អន្តរជាតិ

រុស្ស៊ីអំពាវនាវឱ្យអត់ធ្មត់ អំឡុងពេលអាមេរិក បង្កើនយោធានៅមជ្ឈឹមបូព៌ា

បរទេស៖ អ្នកនាំពាក្យ របស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារថា វិមានក្រឹមឡាំង អំពាវនាវឱ្យភាគីទាំងអស់ បង្ហាញការអត់ធ្មត់ ចំពេលមានផែនការ របស់ក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនវត្តមានយោធា របស់ខ្លួននៅមជ្ឈឹមបូព៌ា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមលោក Peskov បានប្រាប់ក្រុមអ្នកកាសែតថា “យើងបានដឹងពីបញ្ហានេះ ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ហើយយើងពិតជា សូមអំពាវនាវដល់ភាគីទាំងអស់ ឱ្យបង្ហាញការអត់ធ្មត់។ យើងប្រាកដជា មិនចង់ឃើញជំហានណាមួយ ដែលអាចនាំឱ្យ មានការកើនឡើងបន្ថែមទៀត នៅក្នុងតំបន់ ដែលមិនមានភាពស្ងប់ស្ងាត់នោះទេ” ។

ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃអង្គារថា ផែនការរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនវត្តមានយោធា របស់ខ្លួននៅមជ្ឈឹមបូព៌ា ជាមធ្យោបាយដាក់សម្ពាធលើអ៊ីរ៉ង់ អាចត្រូវបានគេមើលឃើញថា ជាបំណងចេតនាបង្កសង្គ្រាម នៅក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top