នយោបាយ

អង្គការសហប្រជាជាតិ មានកង្វល់ ចំពោះសកម្មភាព រាជរដ្ឋាភិបាល ក្នុងការបំបិទ សំឡេងអ្នកប្រឆាំង

ភ្នំពេញ ៖ អង្គការសហប្រជាជាតិ បានសម្តែងកង្វល់ ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ ដោយរាជរដ្ឋាភិបាល ទៅលើមតិយោបល់ ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណង បំភិតបំភ័យ ឬបំបិទសំឡេង អ្នកប្រឆាំងនយោបាយ។

អង្គការសហប្រជាជាតិ លើកឡើងបែបនេះ បន្ទាប់ពីសកម្មជន អតីតគណបក្សសង្គ្រោះជាតិ (CNRP) ១៤០ រូប ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធ នឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយគាំទ្រ អតីតមេដឹកនាំទាំងពីររូបគឺ លោក កឹម សុខា និង លោក សម រង្ស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “យើងមានកង្វល់ អំពីការប្រើច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅ ទៅលើការនិយាយស្តីដោយសេរី ទាំងតាមអូហ្វឡាញ ទាំងតាមអនឡាញ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់សង្គម មួយបែបប្រជាធិបតេយ្យ និងយុត្តិធម៌។ ការរឹតត្បិតលើសេរីភាព ក្នុងការបញ្ចេញមតិ ត្រូវតែមានដែនកំណត់ និងត្រូវបានកំណត់ ន័យឲ្យបានច្បាស់លាស់ ហើយសេចក្តីថ្លែងការណ៍គាំទ្រ ដល់អ្នកដឹកនាំនយោបាយ មិនស្ថិតក្នុងដែនកំណត់ ដែលអនុញ្ញាតនោះឡើយ”។

អង្គការសហប្រជាជាតិបន្ដថា ការរឹតត្បិតណាមួយលើសេរីភាព បញ្ចេញមតិ ឬសេរីភាពក្នុងការជួបប្រជុំ ត្រូវតែបានកំណត់តាមនិយមន័យចង្អៀត។ ការរឹតត្បិតត្រូវតែផ្អែកលើអ្វី ដែលមានចែងក្នុងច្បាប់ ដែលចាំបាច់ដើម្បីគាំទ្រដល់ហេតុផលស្របច្បាប់ ដូចជា ការការពារសណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ ហើយការរឹតត្បិតទាំងនោះ ត្រូវតែមានសមាមាត្រ ដើម្បីឆ្លើយតបទៅនឹង គោលបំណងដែលប្រាថ្នាចង់បាន។ ការចោទប្រកាន់ពី “បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស” ដែលអាជ្ញាធរបានចោទប្រកាន់ជាសាធារណៈលើបុគ្គលមួយចំនួន មិនមែនជាការរឹតត្បិតសមស្របទៅលើការ សម្តែងមតិគាំទ្រដល់ឥស្សរជន នយោបាយឡើយ។
ប្រភពដដែលបន្ថែមថា ដីកាដែលបានកោះអតីតសមាជិក ជាច្រើនរូបរបស់គណបក្សសង្គ្រោះជាតិ បានយោងទៅលើការចោទប្រកាន់ ពីការរំលោភលើសាលដីកា របស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក ដោយមិនបានបញ្ជាក់ច្បាស់ពីលក្ខណៈ នៃការរំលោភបំពាន ដែលបានចោទនោះទេ។ ក្រុមអ្នកជំនាញបានមានប្រសាសន៍ បន្ថែមថា មេធាវីការពារក្តីមិនត្រូវបានអនុញ្ញាតឲ្យធ្វើការថតចម្លងឯកសារណាមួយនៅក្នុងសំណុំរឿង ដើម្បីរៀបចំការពារឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលានោះឡើយ។

ជាងនេះទៅទៀត អង្គការសហប្រជាជាតិ អំពាវនាវដល់រាជរដ្ឋាភិបាលឲ្យស្តារនិន្នាការ ធ្លាក់ចុះបច្ចុប្បន្នក្នុងការទទួលបានសិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន។ ដល់ពេលដែលរាជរដ្ឋាភិបាលដឹកនាំឲ្យផ្លាស់ប្តូរវប្បធម៌នយោបាយទៅជាកិច្ចសន្ទនាមួយដែលផ្តោតទៅលើបញ្ហាជាជាងផ្តោតលើបុគ្គលដែលវាជាវិធីមួយឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្សទាំងអស់៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top