នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា គ្មានអ្នកហាមឃាត់ មិនឲ្យលោកសម រង្ស៊ី ចូលស្រុកនោះទេ (មានវីដេអូ)

ភ្នំពេញ ៖ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្មានអ្នកណាម្នាក់ហាមឃាត់ មិនឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលស្រុកខ្មែរនោះទេ ពីព្រោះ លោក សម រង្ស៊ី ក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ។

លោក សម រង្ស៊ី តែងតែប្រកាសប្រាប់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅបរទេសថា នឹងចូលស្រុកខ្មែរនៅឆ្នាំ២០១៩នេះ ដូចការសន្យារបស់លោកនាពេលកន្លងមក ។ កាលពីដើមសប្តាហ៍មុនក្នុងកិច្ចប្រជុំជាមួយអតីតមន្រ្តីជំនិតប្រហែលជា១០រូប នៅលើទឹកដីអាមេរិក ពួកគាត់បានរៀបចំដាក់ផែនការ និងយុទ្ធសាស្រ្តដើម្បីឲ្យលោក សម រង្ស៊ី បានត្រឡប់មកមាតុប្រទេសវិញ។ ជាមួយគ្នានេះ លោកស្រី មូរ សុខហួរ បានថ្លែងថា លោក សម រង្ស៊ីអាចនឹងមកវិញនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះ។

សម្ដេច ស ខេង មានប្រសាសន៍ថា “កាលពីម្សិលមិញ (លោក សម រង្ស៊ី) បានប្រកាសថាចូលស្រុក ខ្ញុំថា គ្មានពីណាហាមឃាត់ចូលមក បើថាចង់ចូល-ចូលមក គ្មានពីណាហាមឃាត់ទេ។ គ្រាន់ថា បើសិនជាមានដីកាអនុវត្តតាមណុងទៀត។ ប៉ុន្ដែចាំបាច់សុំច្បាប់ចូលស្រុកធ្វើអីព្រោះគាត់ជាខ្មែរ ចាំបាច់សុំច្បាប់ឲ្យគាត់ ចូលមកអាហ្នឹងរឿងរបស់គាត់តើ” ។

ពាក់ព័ន្ធសន្តិសុខវិញ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា កិច្ចការការពង្រឹងសុខសន្ដិភាព និងស្ថេរភាពនយោបាយ គឺជាចំណុចអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យកម្ពុជាមានសេចក្តីសុខ។

សូមរំលឹកថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងរងពាក្យបណ្តឹងមិនក្រោម១០ទេ។ រឿងក្តីក្តាំរបស់លោកនៅតុលាការ ក្នុងនោះមានបណ្តឹងមួយចំនួនក៏ត្រូវបានកាត់ក្តីរួចរាល់ និងមួយចំនួនទៀតកំពុងតែដំណើរការនៅឡើយ។ បច្ចុប្បន្នលោកកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីដីកាចាប់ខ្លួនរបស់តុលាការដែលលោកចាត់ទុកថា ជាតុលាការឋិតក្រោមអំណាចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top