តារា

ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្មែរ ភាគច្រើនមិនដឹង

ភ្នំពេញ៖រាជនីសំឡេងមាស រស់ សិរីសុទ្ធា ជាតារាចម្រៀងខ្មែរ ដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៦០ និង៧០ និងជាដៃគូចម្រៀង ជើងឯកយ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីមុត ។

កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ អ្វីដែលមិនធ្លាប់ដឹងឮនោះ គឺអ្នកស្រីមានប្រវត្តិជូរចត់ ដែលរងគ្រោះពីការចាប់រំលោភ ពីសំណាក់កូនអ្នកមាននៅជំនាន់ ដោយមិនបាន ទទួលយុត្តិធម៌អ្វីឡើយ។

ជាបន្តនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមដកស្រង់នៃប្រវត្តិរូបសំខាន់ៗ របស់អ្នកស្រីមកផ្សព្វផ្សាយ ឲ្យពលរដ្ឋបានដឹង ពីគេហទំព័រ “វិគីភីឌា” ។

ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះហៅក្រៅ រៃ ។

ឪពុកគឺលោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបធ្វើមរណៈកាលនៅឆ្នាំ១៩៩៥ ។ រីឯម្តាយឈ្មោះ ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើមរណកាលនៅ សម័យខ្មែរក្រហម ។ អ្នកស្រី សុទ្ធា ជាកូនទី៤ ក្នុងចំណោមបងប្អូនទាំង ៥ នាក់ ។

យុវតី រស់ សិរីសុទ្ធា មានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច។

កាល សុទ្ធា នៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ដោយសារមានអំណោយទាន ជាងគេផែ្នកចម្រៀង ទើបចេះតែឪពុកយកដើរតាមជាមួយ នៅពេលចេញ ទៅលេងភ្លេងតាមពិធីបុណ្យនានា ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារី សុទ្ធា ត្រូវបង្ខំចិត្តជួយឪពុក រកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព ។ ជាពិសេសបំផុតនោះ គឺលោកតា រស់ ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង ។

ក្រោយមកទៀតនៅឆ្នាំ១៩៦៣ ក្នុងវ័យជំទង់១៦ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខ១ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡង ចម្រៀងពេលបុណ្យចូលឆ្នាំ ។ ក្នុងឱកាសនោះដែរ កូនប្រុសកំលោះ របស់លោកឧកញ៉ា គេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបវិលមកពីសិក្សា នៅប្រទេសបារាំង បានមកចូលរួមទស្សនា ពិធីប្រឡងនោះដែរ ។ កាលបើបានយល់សម្រស់ ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិរោះ កំលោះបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបកញ្ញា សុទ្ធា ។

មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញកញ្ញា សុទ្ធា ទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍កូនកំលោះ របស់លោក គី ស៊ានហូ អាយុប្រមាណ ២៤ ឆ្នាំ ដែលទើបបញ្ចប់ការសិក្សា ផ្នែកវិស្វកម្មមកពីប៉ារីស ។ គេក៏បានសន្យា ផ្តល់តម្លៃសេវាច្រៀងកំដរយ៉ាងខ្ពស់ ល្មមឲ្យក្រុមគ្រួសារ។ លោកតា រស់ ប៊ុន មិនហ៊ានប្រកែកថា មិនឲ្យនាងទៅ ។ បន្ទាប់ពីច្រៀងរួច នាងមិនត្រូវបានត្រឡប់មកផ្ទះ ក្នុងយប់នោះទេ។

លុះព្រហាមស្រាងឡើង ដោយបាត់កូនស្រី លោកគ្រូ រស់ ប៊ុន ឡើងជិះរ៉ឺម៉ក ទៅតាមរកនៅគេហដ្ឋាន លោក គី ស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម ហើយនាងក៏បានប្រាប់ថា កូនប្រុស លោក គី ស៊ានហូ ចាប់រំលោភសេពសន្ថវៈ ។

ដោយសារភាពក្តៅចិត្ត លោកតាក៏ទៅជួបកំលោះនោះ នៅផ្ទះរបស់គេ ។ កាលបើបានស្តាប់ពាក្យ របស់លោកគ្រូ រស់ ប៊ុន ចប់ លោក គី ស៊ានហូ ជាឪពុក ក៏ច្រឡោតខឹងសម្បានឹងកូនប្រុស រហូតលើកដៃយារ ទះកំផ្លៀងកូនប្រុសយ៉ាងធ្ងន់ ។ កំលោះនោះ បានអង្វរ សូមឲ្យលោកឪពុកទាំងពីរ សម្រួលនឹងគ្នា ហើយគេក៏ស្ម័គ្រចិត្ត ទទួលយកយុវនារី សុទ្ធា ជាគូគ្រងត្រឹមត្រូវពេញច្បាប់ ។ ប៉ុន្តែ លោក គី ស៊ានហូ និងភរិយា មិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញ៉ាគេហបតី ជាមិត្តមួយរូបថា នឹងភ្ជាប់សាច់ឈាម កូនកំលោះរបស់លោក ជាមួយកូនស្រីរបស់គេ ។

លោកតា រស់ ប៊ុន បានគំរាមប្តឹងកូនអ្នកមាន រូបគេចូលគុក ប៉ុន្តែលោក គី ស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុធ្វើឲ្យលោកតា រស់ ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស របស់លោក គី ស៊ានហូ ។ ចៃដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារលោកគ្រូ រស់ ប៊ុន មិនអាចទិញយក ភាពយុត្តិធម៌ពីតុលាការ ជូនកូនស្រីកំសត់ របស់គាត់បានឡើយ ។ ទីបំផុតលោកគ្រូ ក៏ត្រូវចាញ់ក្តី ជាមួយអ្នកមានទ្រព្យដដែល ។

បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះ ជាមួយភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុនចិញ្ចឹមជីវិតតទៅទៀត ។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង រួចក៏លែងត្រឡប់ មកផ្គត់ផ្គង់គ្រួសារដូចមុនៗទៀត ។

ដោយហេតុ ជម្លោះក្នុងគ្រួសារផង និងអាម៉ាស់ រឿងរ៉ាវអប្រិយទាំងឡាយនោះផង យុវតី សុទ្ធា ក៏សម្រេចចិត្តឈប់រៀន ពីអនុវិទ្យាល័យ ។ សុទ្ធា ក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួចក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ ការខ្វះខាតក្នុងគ្រួសារ ។

តមកទៀត លោកសាស្ត្រាចារ្យ ប៊ុន ថង ដែលជាមិត្តជិតស្និទ្ធ របស់លោកពុកសុទ្ធា ក៏បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណា និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែង នៅក្នុងវង់តន្រ្តីលំហែយោធា ជាវង់ភ្លេងប្រគំ ប្រចាំរង្គសាលស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយនាង បានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់ ។ នៅពេលនោះ លោកគ្រូ ប៊ុន ថន បានប្រតិស្ឋនាមថ្មីទៅយុវតី សុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធាវិញ។ ដំណើរបន្តមកទៀត រស់ សិរីសុទ្ធា ក៏បានស្គាល់ អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ហើយក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ ។

ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតី សុទ្ធា បានចូលបម្រើ ជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់ ជាដៃគូសំនៀង របស់លោកអ៊ឹម សុងសឺម។ ក្រោយ ៗ មក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិ៍ចិនតុងជាដើម ។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចម្រៀង មកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោក តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុកសេង, អ្នកស្រី ម៉ៅ សារ៉េត, អ្នកស្រី កែវ មន្ថា, អ្នកស្រី ឈួន ម៉ាឡៃ ជាដើម ។ នៅទីបំផុត យុវតី ក៏បានជួបនឹងអធិរាជសំនៀងទេព ស៊ិន ស៊ីសាមុត ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់តែលេចធ្លោ អណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មានតាំងពីពេលនោះមក ។

រស់ សិរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល ។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរូបនេះ បានទទួលគោរមងារ ពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ថា ជា រាជិនីសំនៀងមាសប្រចាំកម្ពុជា ។

អំឡុងពេល កំពុងមានឈ្មោះបោះសំឡេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាលព្រះច័ន្ទពេញវង់ និងជាកូនរបស់ថៅកែ ភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវក្រុមគ្រួសារ របស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគំរាមកំហែង ដល់សុវត្ថិភាពរបស់នាងទៀតផង ។ ដោយក្តីរំខានក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្ត រៀបការយ៉ាងទាន់ហន់នៅឆ្នាំ ១៩៦៨ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀង បុរសមានរូបសង្ហា សម្បូរស្នេហ៍ ។ កាលណោះ ក្រុមគ្រួសារសាច់ញាតិនៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចមកហើយ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ។

ចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោក សុះ ម៉ាត់ មានចរិតប្រច័ណ្ឌច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រី សុទ្ធា យ៉ាងទារុណ ។ ក្រោយរៀបការបាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់ វាយធ្វើបាបភរិយាយ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក ។ ដោយមូលហេតុ នៃការវាយដំនោះ អ្នកស្រី សុទ្ធា បានធ្វើឲ្យ បាត់បង់ទារកក្នុងផ្ទៃ អាយុ ៥ ខែ។

ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រ សាបឿន ជាបង បានជំរុញឲ្យអ្នកស្រី សុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោក សុះ ម៉ាត់ តាមគំរាមកំហែង រកសម្លាប់អស់មួយពូជ ។ ដំណឹងនេះ បានល្បីទៅដល់លោក ស៊ិន ស៊ីសាមុត រហូតធ្វើឲ្យ លោកចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរមកតាមរកអ្នកស្រី សុទ្ធា ដល់លំនៅឯបាត់ដំបង ។ លោកបានហៅសុទ្ធា ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព ១០០ ភាគរយ ។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរ មករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀសមិនឲ្យជួបមុខ លោក សុះ ម៉ាត់ ហើយក៏បន្តទេពកោសល្យ ជារាជិនីសំនៀងមាស ប្រចាំកម្ពុជា ជាមួយលោក ស៊ិន ស៊ីសាមុត និងក្រុមតន្រ្តី ដែលលោក ស៊ិន ស៊ីសាមុត ណែនាំតែប៉ុណ្ណោះ ។

ជាងមួយឆ្នាំក្រោយមក ពោលចុងឆ្នាំ១៩៦៩ អ្នកស្រី សុទ្ធា បានជួបកំលោះមួយរូប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀង ដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ ទំនាក់ទំនងរហូត ដល់បានកូនប្រុសមួយ ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គលពេញលក្ខណៈ មិនមានការរកាំរកូសអ្វីឡើយ ។ រីឯមុខរបររកស៊ី ខាងផលិតបទចម្រៀងវិញ ក៏កាន់តែរីកចម្រើនឡើងជាលំដាប់ ។

រវាងឆ្នាំ១៩៧០ អ្នកស្រី សុទ្ធា បានជាប់កំណែន ជាសមាជិកកងទ័ពឆ័ត្រយោង បម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរតែមួយរូបគត់ ដែលហ៊ានលោតឆត្រយោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា ។ ពេលនោះ កិត្តិសព្ទរបស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយ តាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាព លោតឆ័ត្រយោងរបស់អ្នកស្រី ។ ឯរូបសោភ័ណ និងសំនៀងវិញ ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រី យ៉ា ដែលជាមេបញ្ជាការ កងទ័ពឆ័ត្រយោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យ មនុស្សសាស្រ្តនោះទៀតផង ។

ថ្ងៃមួយ ក្នុងឆ្នាំ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីប ចូលមកអញ្ជើញអ្នកស្រី ចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជួបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនឲ្យត្រឡប់មកផ្ទះវិញឡើយ ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះ លោក រស់ សុគុណ បានចេញមុខជំនួសលោក ស៊ីផាន់ ធានាយកខ្លួនរបស់អ្នកស្រី សុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោក ស្រី យ៉ា គំរាមកំហែង ចង់យាយីជីវិតរបស់លោក ស៊ីផាន់ ទៀតផង ។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយ ស៊ីផាន់ បាននាំកូនប្រុសគេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃ ។

កាលនោះ ភរិយាដើមរបស់លោក ស្រី យ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រី យ៉ា បានប្រើអំណាច បង្ខំចាប់យកអ្នកស្រី សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ ។ នៅអំឡុង៤ឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រី យ៉ា អ្នកស្រីមានបុត្រ៤រូប ។

ចុងឆ្នាំ១៩៧៤ រដ្ឋាភិបាល បានប្រកាសបិទចរាចរណ៍ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពខ្មែរក្រហម ។ ពេលនោះ អ្នកស្រី សុទ្ធា បានសុំលោក ស្រី យ៉ា នាំកូន ៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង ។

ថ្ងៃ១៧ មេសា ១៩៧៥ លោក ស្រី យ៉ា ជាស្វាមី ក៏បាត់ខ្លួន ទៅនៅពេលប្រតិបត្តិការ លើសមរភូមិ ។ ចំណែកអ្នកស្រី សុទ្ធា និងកូនទាំង៤ ត្រូវអង្គការខ្មែរបដិវត្តន៍ ជម្លៀសចេញតាមផ្លូវជាតិលេខ៤ សំដៅទៅកំពង់ស្ពឺ ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំង៤រូប បានស្លាប់ម្តងមួយ ៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រី ។

ឆ្នាំ ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំឲ្យរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាល ជាន់ខ្ពស់របស់អង្គការ ។ ប៉ុន្តែ ជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គល ល្អប្រសើរអ្វីដល់អ្នកស្រី សុទ្ធា ទេ ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះ កើតក្តីប្រច័ណ្ឌនៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រីទទួលការសរសើរ រាក់ទាក់ពីញាតិផង ពេលឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង ឲ្យទៅបំពេញកិច្ច ។

ដោយការប្រច័ណ្ឌហួងហែងខ្លាំង ហួសប្រមាណ មិត្ត ត្រោក តែងប្រើហិង្សា វាយដំអ្នកស្រីជានិច្ច ។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមី របស់អង្គការខ្មែរក្រហម ហើយជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើ បានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកឲ្យគោរពស្វាមី មិនឲ្យឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធា កម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែអ្នកស្រីតាំងចិត្ត អត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំ ជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះ ៗ ។ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលឲ្យអង្គការលើ ចាប់ដាក់ទោសបញ្ជូនខ្លួន ទៅធ្វើការនៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ ៕

Facebook Comments

To Top