នយោបាយ

មនុស្សជំនិតលោក កឹម សុខា ហៅ លោកអ៊ូ ច័ន្ទឫទិ្ធ ជាអ្នកពាំពាក្យ របស់ស្ថាប័នខ្យល់មួយ ដែលហៅថា «គណៈកម្មការ រៀបចំមាតុភូមិនិវត្តន៍»

ភ្នំពេញ ៖ ធ្លាប់ស្ថិតនៅក្រោមទ្រនំជាមួយគ្នា ក្នុងជួរគណបក្សសិទ្ធិមនុស្ស ដែលមានលោក កឹម សុខា ជាមេបក្សកាលពីអតីតកាល លោក មុត ចន្ថា ដែលគេដឹងថា ជាមនុស្សជំនិតនិងអ្នកគាំទ្រលោក កឹម សុខា មិនងាករេនោះ បានធ្វើការរិះគន់ លោក អ៊ូ ច័ន្ទឫទិ្ធ ដែលបានឡើងជាអ្នកនាំពាក្យ របស់គណៈកម្មការ រៀបចំមាតុភូមិនិវត្តន៍។

មនុស្សជំនិតលោក កឹម សុខា រូបនេះ បានហៅ លោក អ៊ូ ច័ន្ទឫទិ្ធ ជាអ្នកពាំពាក្យ ក្នុងស្ថាប័នខ្យល់មួយ ដែលគេហៅថា «គណៈកម្មការរៀបចំមាតុភូមិនិវត្តន៍»។ លោកថា ឈ្មោះ ឬយីហោចាស់ ទំនងជាអស់តម្លៃពាំពាក្យ ព្រោះសហគមន៍ជាតិ និងអន្តរជាតិឈប់ជឿ ដោយសារនិយាយកុហក គ្មានការពិត អស់រយៈពេលជិត ២ឆ្នាំមកនេះ។

យោងតាមសេចក្តីប្រកាស របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញពីក្រៅប្រទេសមក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានជួបប្រជុំគ្នា នៅអាមេរិក កាលពីថ្ងៃទី១៤ មិថុនា និងបានសម្រេចចាត់តាំងឯកឧត្តម អ៊ូ ច័ន្ទឫទិ្ធ ជាអ្នកនាំពាក្យ នៃគណៈកម្មការរៀបចំ ដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ”។

«គណៈកម្មការរៀបចំមាតុភូមិនិវត្តន៍»នេះ សម្រាប់រៀបចំផែនការ និងយុទ្ធសាស្រ្តឲ្យ លោក សម រង្ស៊ី វិលត្រឡប់មកវិញ នៅចុងឆ្នាំ២០១៩ ។ នេះបើតាមលោកស្រី មូរ សុខហួរ អះអាង។

លោកអ៊ូ ច័ន្ទឫទិ្ធ ដែលគេដឹងថា ជាបងប្អូនរបស់លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់ជាមនុស្សជំនិត របស់លោក កឹម សុខា ដូចគ្នានោះ បានទៅចុះចូល ជាមួយក្រុមលោក សម រង្ស៊ី ប៉ុន្តែត្រូវភាគីម្ខាងទៀត ដែលនៅតែមានភក្តីភាព គាំទ្រលោក កឹម សុខា មិនងាករេនោះ បានសម្តែងការមិនពេញចិត្ត លើលោក អ៊ូ ច័ន្ទឫទិ្ធ។

លោក មុត ចន្ថា ក៏បង្ហើរបែបន័យឌឺដងផ្លែផ្កាថា អបអរសាទរអ្នកពាំពាក្យស៊េរីថ្មី ឆ្នាំ២០១៩ លោក អ៊ូ ច័ន្ទឫទិ្ធ។
លោកបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ មិថុនាថា សាកល្បងយកប្រែនថ្មី មកពាំពា្យម្តង ក្រែងសមប្រកបបញ្ឆោតគេឯង បានខ្លះទៀត ដូច្នេះដាក់លោក អ៊ូ ច័ន្ទឫទិ្ធ ម្តងមើល ព្រោះគាត់ធ្លាប់ជា អតីតមន្រ្តីមកពីគណបក្សសិទ្ធិមនុស្ស ប៉ុន្តែប្រែនថ្មីនេះ ទំនងជាអន់ គ្មានពាក្យពាំទៀតទេមិនដឹង។

លោកក៏បានហៅចំណុចនេះថា ជាល្បិចក្តិចសង្អារឲ្យខាំគ្នា ឬល្បិចទាញភ្ជាប់ជាមួយនូវអ្វី ដែលគេហៅថា «គោលការណ៍កង់សង់ស៊ីស»។

លោក មុត ចន្ថា បានបញ្ជាក់ថា “ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទឫទិ្ធ ត្រូវបានយុទ្ធមិត្ត រួមអាជីពនយោបាយ ចាត់ទុកជាមនុស្សគ្មានគុណធម៌ ជាមួយបុព្វការីជនរបស់ខ្លួន ហើយយើងសង្ឃឹមថា លោក អ៊ូ ច័ន្ទឫទិ្ធ មិនតាំងខ្លួន ជាតំណាងឲ្យយើង ហើយយើងក៏មិនត្រូវការរូបលោក ធ្វើជាតំណាងរបស់យើងដែរ” ។

ទាក់ទងទៅនឹង ដំណើរមាតុភូមិនិវត្តន៍ របស់ក្រុមប្រឆាំងនៅប្រទេសនេះ លោកអះអាងថា ពួកគេអាចរកច្រក រត់គេចពីស្រុកកំណើតបាន ដូច្នេះគ្មានអ្វីពិបាកទេ សម្រាប់អ្នកក្នុងការរកច្រក ចូលស្រុកវិញ។ បើសិនជាអ្នក ពិតជាមានឆន្ទៈវិលត្រឡប់វិញ គ្មានអ្វីពិបាកទេ ដោយគ្រាន់តែចំណាយលុយ ទិញសំបុត្រយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលខ្លួនពេញចិត្ត រួចឡើងជិះយន្តហោះមកជាការស្រេច។

មនុស្សជំនិតលោក កឹម សុខា បានថ្លែងទៀតថា “ប៉ុន្តែគេពុំគួរកេណ្ឌពលរដ្ឋស្លូតត្រង់ ដើម្បីធ្វើជាខែលការពារខ្លួន ពីការប៉ុនប៉ងចាប់ខ្លួន ពីសំណាក់អ្នកដឹកនាំបច្ចុប្បន្ន ព្រោះវាជាទង្វើអគុណធម៌។ អ្នកនយោបាយគុណធម៌ មិនគួរយកការឈឺចាប់ របស់ពលរដ្ឋស្លូតត្រង់ ដើម្បីសម្រេច គោលបំណងនយោបាយខ្លួនឡើយ” ៕

Facebook Comments

To Top