នយោបាយ

កម្ពុជានឹងប្រារព្ធខួប៤២ឆ្នាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាខួប៤២ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលជារបបយ៉ង់ឃ្នង ដោយបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់អស់រាប់លាននាក់ ដើម្បីរំលឹកនូវការឈឺចាប់នេះ កម្ពុជានឹងប្រារព្ធកម្មវិធីនេះឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការផេកហ្វេសប៊ុក លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» ត្រូវបានកម្ពុជាប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្តែងការដឹងគុណចំពោះការលះបង់ជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន និង សមមិត្តរួមដំណើរផ្សេងៗទៀត ក្នុងការស្វះស្វែងរកជំនួយដើម្បីរំដោះប្រជាជនកម្ពុជា។

រាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិនេះ ត្រូវបានឆ្លាក់នៅវិមានឈ្នះឈ្នះដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រពីប្រវត្តិនៃការតស៊ូដ៏លំបាកបំផុតនេះ។

ហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងការពារជាតិឲ្យដឹងទៀតថា ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំមុននោះ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់វៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ប៉ុលពត។

ការចូលទៅកាន់វៀតណាមពេលនោះ គឺជាការយកជីវិតធ្វើជាដើមទុនទាំងប្រថុយប្រថាន ដោយសារតែពេលនោះ កម្ពុជា-វៀតណាម ស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នា ដូច្នេះហើយ ទាហានវៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហម ដែលមានបំណងចូលទៅវាយឆ្មក់។ ណាមួយទៀត ការដើរឆ្លងព្រំដែនកម្ពុជា-វៀតណាម ក៏ប្រឈមនឹងការជាន់មីន ដែលមើលមិនឃើញថែមទៀត។

នៅពេលដែលឆ្លងចូលទៅដល់វៀតណាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានសួរព័ត៌មានជាច្រើនលើកពីកងទ័ពវៀតណាម រហូតបានធ្វើឲ្យវៀតណាមជឿទុកចិត្តថា សម្តេចតេជោ រួមទាំងយុទ្ធមិត្តទាំង៤នាក់ មិនមែនជាបក្ខពួករបស់ប៉ុលពត ដែលបញ្ជូនមកវាយឆ្មក់វៀតណាមទេ។ បន្តិចម្តងៗ សម្តេចតេជោ បានធ្វើឲ្យវៀតណាមកាន់តែទុកចិត្ត ហើយយល់ព្រមជួយ ដើម្បីពួតដៃគ្នាវាយផ្តួលរំលំរបបប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជាជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕

Facebook Comments

To Top