នយោបាយ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៣

ស្វាយរៀង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្វាយរៀង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានអ្នកចូលរួម ប្រមាណ៤០០នាក់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់រីកចម្រើន លើគ្រប់វិស័យថែមទៀត ។ ហេតុនេះក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ ដោយមិនត្រូវប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

សម្តេចក្រឡាហោមស ខេងបានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

សូមបញ្ជាក់ថា នៅអាណត្តិទី៣នេះ ក្រុមប្រឹក្សាខេត្តស្វាយរៀង មានចំនួន២៣រូប ក្នុងនោះលោកជុំ ហាតត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាខេត្ត៕

Facebook Comments

To Top