ព័ត៌មានជាតិ

Top News៖ នាយករដ្ឋមន្ត្រី យល់ព្រមឲ្យលោក យន្ត មីន លាលែងពីតំណែង និងដកតំណែងលោក ញឹម វណ្ណដា តែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុថ្មី ក្រោយមានករណីបាក់រលំអគារ ស្លាប់មនុស្ស និងរបួសជាច្រើននាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៤ មិថុនានេះ បានយល់ព្រមឲ្យ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីនលាលែងពីតំណែងតាមការស្នើសុំរបស់សាមីខ្លួន និងដកតំណែង លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចតែងតាំង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមឲ្យ កាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ក្នុងពេលបំពេញការងារ នៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត
ព្រះសីហនុបានទទួលស្គាល់កំហុស លើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ ចរបស់ខ្លួនដែលបណ្តាលអោយមាន រឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់ កិច្ចការនិងអភិបាលខេត្តថ្មី ចូលកាន់តំណែង” ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា “ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជា ទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន
ទី១នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ” ។

ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ អ្នកស្លាប់ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តព្រះសីហនុ កើនដល់ ២៥នាក់ និងរបួស២៤នាក់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ៕

Facebook Comments

To Top