ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីថ្វាយព្រះពរ សម្តេចម៉ែ

ភ្នំពេញ៖ ទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅព្រឹកអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានរៀបចំ ប្រារព្ធពិធី សូត្រមន្ត ចម្រើនព្រះបរិត្ត និង រាប់បាត្រព្រះសង្ឃ៨៤អង្គ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចម្រើនព្រះវស្សាគម្រប់ ៨៣ យាង ចូល ៨៤ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សហការី នៃកាកបាទក្រហមកម្ពុជា និងសប្បុរសជន ទាំងអស់បានលើកហត្ថ ប្រណម្យ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សា ព្រះមហា ស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី សូមជួយបីបាច់ ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតា ជាតិខ្មែរជាទីគោរព សក្ការ: ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕

Facebook Comments

To Top