អន្តរជាតិ

អ្នកការទូតកូរ៉េខាងត្បូង ថាជាសញ្ញាល្អ សម្រាប់ការបន្ដ ចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូ លោកស្រី Kang Kyung-wha បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មាន “សញ្ញាល្អ” ដែលចង្អុលបង្ហាញ ពីការបន្តកិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រីបានប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ នៅពេលវិលត្រឡប់ពីទីក្រុងម៉ូស្គូ នៅពេលសួរថា តើមានការផ្លាស់ប្តូរថ្មី ដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរ ដែលបានបញ្ឈប់ឬយ៉ាងណា ប៉ុន្ដែលោកស្រី មិនបានបញ្ជាក់លម្អិតថា អ្វីដែលជាសញ្ញាល្អទាំងនោះទេ។

លោកស្រី Kang បានវិលត្រឡប់ ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសរុស្ស៊ី ដែលលោកស្រី បានធ្វើកិច្ចចរចា ជាមួយសមភាគី របស់លោកស្រី លោក Sergey Lavrov ស្តីពីបញ្ហាទ្វេភាគីសំខាន់ៗ រួមទាំងបញ្ហាចុងក្រោយបង្អស់ អំពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕
ដោយ ៖ឈូក បូរ៉ា

Facebook Comments

To Top