ព័ត៌មានជាតិ

ពិតជាហេងមែន ប៉ូលីសតាមចាប់ជនជាតិចិន កក្រើកជាយដែនប៉ោយប៉ែត បែរជាប៉ះជនជាតិថៃ៧នាក់ កំពង់លក់និងជក់ គ្រឿងញៀនវិញ

បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី៧នាក់ ត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញពួកជនសង្ស័យទាំងនេះ ជាប់ពាក់ពន្ធ័ករណីលក់និងជក់គ្រឿងញៀន នៅលើអាគារជួលមួយកន្លែង ក្នុងចំណុចក្រោយកាស៊ីណូរីសត ភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រោយសួរនាំ ពួកគេត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោក សាង សុខុម អធិការរងផែនប្រឆាំងការជួញដូរគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនជាតិថៃដែលសមត្ថកិច្ចចាប់ខ្លួន រួមមាន ៖ ឈ្មោះ ថៈណាណាត់ កឺតណយភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន។ ឈ្មោះ ធុងឆៃ សីតធិ កន មេថាគុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន។ ឈ្មោះ ចាន់ថា គៀតទិគុណកាងវាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃមុខរបរគ្មាន។ ឈ្មោះ ម៉ាលិនី ឃុងដេត ភេទស្រីអាយុ៣២ឆ្នាំ ភេទស្រី ជនជាតិថៃ មុខរបរគ្មាន។ ឈ្មោះ ស៊ី បាកផយ ម៉ុងឃុនឆៃវុធ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន។ ឈ្មោះ សិរិកានយ៉ា តែងថង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ មុខរបរ អនឡាញ និងឈ្មោះ ខៀវ តាំង (ហៅទី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន។

ពាក់ព័ន្ធករណីនេះ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងដែរថា ក្រៅពីចាប់ខ្លួន ជនសង្ស័យ ទាំងសមត្ថកិច្ច បានដកហូតបានវត្ថុតាងជាច្រើន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៦កូនថង់ ម្សៅម៉ត់ ពណ៌ស សង្ស័យ ខេហិតចំនួន ៣ កូនថង់ ។ ថ្នាំគ្រាប់ចំនួន៥បំណែក សង្ស័យថ្នាំគ្រវី មានពណ៌ប្រផេះចំនួន២បំណែក , ពណ៌លឿង ១បំណែក , ផ្កាឈូក១បំណែក និងពណ៌ផ្កាឈូក ចំនួន១បំណែកសង្ស័យ WY(យ៉ាម៉ា)ជាប់នឹងក្រដាស់អាលុយមីញ៉ូម និងរបស់របរ មួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងផែន ព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យជនជាតិថៃទាំងនេះ ត្រូវបានចាប់ខ្លួនអំឡុងពេលដែលលោកដឹកនាំ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវតាមរកមុខសញ្ញាជនជាតិចិនក្នុងករណីចាប់ជម្រិត បែរជាឃើញជនជាតិ ថៃ កំពុងប្រមូលផ្តុំគ្នាលក់និងជក់គ្រឿងញៀន ទើបឃាត់ខ្លួនពួកគេយកមកសួរនាំតែម្តង។

បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments

To Top