នយោបាយ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ UN ផ្សព្វផ្សាយព័ត៌មាន មិនពិតពីកម្ពុជាថា បិទសំឡេងបក្សប្រឆាំង

ភ្នំពេញ ៖ បន្ទាប់ពីអង្គការសហប្រជាជាតិ(UN) បានចេញសេក្ដីប្រកាសព័ត៌មាន ដោយបានសម្ដែងក្តីកង្វល់ថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានបំបិទសំឡេងគណបក្សប្រឆាំងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបង្ហាញការមិនពេញចិត្តទៅវិញដែរ ដោយលោកលើកឡើងថា នេះ គឺជាការផ្សព្វផ្សាយព័ត៌មាន មួយមិនត្រឹមត្រូវទាល់តែសោះ ខណៈបច្ចុប្បន្នគណបក្សប្រឆាំង មានសេរីភាពគ្រប់គ្រាន់ ។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន បែបនេះ បន្ទាប់ពីអង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានសម្តែងកង្វល់ ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរាជរដ្ឋាភិបាល ទៅលើមតិយោបល់ផ្ទុយពីខ្លួនដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំងនយោបាយ ។ ខណៈសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (CNRP) ១៤០ រូប ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយគាំទ្រអតីត មេដឹកនាំទាំងពីររូបគឺ លោក កឹម សុខា និង លោក សម រង្ស៊ី។

សេចក្តីថ្លែងការណ៍UNបន្តថា “យើងសម្តែងកង្វល់ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ ដោយរាជរដ្ឋាភិបាល ទៅលើមតិយោបល់ផ្ទុយពីខ្លួនដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំងនយោបាយ” ។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៩ មិថុនាថា “ខ្ញុំជឿថា ជាការផ្សព្វផ្សាយព័ត៌មានមួយដែលមិនចំ។ ពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំងគាត់មានសេរីភាពគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀត តាមអង្គភាពមួយគេថា ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នោះ ដែលខុសប្លែកពីគណបក្សដែលត្រូវបានរំលាយដោយតុលាការ។

ប្រភពដដែលពីUNបន្ថែមថា ដីកាដែលបានកោះអតីតសមាជិកជាច្រើនរូប របស់គណបក្សសង្គ្រោះជាតិ បានយោងទៅលើការចោទប្រកាន់ ពីការរំលោភលើសាលដីកា របស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក ដោយមិនបានបញ្ជាក់ច្បាស់ពីលក្ខណៈនៃការរំលោភបំពានដែលបានចោទនោះទេ។

ពាក់ព័ន្ធទៅនឹងអតីតគណបក្សសង្រ្គោះជាតិនេះ លោកសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ត្រូវតែគោរពពីអធិបតេយ្យភាព របស់តុលាការកម្ពុជា ។ លោកថា គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលទៅហើយ គឺគ្មានសិទ្ធិសេរីភាពណាមកធ្វើសកម្មភាព នយោបាយទៀតឡើយ រហូតដល់៥ឆ្នាំទើបពួកគេមានសិទ្ធិ៕ ដោយ៖ធី លីថូ

Facebook Comments

To Top