ព័ត៌មានជាតិ

ក្រុមហ៊ុនអន្តរជាតិ នឹងនាំយកបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ តម្លៃស្រូវអង្ករកម្ពុជា និងជំរុញការនាំចេញ

ភ្នំពេញ៖ តំណាងក្រុមហ៊ុន លំដាប់ពិភពលោក Buhler ដែលមានការិយាល័យកណ្តាល នៅក្នុងទីក្រុងហ្សូរិច នៃប្រទេសស្វីស គ្រោងវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយបច្ចេកវិទ្យា ទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ ខ្សែចង្វាក់តម្លៃស្រូវអង្ករ និងធ្វើពិពធិកម្មការនាំចេញ ផលិតផលសម្រេច ទៅកាន់ទីផ្សារសាកល ប្រកបដោយនិរន្តរភាព។ នេះបើយោងតាម ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនអំពីសាវតា និងផលិតផលសំខាន់ៗ របស់ក្រុមហ៊ុន មានដូចជា អាហារកែច្នៃពីគ្រាប់ធុញ្ញជាតិ, ទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈបច្ចេកវិទ្យា។

លោក David Wang បានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល, បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់, និងពង្រឹងនិរន្តរភាពផលិតកម្ម ហើយនៅកម្ពុជា។ លោកគ្រោងនឹងវិនិយោគ សាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ត បានបង្ហាញជំនឿមុតមាំថា នៅពេលការសាងសង់បញ្ចប់ គម្រោងនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាព តម្លៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ការ ហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ជួយលើកកម្ពស់ជីវភាព ប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

លោកថា លើសពីនេះ ឡសម្ងួតទាំងអស់ ក៏នឹងផ្តល់គុណប្រយោជន៍ធំធេង ដល់ការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្មជាតិ ដែលនឹងរួមចំណែក លើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top