ព័ត៌មានជាតិ

ចោរស្ទើភ្លើងម្នាក់ លួចរថយន្តគេ នៅស្វាយចេក ទៅជាប់ជុច របស់សមត្ថកិច្ច នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំង តាមចាប់ខ្លួនញាត់ទ្រុង កាលពីម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយពីធ្វើកម្មភាពលួចរថយន្ត របស់ពលរដ្ឋម្នាក់ នៅស្រុកស្វាយចេក ហើយព្យាយាមរត់គេខ្លួន។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ខែម សុភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក វរៈសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក និងលោក វរៈសេនីយ៍ទោ ម៉ាន់ ធី អធិការស្តីទីនគរបាលស្រុកអូរជ្រៅ។

លោក សៅ សារឿនអធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈន សូរិយ៉ា(ហៅយ៉ា) ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ត្រូវបានចាប់ខ្លួនកាលវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។ រីឯជនរងគ្រោះម្ចាស់រថយន្តមានឈ្មោះ ពៅ វឿន អាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក រថយន្តដែលចោរលួច កាមរីឆ្លាមពណ៌ឆ្លូញ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2D.8731។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានឲ្យដឹងថា ជនសង្ស័យឈន សូរិយ៉ាគឺជាមុខសញ្ញាចាស់ ធ្លាក់ជាប់ពន្ធនាគារចំនួន៣លើកហើយ តែហាក់មិនរាងចាលសោះ ហើយនៅថ្ងៃទី១៨ មិថុនា ចន្លោះពីម៉ោង១២យប់ដល់វេលាម៉ោង៣ រូបគេបានជិះម៉ូតូងចូលមកលួចរថយន្តមួយគ្រឿងរបស់ឈ្មោះពៅ វឿន អាយុ៣៦ឆ្នាំប្រពន្ធ ឈ្មោះ ប៉ុល សុភីអាយុ៣០ឆ្នាំរស់នៅភូមិទ្រាសឃុំទ្រាសស្រុកស្វាយចេក រថយន្តម៉ាកឆ្លាមសេរីឆ្នាំ១៩៩៩ ពណ៌កណ្តុលប្រមេះពាក់ផ្លាកលេខ2D.8731ភ្នំពេញមានទុកសោរក្នុងឡានស្រាប់ ត្រង់ចំណុចស្តង់ដំឡូងខាងជើងភូមិទ្រាស ប្រហែល៥០០ម៉ែត្រ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បន្តថា ក្រោយលួចបានជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេចខ្លួន និងបន្សល់ទុកម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខ1M.2529ប.មានជ័យ។បន្ទាប់ពីទទួលបានពត៌មានសមត្ថកិច្ចយើង បានបើកការស្រាវជ្រាវគ្រប់គោលដៅស្រុកក្រុង លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃ១៩ មិថុនា ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបានសម្រេចនៅផ្ទះបងស្រីរបស់គេ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រីឯរថយន្តត្រូវបានគេទុកចោវលលើផ្លូវលំមួយកន្លែង។

បច្ចុប្បន្នរថយន្តត្រូវបានប្រគល់ឲ្យទៅម្ចាស់រងគ្រោះវិញ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនយកទៅស្នងការដ្ឋាន ដើម្បីសួនាំកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ដោយ ប៊ុន សំណាង

Facebook Comments

To Top