នយោបាយ

អ្នកនយោបាយកូរ៉េ ប្រើឥទ្ឋិពល នយោបាយ ខុសច្បាប់ មកលើគំរោង CAMKO CITY

ភ្នំពេញ៖ នៅពេលនិយាយ ដល់រឿងក្តីក្តាំ របស់ក្រុមហ៊ុនវើលដ៍ ស៊ីធី ដែលជាក្រុមហ៊ុន កំពុងវិនិយោគទីក្រុងរណបCAMKO CITYដែលបាន និងកំពុងអូសបន្លាយ និងត្រូវបានអ្នកនយោបាយ កូរ៉េចូលរួម ពាក់ព័ន្ឋលើកិច្ចការនេះ ដែលធ្វើaឲ្យនីតិវិធីក្នុងតុលាការកម្ពុជា កាន់តែមានភាពស្មុគ្រស្មាញ។

នៅក្នុងការដាក់ដំណើរ ការនីតិ វិធីដើម្បីបញ្ចប់នូវជម្លោះនេះ អ្វីៗកាន់តែមានសភាព កាន់តែអួរអាប់ បើទោះបីជាក្រុមហ៊ុនវើលដ៍ ស៊ីធី តែងតែបង្ហាញ សឆន្ទៈដោះស្រាយដើម្បី បញ្ចប់បញ្ហាក្តី។ រឿងវិវាទនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ហើយរឿងក្តីនេះបានបន្តអូស បន្លាយរហូត ទល់ពេលនេះ ខណៈសំណុំរឿងនេះ បានឈានមកដល់ សាលាឧទ្ទរណ៍ មុនពេលរឿងក្តីនេះ ត្រូវជំនំជំរះបញ្ចប់។

លោកKim Sang Jooនាយកគ្រប់គ្រងទីទៅនៃគម្រោងCAMKO CITYបានមានប្រសាសន៍ប្រាប់ អ្នកសារព៌តមានកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩កន្លងមកបានឲ្យដឹងថា កន្លងមក សមាជិកសភាកូរ៉េខាងត្បូងលោកJeon Jae Suដែលបានមកកម្ពុជា និងបានចូលរួមក្នុងសវនាកាសាលាឧទ្ទរណ៍កាលពីសប្តាហ៍មុន បានចោទប្រកាន់ក្រុមហ៊ុនវើលដ៍ ស៊ីធី ថាជាអ្នកធ្វើឲ្យធនាគារប៊ូសានដែលជាធនាគារ ផ្តល់មូលនិធិដល់ការបង្កើតទីក្រុងរណប ដំបូងគេនៅក្រុងភ្នំពេញដួលរលំ។ លោក KIM បានឆ្លើយតបថា ការលើកឡើងរបស់សមាជិកសភារូបនោះ គឺមិនត្រឹមត្រូវទេព្រោះថាក្នុងគ្រានៃការដួលរលំរបស់ ធនាគារនេះ ទឹកប្រាក់កម្ចីខូចមានចំនួនជាង ៤០០០លានដុល្លារអាមេរិក ខណៈដែលទឹកប្រាក់ប្រហែលជាជិត ១៣៧ លានដុល្លាអាមេរិកតែប៉ុណ្ណោះ ត្រូវបានវិនិយោគគម្រោងទីក្រុង Camko។

លោកបានពន្យល់ថា បន្ទាប់ពីធនាគារ ប៊ូសានដួលរលំ ស្ថាប័នមួយឈ្មោះក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើរកូរ៉េKorea Deposit Insurance Corporation(KDIC) បានទទួលបន្ទុកការងារ ប្រមូលកម្ចី ខូចដែលធនាគារប៊ូសានធ្លាប់ផ្តល់ អោយទៅគម្រោងនានា នៅគ្រាមុនក្ស័យធន។ ជាការកត់សម្គាល់ ស្ថាប័ននេះប្រមូល បានតិចជាង ៤០ភាគរយនៃទឹកប្រាក់ដែល ធនាគារប៊ូសានបាន ផ្តល់ទៅឱ្យគម្រោងផ្សេងៗ នៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ស្ថាប័ននេះ មិនទាន់បានប្រមូលកម្ចី ដែលខ្លួនបានឱ្យគម្រោងទីក្រុង Camko នៅឡើយទេ ដោយសារតែមានការតវ៉ាពី ក្រុមហ៊ុនវើលដ៍ ស៊ីធីទៅលើទឹកប្រាក់ ដែលស្ថាប័ននេះ បានទាមទារលើសលុបពីក្រុមហ៊ុនវើលដ៍ ស៊ីធី។

លោកបន្ថែមថា ក្រុមហ៊ុនវើលដ៍ ស៊ីធីមិនមែន ជាអ្នកខ្ចីកម្ចីពីធនាគារប៊ូសាននោះទេ។ តាមពិតទៅធនាគារនេះ បានផ្តល់កម្ចីអោយ ក្រុមហ៊ុនកូរ៉េមួយឈ្មោះ LMW ហើយក្រុមហ៊ុន LMW នេះបានផ្តល់កម្ចីមក ក្រុមហ៊ុនវើលដ៍ ស៊ីធីក្នុងទឹកប្រាក់ចំនួនប្រហែលជា ១៣៧ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនវើលដ៍ ស៊ីធីមានកាតព្វកិច្ចទូទាត់ប្រាក់ ជូនតែទៅក្រុមហ៊ុន LMW តែប៉ុណ្ណោះ ហើយ ក្រុមហ៊ុន LMW និងធនាគារ ប៊ូសានគួរដោះស្រាយវិវាទផ្ទាល់ខ្លួន មិនគួរអោយពាក់ព័ន្ធនឹង ក្រុមហ៊ុន វើលដ៍ ស៊ីធីទេ។ ប៉ុន្តែ ក្រុមហ៊ុនវើលដ៍ ស៊ីធីក៌ចង់បញ្ចប់ វិវាទរវាងក្រុមហ៊ុនទាំងពីរ នេះដែរ ទើបខ្លួនបានស្នើកាត់ដី៥០ហិកតា ដែលមានតម្លៃរហូតដល់ ៥០០លានដុល្លារជូនដល់ស្ថាប័នKDICក្តី ប៉ុន្តែស្ថាប័ននេះបានទាមទារ សំណងរហូតដល់៦០០ លានដុល្លារ ពីក្រុមហ៊ុនវើលដ៍ ស៊ីធី ដែលជាការទាមទារ មិនអាចទទួលយកបាន។

លោក Kim Sang Joo បានបន្តថា “ក្រុមហ៊ុនវើលដ៍ ស៊ីធីនៅតែស្វាគមន៍ និងអង្គុយច ចាដើម្បីបញ្ចប់សំណុំរឿងនេះ ហើយគ្មានចេតនាណាមួយ ដើម្បីគេចវេស មិនដោះស្រាយនោះទេ”។ លោកបន្តថា “យើងចង់ បញ្ចប់រឿងនេះ ដើម្បីអាចឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍន៍គម្រោងនេះតទៅមុខទៀត ហើយបើទោះ ក្រុមហ៊ុនវើលដ៍ ស៊ីធីឈ្នះរឿងក្តីនេះ នៅតុលាការ កម្ពុជាក៏ដោយ ក៏ក្រុមហ៊ុននៅតែមាន ចេទនាបន្តផ្តល់​ លុយដែលធនាគារប៊ូសាននេះ ផ្តល់ដល់គម្រោង ខាមខូត្រលប់ ទៅធនាគារនេះវិញជាមួយ នឹងប្រាក់បន្ថែមសមរម្យ។

លោកKim Sang Jooបានចាត់ទុក សមាជិកសភា កូរ៉េខាងត្បូងលោក Jeon Jae Su ដែលបានលូកដៃចូលក្នុងរឿងនេះ និងបានទៅកាន់ សាលាឧទ្ទរណ៍កាលពីថ្ងៃទី១៤ មិថុនាកន្លងមកនេះ ជាបុគ្គល ប្រើអារម្មណ៍ផ្ទល់ខ្លួន តាមរយៈការលើកឡើងពីអ្វីដែលគាត់ បាននិយាយថា ដើម្បីជួយប្រជាជន រងគ្រោះជាជនជាតិកូរ៉េ ប៉ុន្តែការពិតគាត់ចង់បានប្រជា ប្រិយភាព ដើម្បីប្រជាជនបោះឆ្នោតជូនគាត់ ព្រោះប្រទេសកូរ៉េ នឹងធ្វើការបោះឆ្នោតជ្រើសរើស សមាជិកសភានៅឆ្នាំ ២០២០ខាងមុខនេះ។

លោកបានបន្តថា “ប្រសិនជាសមាជិក​សភាកូរ៉េរូបនេះមានចេតនាដោះស្រាយរឿងនេះ និងមាន សុឆន្ទៈដោះស្រាយរឿងនេះ ដើម្បីជួយប្រជាជនកូរ៉េពិតប្រាកដ លោកគួរជម្រុញស្ថាប័ន KDIC អោយទទួលយកសំណើរ ដែលក្រុមហ៊ុនវើលដ៍ ស៊ីធីបានធ្វើឡើង ដើម្បីយកជូនប្រជាជនកូរ៉េ ដែលលោកអះអាងថា ពួកគេជាអ្នករងគ្រោះ”។

លោកKim Sang Jooបានបន្តឲ្យដឹងថា “តុលាការកម្ពុជាក៏ធ្លាប់ព្យាយាម សម្របសម្រួលរឿងនេះផងដែរ ប៉ុន្តែKDICបន្តបដិសេធ ហើយក្រុមហ៊ុនវើលដ៍ ស៊ីធីក៏ព្យាយាមសម្របសម្រួលនិងចចាដើម្បីបញ្ចប់ក្តីក្តាំនេះផងដែរ”។

ទាក់ទងករណីអគ្គនាយក ក្រុមហ៊ុននេះ ត្រូវប៉ូលីសស្វែងរកចាប់ខ្លួន លោកKim Sang Jooបានពន្យល់ថា KDIC បានដាក់បណ្តឹង រដ្ឋប្បវេណី (ការលុបចោលទង្វើគៃបន្លំ) ប្រឆាំងនឹងវិនិយោគិនរបស់ ក្រុមហ៊ុន LMW និងបានចោទប្រកាន់លោកLee អគ្គនាយកក្រុមហ៊ុន LMW ដោយខុសប្រក្រតី ទៅកាន់ ការិយាល័យអយ្យការ មុនពេលធ្វើការសន្និដ្ឋានសំណុំ រឿងរដ្ឋប្បវេណីនេះ។ ការិយាល័យអយ្យការបានស្នើសុំឱ្យលោកLeeចូលរួម ក្នុងនីតិវិធីសាកសួរ ប៉ុន្តែលោកLee បានស្នើសុំឱ្យមាន ការយោគយល់ ដោយលោកបានលើកឡើង ពីស្ថានភាពបន្ទាន់របស់ គម្រោង ដែលមិនអនុញ្ញាត ឱ្យលោកអវត្តមានពីប្រទេសកម្ពុជា ដើម្បីទៅបង្ហាញខ្លួនបាននោះទេ។ លោកLee បានបង្ហាញពីបំណងរបស់គាត់ ក្នុងការផ្ញើអំណះអំណាង ជាលាយលក្ខណ៍អក្សរ ជំនួសវិញដើម្បីជាការឆ្លើយតបនឹងសំណួររបស់ ការិយាល័យអយ្យការ។
ប៉ុន្តែយការិយាល័យអយ្យការ មិនពិចារណា ឱ្យបានច្បាស់លាស់អំពីភាពចាំបាច់ របស់គម្រោង នោះទេ គឺព្យាយាមធ្វើបត្យាប័នលោកLee តាមរយៈការចេញដីកាចាប់ខ្លួន និងការទទួលបាន “ប្រតិវេទន៍ក្រហម” ពីប៉ូលិសអាំងទែប៉ូល។ តាមពិតទៅ សំណុំរឿងនេះ គឺជាប់ពាក់ព័ន្ធថា តើការសងបំណុលរបស់LMW ជាទង្វើគៃបន្លំតាម ច្បាប់រដ្ឋប្បវេណី ដែរឬយ៉ាងណា។ ដូច្នេះ សំណុំរឿងនេះ គួរតែត្រូវសម្រេច ដោយតុលាការ រដ្ឋប្បវេណីមិនមែនតុលាការព្រហ្មទណ្ឌនោះទេ។

លោកបន្តថា “ករណីបែបនេះធ្លាប់ត្រូវបានធ្វើឡើងម្តងរួចមកនៅអយ្យការតុលាការកំពូលប្រទេសកូរ៉េក្នុងឆ្នាំ២០១១ ប៉ុន្តែតុលាការកំពូលប្រទេសកូរ៉េសម្រេចថា លោក Leeគ្មានទោសពៃទេ ហើយសំណុំរឿងនោះក៏បានបញ្ចប់។ ប៉ុន្តែពេលនេះពួកគេបានរៀបចំជាថ្មី ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនលោកLee ឲ្យបានសិន”។

លោកKim Sang Jooបានបន្តថា តាមពិតស្ថាប័នKDICមិនមានសមត្ថភាព ឬមូលដ្ឋាន ណាមួយដើម្បីប្រមូលលុយនោះទេ ហេតុនេះហើយទើប ពួកគេយកសមាជិក សភាកូរ៉េមកចូលរួមដើម្បីបង្កើតឲ្យមាន ការចាប់អារម្មណ៍។ ទី២ ក្រុមហ៊ុនវើលដ៍ ស៊ីធីចង់បញ្ជាក់ថាយើងនៅតែមានឆន្ទៈ សងត្រលប់ទៅតាម ទំហំសាច់ប្រាក់ តាមពេលវេលាសមស្របណាមួយដើម្បី បញ្ចប់រឿងក្តីនេះ ទី៣ យើងជឿជាក់ថាតុលាការកម្ពុជានឹងផ្តល់ នូវយុត្តិធ៌មដល់ សំណុំរឿងនេះ និងមិនរងសម្ពាធ ណាមួយពីភាគីណានោះទេ។

ជាមួយគ្នានេះលោក បានសំណូមពរដល់ រដ្ឋាភិបាលកម្ពុជា មេត្តាផ្តោតការយកចិត្តទុកដាក់ និងគាំទ្រដល់គម្រោង ទីក្រុងរណបCAMKO ដែលជាគម្រោងធំជាងគេ នៅកម្ពុជា ដែលបានផ្តល់ការអភិវឌ្ឍ និងផ្លាស់ប្តូរមុខមាត់ រាជធានីភ្នំពេញ និងបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋ ដទៃទៀត៕ ដោយ៖ ច្រាយ ចំណាន

Facebook Comments

To Top