នយោបាយ

កម្ពុជា អរគុណហុងគ្រី ចំពោះការពិចារណា ជួយលើសកម្មភាព កម្ចាត់មីន និងជួសជុល ប្រាសាទកោះកេរ្តិ៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងអំណរគុណ ចំពោះការគាំទ្រ របស់ហុងគ្រីលើគម្រោង តេជោ ភូមិ១០០ ការពិចារណាក្នុងការ ជួសជុលប្រាសាទកោះកេរ្តិ៍ និងសកម្មភាពកម្ចាត់មីននៅកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ ។

ក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសហុងគ្រី ចាប់ពីថ្ងៃទី១៣-១៥ ខែមិថុនា ឯកសារនៃ កិច្ចសហប្រតិបត្តិការចំនួន៤ ត្រូវបានចុះហត្ថលេខា ហើយស្ថានទូត នឹងត្រូវបើកដំណើរការឡើងវិញ នៅទីក្រុងប៊ុយដាប៉េស និងក្រុងភ្នំពេញ ដើម្បីរំឭកខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងហុងគ្រី នៅឆ្នាំ២០២១ ខាងមុខ។

ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីជាមួយលោក វីកទ័រ អ័របាន នាយករដ្ឋមន្រ្តីហុងគ្រី ក្នុងបរិយាកាសកក់ក្តៅ និងរីករាយ និងទទួលបានលទ្ធផល ជាផ្លែផ្កា។

លើសពីនេះទៀត សម្តេចតេជោ បានជួបសម្ដែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី និងលោក ឡាហ្សឡូ គ័រវៀរ ប្រធានរដ្ឋសភាហុងគ្រី។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ ចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី ដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកបំផុត បន្ទាប់ពីការរំដោះប្រទេស នៅឆ្នាំ១៩៧៩ និងការរួមចំណែករបស់ហុងគ្រី ដល់ប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់ អ៊ុនតាក់ និងការបន្តគាំទ្ររបស់ហុងគ្រី សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំវាយតំលៃខ្ពស់ផងដែរ ចំពោះការគាំទ្ររបស់ហុងគ្រី លើគម្រោង តេជោ ភូមិ១០០ ការពិចារណាក្នុងការ ជួសជុលប្រាសាទកោះកេរ្តិ៍ និងសកម្មភាពកម្ចាត់មីននៅកម្ពុជា ។ ខ្ញុំក៏បានថ្លែងអំណរគុណដ៏ស្មោះ ចំពោះរដ្ឋាភិបាលហុងគ្រី ដែលនឹងផ្តល់អាហារូបករណ៍ចំនួន ១៥កន្លែងក្នុង១ឆ្នាំដល់និស្សិតកម្ពុជា នៅក្នុងក្របខណ្ឌនៃ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ឆ្នាំ២០២០ ដល់ឆ្នាំ២០២២” ។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី វីកទ័រ អ័របាន បានអះអាងជាថ្មីនូវ ជំហររឹងមាំរបស់ហុងគ្រី ប្រឆាំងនឹង ការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ បញ្ហានេះសម្តេចតេជោ បានអរគុណហុងគ្រី ដែលតែងតែផ្តល់យុត្តិធម៌ដល់កម្ពុជា បើទោះជាគណៈកម្មការអឺរ៉ុប បានចាប់ផ្តើមដំណើរការ នីតិវិធីសម្រាប់ ការដកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។ ការគាំទ្រនេះពិតជាមាន សារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបន្តថែរក្សា និងការពារសន្តិភាព អធិបតេយ្យភាព និងឯករាជ្យជាតិ។

សម្តេចតេជោ បានជម្រាបសមភាគីហុងគ្រីថា សម្តេចនឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីទឹកលើកទីបី ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ប៊ុយដាប៉េស នាខែតុលាខាងមុខនេះ។

នៅមុនជំនួប របស់នាយករដ្ឋមន្រ្តីទាំងពីរលោក ប្រាក់ សុខុន បានជួបសមភាគីហុងគ្រីលោក ផេធ័រ ហ្ស៊ីយ៉ាតូ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាទ្វេភាគី តំបន់ និងពហុភាគី ដែលជាការចាប់អារម្មណ៍រួម។ នៅចុងបញ្ចប់ នៃជំនួបនេះ ឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៣ ត្រូវបានចុះហត្ថលេខា ដែលរួមមាន៖ ១.អនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងទីស្តីការគណៈរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ។ ២.អនុស្សរណៈយោគយល់ស្តីពី កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ សម្រាប់ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី និង៣.កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសហុងគ្រី។

ក្នុងសន្និសីទកំពូល CICA លើកទី៥ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងឌូសានបេ ប្រទេសតាជីគីស្ថាន សម្តេចតេជោបានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍនិងភាពរុងរឿង ពិតជាមិនអាច កើតមានជាដាច់ខាត ប្រសិនបើគ្មាន សន្តិភាព និងសន្តិសុខជារួមនោះទេ។ ហើយប្រសិនបើ គ្មានសន្តិភាពនិងសន្តិសុខ យើងក៏នឹងមិនអាច បំពេញបាននូវការសន្យា របស់យើងចំពោះ របៀបវារៈសកលរបស់អង្គការ សហប្រជាជាតិឆ្នាំ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពបានឡើយ។

លើសពីនេះ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមានបំណង ស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ CICA ទាំងអស់។ យើងគួរធ្វើការ កាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែង នឹងផ្តល់ឱកាសដ៏ល្អ សម្រាប់ប្រទេសជាសមាជិក CICA ដើម្បីពន្លឿនការតភ្ជាប់តំបន់ និងពង្រឹងប្រព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក។

ថ្នាក់ដឹកនាំ នៃសន្និសីទកំពូល CICA លើកទី៥ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះ បានគាំទ្រទាំងស្រុង នូវគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ឬខាងក្រៅរបស់រដ្ឋដទៃ។ ថ្នាក់ដឹកនាំ អះអាងយ៉ាងមុតមាំថា គ្មានរដ្ឋណាមួយ ឬរដ្ឋជាក្រុម មានសិទ្ធិធ្វើអន្តរាគមន៍ ទោះដោយផ្ទាល់ ឬដោយប្រយោលក្តី និងក្រោមហេតុផលណាក៏ដោយ ទៅក្នុងកិច្ចការផ្ទៃក្នុងឬខាងក្រៅ របស់រដ្ឋណាមួយផ្សេងទៀតឡើយ ដែលរួមមានទាំងគោលបំណង ផ្លាស់ប្តូរ រដ្ឋាភិបាលស្របច្បាប់។

ថ្នាក់ដឹកនាំក៏បានបញ្ជាក់ថា រដ្ឋនីមួយៗមានសិទ្ធិកំណត់ ប្រព័ន្ធនយោបាយរៀងៗខ្លួន ៕

ដោយ៖ ខា ដា

Facebook Comments

To Top