សេដ្ឋកិច្ច & អចលនទ្រព្យ

រដ្ឋមន្ត្រីសេដ្ឋកិច្ច ចង់ឃើញ ក្រុមហ៊ុនអឺរ៉ុប មកវិនិយោគ នៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limitedថា កម្ពុជាចង់ឃើញក្រុមហ៊ុន អ៊ឺរ៉ុបមកវិនិយោគ នៅកម្ពុជាបន្ថែមទៀត ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limited សាខាប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះ ការវិនិយោគបន្ថែម និងផ្តល់ប្រព្រឹត្តកម្មស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុន វិនិយោគទុនបរទេសទាំងអស់ នៅកម្ពុជា រួមទាំង ក្រុមហ៊ុន Siemens Limited ផងដែរ ។

លោកបន្តថា “កម្ពុជាចង់ឃើញក្រុមហ៊ុនអ៊ឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយហេតុថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើន (Engine of Growth) សម្រាប់កម្ពុជា”។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្រុមហ៊ុន Siemens Limited ត្រូវបានទទួលស្គាល់ថា ជាដៃគូសហការល្អ ដោយបានបោះទុនវិនិយោគ និងចូល រួមយ៉ាងសកម្មក្នុងវិស័យ ថាមពលអគ្គិសនី និងសុខាភិបាលនៅកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារៈទំនើប និងបច្ចេកវិទ្យាខ្ពស់។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កម្ពុជាមានបំណងស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃ ម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ ដែលអាចចូលរួមជាចំណែកគាំទ្រ ដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ។ កម្ពុជា នឹងបន្តកិច្ចសហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលអំពីគម្រោងថ្មីៗ របស់ក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងចរាចរណ៍ ជាដើម ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top