កីឡា

រដ្ឋមន្ដ្រីទេសចរណ៍ ជំរុញឲ្យវិស័យកីឡា ចូលរួមលុបបំបាត់ ផលិតផលថ្នាំជក់

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានជំរុញឲ្យវិស័យកីឡា ចូលរួមលុបបំបាត់ ផលិតផលថ្នាំជក់ ខណៈកីឡា គឺជាគំរូបនៃការផ្លាស់ប្ដូរ ផ្នត់គំនិតប្រជាពលរដ្ឋ ជាពិសេសយុវជន មិនឲ្យប្រើប្រាស់ថ្នាំ ជក់បន្ដទៀត។

ក្រោយបញ្ចប់ពិធីរត់ប្រណាំង ភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិលើកទី៩ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក ថោង ខុន បានថ្លែងថា ក្នុងនាមកីឡាករគំរូម្នាក់ អ្នកអាចជួយយុវជនគេចផុតពីការ ចាប់យកទម្លាប់ដែលធ្វើឲ្យស្លាប់ ដោយការគាំទ្របរិយាកាស គ្មានផ្សែងបារី។

លោកមានប្រសាសន៍ថា “កីឡាករចូលរួមលុបបំបាត់ ផលិតផលថ្នាំជក់នេះ កាន់តែមានភាពជោគជ័យនោះ កីឡាករ គ្រូបង្វឹក និងអ្នកគ្រប់គ្រងកីឡាករទាំងអស់ មិនត្រូវប្រើប្រាស់ថ្នាំជក់នៅពេលជាប់ពាក់ព័ន្ធជាមួយសកម្មភាពកីឡានោះទេ។ ម្យ៉ាងវិញទៀត គ្មានការផ្សាយពាណិជ្ជកម្ម ការផ្សាយលក់ ការឧបត្ថម្ភ ផលិតផលថ្នាំជក់ និងពេលប្រកួតកីឡាដើម្បីថែរក្សាព្រឹត្តិការណ៍កីឡាឲ្យមានសុវត្ថិភាព និងសុខភាពកីឡា ទស្សនិជន មន្រ្ដីកីឡា និងអ្នកស្ម័គ្រចិត្តត្រូវបានការពារពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការស្រូបផ្សែងបារី”។

សូមរំលឹកថា នៅកម្ពុជាមានប្រជាពលរដ្ឋ ប្រមាណ១០០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺបង្កឡើង ដោយការប្រើប្រាស់ថ្នាំជក់ ខណៈការព្យាបាលជំងឺទាំងនេះ ត្រូវចំណាយយ៉ាងហោចណាស់ ក៏១៦២.៧០លានដុល្លារ ក្នុង១ឆ្នាំៗ ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top