នយោបាយ

ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បរិយាយ អំពីបញ្ហាជម្លោះ ពាណិជ្ជកម្ម រវាងចិន- អាមេរិក និងការជះឥទ្ធិពល មកលើកម្ពុជា

ភ្នំពេញ ៖ ក្នុងពេលថ្មីៗនេះ មិត្តកម្ពុជា និងស្ថាប័នសារព័ត៌មាន ជាច្រើន មានការយកចិត្តទុកដាក់ខ្ពស់ លើជម្លោះ ពាណិជ្ជកម្មរវាងចិន និងអាមេរិក ដោយព្រួយបារម្ភថា ប្រទេសមហាអំណាចទាំងពីរ នឹងមិនអត់អោនឲ្យគ្នា ហើយទុកឲ្យភ្លើង នៃសង្រ្គាមនេះកាន់តែរីកឆេះធំឡើងៗ និងកាន់តែធ្ងន់ធ្ងរ ជាងមុន ដែលអាចនាំឲ្យមាន ផលប៉ះពាល់អវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយ នៃពាណិជ្ជកម្មអន្តរជាតិ ពិសេស អាចនាំឲ្យមានផលប៉ះពាល់ ដល់ប្រយោជន៍ផ្ទាល់ របស់ប្រទេសនានា បូករួមទាំងកម្ពុជាផងដែរ ។ ធាតុពិតនៃ សង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិកមានសភាពបែបណា? ចិន និងអាមេរិកនឹងដោះស្រាយបញ្ហាវិវាទ ពាណិជ្ជកម្មទ្វេភាគីយ៉ាងដូចម្ដេច?
ប្រទេសកម្ពុជា អាចនឹងទទួលរងឥទ្ធិពល ពីទំនាស់ពាណិជ្ជកម្មចិន និង អាមេរិកដែរឬទេ? ខ្ញុំរីករាយនឹងបញ្ជាក់ជូននូវចំនុចមួយ ចំនួនដូចខាងក្រោម ៖

១. សហរដ្ឋអាមេរិក គឺជាដើមចម នៃជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ ការពិតតែងជម្នះ លើសង្រ្គាមពាក្យសម្ដីនានា ជាពិសេសសម្ដីដែលមិនមានមូលដ្ឋានត្រឹមត្រូវ។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កជម្លោះពាណិជ្ជកម្ម ជាមួយចិនជាលក្ខណៈឯកត្តោភាគី ប្រទេសចិន មិនមានវិធីផ្សេងឡើយ ក្រៅពីចាត់ឲ្យមានវិធានការ ក្នុងការឆ្លើយតបទៅវិញ ដើម្បីការពារកិត្តិយសជាតិ និងអត្ថប្រយោជន៍ជូនប្រជាជនខ្លួន ។ ស្របពេលជាមួយគ្នានោះ ប្រទេសចិនតែងរក្សាគោលជំហដោះស្រាយ វិវាទតាមរយៈកិច្ចសន្ទនា ដោយបានរៀបចំឲ្យមានកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិកដល់ទៅ ១១ លើក កិច្ចចរចាទ្វេភាគីធ្លាប់ទទួលបានការវិវឌ្ឍន៍ធំមានចំនួន ៣ លើកដែលសម្រេច បានកុងសង់ស៊ីស សំខាន់រួមគ្នា ប៉ុន្តែជារៀងរាល់លើក នៅពេលដែលទឹកប៊ិច នៃខ្លឹមសារកុងសង់ស៊ីស មិនទាន់ទាំងស្ងួតផង ភាគីអាមេរិក ស្រាប់តែប្រែក្រឡាស់ លោភលន់ហួសហេតុ បន្តលើកឡើងពីសំណូមពរដែលមិនសមហេតុផល ឥតប្រមាណ ។ ប្រទេសចិនមានពាក្យស្លោកមួយពោលថា “រឿងអ្វីមួយមិនគួរប្រព្រឹត្តលើសពីបីដងទេ”ទម្លាប់អាក្រក់គ្មានភាពសច្ចៈ និងល្បិចកលដដែលៗ របស់អាមេរិកបានរំលេចចេញយ៉ាងជាក់ច្បាស់ ។ នេះជាភស្ដុតាងច្បាស់ក្រឡែត! អាមេរិក គឺជាអ្នកញុះញង់ បង្កឲ្យមានជម្លោះពាណិជ្ជកម្មចិន និងអាមេរិក យ៉ាងពិតប្រាកដ ជា“បុគ្គលក្បត់ពាក្យសន្យា” “បុគ្គលមានជំហរាថយ”ពិតប្រាកដ, ទំនួលខុសត្រូវ ចំពោះឧបសគ្គយ៉ាងធ្ងន់ធ្ងរ ក្នុងជំនួបកិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិក ស្ថិតនៅលើអាមេរិកទាំងស្រុង ។

២. សហរដ្ឋអាមេរិកបានក្លាយជា“បុគ្គលបង្កភាពស្មុគស្មាញ” ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ។ សាកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជាលំនាំសម័យកាលមួយដែល មិនអាចរារាំងបាន, អភិរក្សនិយមគឺជាសត្រូវរួមរបស់សហគមន៍អន្តរជាតិ។ ការដែលសហរដ្ឋអាមេរិក ជ្រើសរើសសកម្មភាព បំពានដោយអំណាចលើ ផ្នែកពាណិជ្ជកម្មចំពោះប្រទេសនានារួមទាំងប្រទេសចិននោះ មិនត្រឹមគំរាមកំហែងដល់គុណប្រយោជន៍ចិន និងអាមេរិកផ្ទាល់ទេ ថែមទាំងបង្កជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិទៀតផង ។ ទីមួយ គឺជាការប៉ះពាល់ដល់តួនាទី នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ សហរដ្ឋអាមេរិក យោងតាមច្បាប់ក្នុងប្រទេសខ្លួន បើកការស៊ើបអង្កេតលក្ខណៈឯកត្តោភាគីចំពោះប្រទេសដទៃ និងចាត់វិធានការតំឡើងពន្ធគយលើពួកគេ នេះបំពានយ៉ាងធ្ងន់ធ្ងរចំពោះលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ នៃអង្គការពាណិជ្ជកម្មពិភពលោក នាំឲ្យប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី និងរបៀបរៀបរយ ពាណិជ្ជកម្មអន្តរជាតិ ប្រឈមនឹងការគំរាមកំហែងខ្លាំង ។ ទីពីរ គឺជាការប៉ះពាល់ដល់សំទុះ នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ សហរដ្ឋអាមេរិក បន្តបន្ថែមកម្រិតជម្លោះ ពាណិជ្ជកម្ម និងតំឡើងពន្ធគយថ្មី រុញច្រានឲ្យប្រទេស ពាក់ព័ន្ធមិនមានវិធីផ្សេងឡើយក្រៅពីចាត់ វិធានការទប់ទល់បកវិញ ធ្វើឲ្យរបៀបរៀបរយពាណិជ្ជកម្មពិភពលោកមានភាពរញ៉រញ៉ៃ រាំងស្ទះដំណើរ ងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បង្កឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុង “អន្ទាក់នៃការដើរ ថយក្រោយ”។ ទីបី គឺជាការប៉ះពាល់ដល់លំនឹងនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោក។ ចិន និងអាមេរិក គឺជាតំណភ្ជាប់សំខាន់នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់ពិភពលោក។ ផលិតផលសម្រេចដែលនាំចេញពីចិន ទៅកាន់ទីផ្សាសហរដ្ឋអាមេរិក រួមមានផលិតផលពាក់កណ្ដាលសម្រេច និងគ្រឿងបន្លាស់ដែលនាំចូលមក ពីប្រទេសដទៃជាច្រើន។ ការដែលសហរដ្ឋអាមេរិកតំឡើងពន្ធនាំចូលចំពោះផលិតផលចិន នាំឲ្យសហគ្រាសឆ្លងប្រទេសជាច្រើន រួមទាំងសហគ្រាសអាមេរិក ផ្ទាល់ដែលមានកិច្ចសហការ ជាមួយសហគ្រាសចិន ទទួលរងគ្រោះ ព្រមទាំង ជះឥទ្ធិពលដល់សន្ដិសុខ និងលំនឹងនៃខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលទៀតផង។

៣. ប្រទេសចិន ប្រកាន់គោលការណ៍ “ស្មើភាព ផ្ដល់ប្រយោជន៍ទៅវិញទៅមក និងសច្ចៈភាព” ជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មចិន និងអាមេរិក។ តើត្រូវដោះស្រាយ វិវាទពាណិជ្ជកម្មចិន និងអាមេរិកដោយវិធីណា? ឥរិយាបថរបស់ចិនមានភាពច្បាស់លាស់ និងមិនងាករេទេ នោះគឺការធ្វើឲ្យបាននូវ “ចំនុចដាច់ខាតពីរ”ទីមួយគឺដាច់ខាតត្រូវតែគោរពគ្នាទៅវិញទៅមក និងទទួលផល ប្រយោជន៍ស្មើភាព គោរពរបបសង្គម ប្រព័ន្ធសេដ្ឋកិច្ច មាគ៌ាអភិវឌ្ឍន៍ និងសិទ្ធិរបស់ភាគីសងខាង, គោរពអត្ថប្រយោជន៍ស្នូល និងបញ្ហាសំខាន់របស់ភាគីជាដៃគូ ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀង ចុងក្រោយដែលដាច់ខាតផ្ដល់ប្រយោជន៍ទៅវិញទៅមក និងទទួលជោគជ័យរួម ហើយមិនអាចយកសិទ្ធិ អភិវឌ្ឍន៍របស់ភាគីម្ខាងជាតម្លៃលះបង់ រឹតតែមិនអាចបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស ណាមួយបានឡើយ។ ទីពីរ គឺដាច់ខាតត្រូវតែដើរសំដៅ ទៅរកគោលដៅរួមគ្នា ដោយមានសច្ចៈភាពជាគោល ភាគីទាំងពីរត្រូវយោគយល់គ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងរួមគ្នា ដោយប្រកាន់យកសច្ចៈភាពជាគោល ហើយត្រូវគោរពពាក្យសន្យារបស់ខ្លួន ។ កាលណាសម្រេចបានជាកិច្ចព្រមព្រៀងមួយ ត្រូវអនុវត្តដោយ យកចិត្តទុកដាក់ ពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ មិនត្រូវផ្លាស់ប្ដូរគោលជំហ និងក្រឡាស់សម្ដីឥតឈប់ឈរ នោះទេ ។ ចិននៅតែបន្តជឿជាក់ថា សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកជោគជ័យទេ កិច្ចចរចាទើបជាមាគ៌ា ត្រឹមត្រូវមួយ។ ចិននៅតែបន្តយល់ឃើញថា កាលណាចិន និងអាមេរិកសាមគ្គីគ្នា ប្រទេសទាំងពីរ នឹងទទួលបានផលប្រយោជន៍ទៅវិញទៅមក តែប្រសិនបើប្រឆាំងគ្នា នោះនឹងនាំមកតែភាពវិនាសប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការ ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ភាគីទាំងពីរ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការ ត្រូវមានគោលការណ៍ កិច្ចចរចាត្រូវមានបន្ទាត់អប្បបរមា, ចំពោះបញ្ហាដែលប៉ះពាល់ នឹងគោលការណ៍ចម្បង ចិននឹងមិនចុះញ៉មជាដាច់ខាត ។ លោកសេនាប្រមុខ Chen Yi របស់ចិនធ្លាប់បានពោលថា “ព្រិលក្រាស់ សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ”។ ប្រជាជនចិនធ្លាប់ឆ្លងកាត់បញ្ហាប្រឈម ប្រកបដោយហានិភ័យច្រើនរាប់មិនអស់ និងជម្នះបានឧបសគ្គរារាំងយ៉ាងច្រើនសន្ធឹក យើងនឹងមិនភ័យ ខ្លាចចំពោះការបន្លាច ឬរលំដោយសារសម្ពាធ ឬដួលដោយការវាយប្រហារនោះទេ។ ចំពោះសង្រ្គាម ពាណិជ្ជកម្មដែលបង្កឡើងដោយចេតនារបស់សហរដ្ឋអាមេរិក ចិននឹងមិនខ្លាចញញើតចំពោះសម្ពាធ ណាមួយឡើយ ទោះបីយើងមិនរីករាយក្នុងការវាយប្រហារ តែយើងមិនខ្លាចក្នុងការវាយបកទៅវិញទេ ក្នុងដំណាក់កាលចាំបាច់យើងនឹងមិនមានវិធីផ្សេងឡើយក្រៅពីការវាយប្រហារតបវិញ ។ បើចង់ចរចា យើង បើកទ្វារស្វាគមន៍ តែបើចង់វាយ យើងនឹងកំដរដល់ទីបញ្ចប់។

៤. ប្រទេសចិននឹងចាប់ដៃជាមួយកម្ពុជារួមជាមួយប្រទេសដទៃ ដើម្បីរួមគ្នាថែរក្សាពហុភាគីនិយម និងរបៀបរៀបរយនៃពាណិជ្ជកម្មអន្តរជាតិ។ សំបកក្រៅនៃជម្លោះពាណិជ្ជកម្មចិន និងអាមេរិកមើលទៅ គឺជាបញ្ហាពាណិជ្ជកម្ម តែតាមពិតនេះគឺជាការប្រកួតប្រជែងរវាងទស្សនៈពីរស្ដីពីពហុភាគីនិយមលក្ខណៈ បើកចំហរបស់ចិន និងគាំពារនិយមលក្ខណៈ ឯកត្តោរបស់សហរដ្ឋអាមេរិក និងជាល្បែងប្រយុទ្ធរវាងគំរូ នៃទំនាក់ទំនងអន្តរជាតិពីរប្រភេទស្ដីពីឯករាជ្យប្រឆាំងនឹងការបំពានដោយអំណាចរបស់ចិន និងសម្ពាធ គាបសង្កត់ដោយអំណាចរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិន និងកម្ពុជា មានកុងសង់ស៊ីសយ៉ាងទូលំទូលាយក្នុងទស្សនៈរក្សាការពារពហុភាគីនិយម ជំរុញពាណិជ្ជកម្មសេរី ។ល។ ថ្មីៗនេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរួមជាមួយលោក ឈាង វណ្ណារិទ្ធ នាយក វិទ្យាស្ថានទស្សនវិស័យអាស៊ី លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងសាស្រ្ដាចារ្យ ជំនាញដទៃទៀត បានទទួលបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន និងឆ្លើយតបយ៉ាងសកម្ម ចំពោះទស្សនៈពាក់ព័ន្ធបញ្ហាសង្រ្គាម ពាណិជ្ជកម្មចិន និងអាមេរិក ដោយបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក គឺជាទង្វើបំផ្លាញ អ្នកដទៃ និងមិននាំផលប្រយោជន៍ដល់ខ្លួន ហើយជាសកម្មភាពមិនមានភាពទទួលខុសត្រូវ និងសូម កោតសរសើរជាខ្លាំង ចំពោះភាពនឹងធឹង ក្នុងការឆ្លើយតបនឹងជម្លោះពាណិជ្ជកម្មរបស់ចិន ព្រមទាំងវាយ តម្លៃខ្ពស់ ចំពោះគំនិងផ្ដួចផ្ដើម“ខ្សែក្រវាត់និងផ្លូវ”និងទស្សនៈសហគមន៍ជោគវាសនារួមរបស់ចិន ដែលនាំ មកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចអភិវឌ្ឍន៍តំបន់ និងអន្តរជាតិ។ ភាគីចិនមានការកោតសរសើរខ្ពស់ ចំពោះមតិពាក់ព័ន្ធ របស់ឥស្សរជនប្រកបដោយចំណេះដឹងរបស់កម្ពុជា ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាដើម។

កាលពីថ្ងៃទី១១ ខែមិថុនា ខ្ញុំបានចូលរួមកម្មវិធីចុះហត្ថលេខារោងចក្រអគ្គិសនី អនុភាព ៤០០ មេហ្គាវ៉ាត់របស់កម្ពុជា។ ម្ចាស់គម្រោងមួយនេះគឺរាជរដ្ឋាភិបាលកម្ពុជា ហើយបរិក្ខាប្រើប្រាស់ ត្រូវបានផលិត ដោយប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់ រីឯវិស្វកម្មស៊ីវិល និងការដំឡើងបរិក្ខារបស់គម្រោងត្រូវបាន រ៉ាប់រងដោយក្រុមហ៊ុនចិន។ គម្រោងមួយនេះ បានសបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការ ពហុភាគី ដែលនឹងផ្តល់ប្រយោជន៍ទៅវិញទៅមកនិងទទួលជោគជ័យរួម ហើយបង្ហាញឲ្យឃើញពី គោលការណ៍ “រួមពិភាក្សា រួមកសាង និងរួមទទួលផល” នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ផងដែរ។ ភាគីចិនរីករាយនឹងសហការជាមួយភាគីកម្ពុជាធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសម្របសម្រួលពហុភាគី រួមគ្នា បន្តប្រកាន់ខ្ជាប់ពហុភាគីនិយម ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមាន អង្គការពាណិជ្ជកម្ម ពិភពលោកជាស្នូល ជំរុញកសាងទំនាក់ទំនងអន្តរជាតិថ្មីដែលគោរពគ្នាទៅវិញទៅមក យុត្តិធម៌ស្មើភាព និងសហប្រតិបត្តិការជោគជ័យរួម។ ភាគីចិននឹងបន្តបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការត្រីភាគី និងពហុភាគី នៅកម្ពុជា ស្របពេលនឹងបានផ្ដល់ប្រយោជន៍ទៅវិញទៅមក និងសម្រេចជោគជ័យរួមហើយ យើងនឹងបាន ចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ។

ភាគីចិនរីករាយរួមគ្នាជាមួយភាគីកម្ពុជា ខិតខំអនុវត្តផែនការសកម្មភាពសហគមន៍ជោគវាសនារួមរវាង ចិន និងកម្ពុជា ជំរុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជារីកចម្រើន លូតលាស់កាន់តែប្រសើរក្នុងយុគសម័យថ្មី។ ខ្ញុំជឿជាក់ថា ចិន និងកម្ពុជាបន្តរក្សាទំនុកចិត្តនយោបាយ បានយ៉ាងល្អក្នុងរយៈពេលវែង និងកម្ពុជាបន្ត រក្សាការជឿជាក់គ្នាទៅវិញ ទៅមកប្រកបដោយមិត្តភាពល្អក្នុង កិច្ចការនយោបាយកិច្ចសហប្រតិបត្តិការ គ្រប់វិស័យមានភាពស្អិតរមួត ដែលនឹងជម្រុញឲ្យកាន់តែប្រសើរ សម្រាប់ការអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ ហើយនឹងនាំមកនូវភាពសុខដុមរមនាជូនដល់ប្រជាជនទាំងពីរ ប្រទេស ៕

Facebook Comments

To Top