នយោបាយ

លោក សម រង្ស៊ី៖ សម្ដេចតេជោ មិនហ៊ានប្ដឹង ទៅតុលាការប្រទេសបារាំង ករណីលោកចោទ សម្ដេចសម្លាប់លោក ហុក ឡង់ឌី (មានវីដេអូ)

ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្រកាសរួមគ្នាថា បាននិងកំពុងសិក្សា រៀបចំឯកសារប្ដឹងទណ្ឌិត សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ដើម្បីស្វែងរកយុត្តិធម៌តម្លៃសកល ជូនសម្តេចទាំងពីរនោះ លោក សម រង្ស៊ី បានថ្លែងអះអាងថា សម្ដេចតេជោ មិនហ៊ានប្ដឹងរូបលោកនោះទេ ។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្រកាសរួមគ្នាថា បាននិងកំពុងសិក្សារៀបចំ ឯកសារប្ដឹងទណ្ឌិតសម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ដើម្បីស្វែងរកយុត្តិធម៌ តម្លៃសកលជូនសម្តេចទាំងពីរ បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់ ដោយគ្មានហេតុផលថា សម្តេចជាអ្នករៀបចំ គម្រោងសម្លាប់លោក ហុក ឡង់ឌី អតីតស្នងការ នគរបាលរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨ នៅខេត្តស្វាយរៀង។

តាមរយៈវីដេអូជាង ១០នាទី ដែលបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មិថុនា លោក សម រង្ស៊ី បានថ្លែងថា “ថ្ងៃនេះខ្ញុំសូមជូនព័ត៌មាន បងប្អូនកូនក្មួយស្ដីពីបំណង លោក ហ៊ុន សែន ដែលចង់ប្ដឹងខ្ញុំ នៅចំពោះមុខ តុលាការប្រទេសបារាំង ដែលខ្ញុំទើបតែបានទទួលព័ត៌មាន ពីមជ្ឈដ្ឋានជិតស្និទ្ធ ជាមួយលោក ហ៊ុន សែន បានឲ្យខ្ញុំដឹងថា ទីបញ្ចប់លោក ហ៊ុន សែន អត់ហ៊ានប្ដឹងខ្ញុំទេ ពីព្រោះគាត់ដឹងថា បើគាត់មកប្ដឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំង គឺគាត់ច្បាស់ជាចាញ់ ព្រោះខ្ញុំមានភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោក ហ៊ុន សែន និងភរិយារបស់គាត់ គឺជាឃាតកទាំងពីរនាក់ មានសំណុំរឿងជាច្រើន ដែលបង្ហាញថាគ្រួសារ ហ៊ុន សែន ជាគ្រួសារឃាតក” ។

លោក សម រង្ស៊ី បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក ហុក ឡង់ឌី សម្លាប់លោក ជា វិជ្ជា ហើយក្រោយពីលោក ជា វិជ្ជា ស្លាប់ទៅសម្ដេចតេជោ បានបញ្ជាសម្លាប់លោក ហុក ឡង់ឌី ដើម្បីកុំឲ្យបែកការណ៍ ។ លោកថា សម្ដេចតេជោ ក៏មិនហ៊ានប្ដឹងលោករឿង លោកចោទប្រកាន់សម្ដេចថា សម្លាប់លោកបណ្ឌិត កែម ឡីដែរ ។

លោក សម រង្ស៊ី បញ្ជាក់ថា ដាច់ខាតសម្ដេចតេជោ ត្រូវតែប្ដឹងលោក បើមិនដូច្នោះទេ គឺបានន័យថា សម្ដេចតេជោសារភាពថា សម្ដេចជាឃាតកពិតប្រាកដ ។ លោកថា កាយវិការរបស់ សម្ដេចម្ដងថាប្ដឹង ម្ដងថាមិនប្ដឹង គឺបញ្ជាក់ច្បាស់ថា សម្ដេចបានសម្លាប់លោក ហុក ឡង់ឌី យ៉ាងពិតប្រាកដ ៕

ដោយ៖ ខា ដា

Facebook Comments

To Top