កូនក្មួយរងបួសទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនដុល្លារអាមេរិក។ ចំពោះកូនក្មួយ ២នាក់ ដែលបានសង្រ្គោះក្រោយគេ នៅសៀលថ្ងៃនេះ គឺ២នាក់នេះបានទទួលថវិកាឧបត្ថម្ភ ៣ម៉ឺនដុល្លារអាមេរិក ។ ដោយចំនួនថវិការឧបត្ថម្ភ ដែលបានទទួលពីសប្បុរសជននានា មានចំនួនច្រើនគួរសមដែរនោះ គឺក្នុងគ្រួសារសពនីមួយៗ នឹងទទួលបានរវាងពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ។ ថវិកាទាំងនេះនឹងបញ្ចូល ទៅក្នុងសៀវភៅធនាគារ ហើយនឹងប្រគល់ជូនទៅ ក្រុមគ្រួសារនៅពេលដ៏ខ្លីខាងមុខនេះ” ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ជួយដល់គ្រួសារសព ក៏ដូចជាជួយដល់អ្នករងរបួសទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ។ សម្តេចតេជោ ក៏បានជូនពរដល់កូនក្មួយទាំងអស់ ឆាប់ជាបានវិលត្រឡប់ ទៅជួបជុំប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារឆាប់ៗខាងមុខ ៕

Facebook Comments

To Top