ព័ត៌មានជាតិ

នគរបាលបាត់ដំបង បដិសេធ ចំពោះព័ត៌មានចុះផ្សាយថា ផ្ទះលោក មាស នី មានគេលួចដុត

ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបដិសេធចោល ទាំងស្រុង ចំពោះព័ត៌មាន ដែលបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ផ្ទះលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានគេលួចដុត ។

ស្នងការខេត្តបាត់ដំបងថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណៈ មានការភ័ន្ដច្រឡំ ។ ការច្រានចោលចំពោះព័ត៌មាននេះ ក្រោយពីផ្ទះលោក មាស នី ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីរសៀលថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ តែទើបផ្សាយជាសាធារណៈ ក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃ១៩ មិថុនា ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះ មានអ្នកគាំទ្រលោក មាស នីថា ករណីឆេះផ្ទះនេះ មានគេលួចដុត។

តាមផេកហ្វេសប៊ុក របស់ស្នងការដ្ឋាន នគរបាលបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ជាស្នងការនោះ បានបង្ហាញការសោកស្តាយ ចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ។ លោកថា ក្នុងករណីអគ្គិភ័យមួយនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុពិតប្រាកដ យ៉ាងយកចិត្តទុកដាក់បំផុត។

ស្នងការដ្ឋាន នគរបាលបាត់ដំបងបញ្ជាក់ថា “ក្នុងនាមស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានដែលបានលើកឡើង ក្នុងបណ្តាញសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពិតប្រាដកដូចខាងលើ និងសូមសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញ សង្គមមេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ សូមអរគុណ”។

សូមរំលឹកថា កាលពីថ្ងៃទី ១៨ មិថុនា មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅចំណុចក្រុមទី១៨ ភូមិកម្មករ សង្កាតស្វាយប៉ោ ក្រុងបាត់ដំបង ដែលករណីនេះបណ្តាល ឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឲុ្យមនុស្សណាម្នាក់ រងរបួសដោយឧប្បត្តិហេតុនេះទេ ។ ក្នុងគ្រោះអគ្គិភ័យនេះ ក៏មានលំនៅដ្ឋានមួយជាកម្មសិទ្ធិរបស់លោក មាស នី ត្រូវបានរងការខូចខាតផងដែរ ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top