ព័ត៌មានជាតិ

ក្រសួងកសិកម្ម ដាក់ចេញវិធានការ ឲ្យអង្គភាព ពាក់ព័ន្ធអនុវត្តន៍ ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ដង្កូវហ្វូង ដែលកំពុង រាតត្បាតបំផ្លាញ ដំណាំពោត យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ បន្ទាប់ពីផលិតផល ដំណាំពោត នៅកម្ពុជា កំពុងទទួលរងនូវការរាតត្បាត ពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Amyworm ) ហើយដើម្បីទប់ស្កាត់ការ រាតត្បាតនេះ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានដាក់ចេញវិធានការ ធ្វើការណែនាំដល់អង្គភាព ពាក់ព័ន្ធក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំង ប្រជាកសិករ ដែលបានដាំដំណាំពោតទាំងអស់ ត្រូវចូលរួមសហការអនុវត្តន៍ឲ្យមានប្រសិទ្ធភាព ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីការបង្ការ និងទប់ស្កាត់ការាតត្បាតបំផ្លាញ ពីសំណាក់ ដង្កូវហ្វូង ប្រភេទ(Fall Amyworm )លើដំណាំពោតបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងបានចាត់មន្រ្តី ជំនាញ ចុះពិនិតុ្យនិងតាមដានលើវត្តមាន នូវដង្កូវ(Fall Amyworm ) ប្រភេទថ្មីនេះ ដោយជាលទ្ធផលបានបង្ហាញថា ពិតជាមានការគំរាមកំហែងដល់ធ្ងន់ធ្ងរ លើផលិតកម្មដំណាំពោត នៅប្រទេសកម្ពុជា ព្រោះជាប្រភេទសត្វល្អិត ចង្រៃដែលមានកម្រិតនៃការរាតត្បាត បំផ្លាញលឿនបំផុត ហើយស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា បានទទួលរងនូវបាតុភូត អែលនីណូ បណ្ដាលឲ្យមានរដូវប្រាំងក្ដៅខ្លាំង អូសបន្លាយរយៈពេលវែង ធ្វើឲ្យមាន លក្ខខណ្ឌ កាន់តែសមប្រកបសម្រាប់ដង្កូវហ្វូង ប្រភេទថ្មីនេះ មានលទ្ធភាពបង្កើនការរាលដាលឆ្លងនិងបំផ្លាញដំណាំពោតកាន់តែលឿន ។

សេចក្ដីប្រកាសបន្តថា ជាក់ស្ដែងគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានផ្ទៃដីដំណាំពោតដែលរងការបំផ្លាញ ដោយដង្កូវហ្វូងប្រភេទថ្មីនេះ សរុបចំនួន ១១ ១៤២ ហិកតា ដែលក្នុងនោះ ខេត្តប៉ៃលិនមានចំនួន ២ ៥៤៤ ហិកតា បាត់ដំបងមាន ៣ ០៣៣ហិកតា បន្ទាយមានជ័យមាន ៤ ៧១៥ហិកតា និងខេត្តត្បូងឃ្មុំ មានចំនួន៨៥០ហិកតា។
សេចក្ដីប្រកាសបន្ថែមថា “ក្នុ្ងងគោលបំណង ដើម្បីទប់ស្កាត់ការរាតត្បាត និងបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មីខាងលើ ព្រមទាំងធានាបាននូវ និរន្តរភាពនៃផលិតកម្ម និងការនាំ ចេញផលិតផលពោតនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមធ្វើការណែនាំដល់គ្រប់អង្គភាព ពាក់ព័ន្ធក្រោមឳវាទ មន្ទីរកិសកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត និងបងប្អូនប្រជាកសិករ ដែលដាំដុះដំណាំពោតទាំងអស់ ត្រូវចូលរួមសហការ អនុវត្តន៍នូវវិធានការ មួយចំនួន” ។

វិធានការទប់ស្កាត់នោះរួមមាន៖អគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំផែនការ កម្មវិធីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវ និរន្តរភាពផលិតកម្មដំណាំពោត នៅក្នុងប្រទេសកម្ពុជា។ ត្រូវធ្វើការស្រាវជ្រាវអង្កេតព្យាករណ៍ កម្រិតបំផ្លាញ របស់ដង្កូវហ្វូងប្រភេទថ្មីនេះ និងជំរុញវិធានការ ការពារដំណាំក្នុងការកម្ចាត់ និងទប់ស្កាត់ការរាតត្បាតនូវដង្កូវហ្វូងប្រភេទថ្មីនេះ ទៅតាមបណ្ដាលខេត្តទូទាំងប្រទេស ។

សម្រាប់មន្ទីរកសិកម្មរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យនិងជំរុញ ប្រជាកសិករឲ្យចុះពិនិត្យ ចម្ការពោតជាប្រចាំ ហើយនៅពេលឃើញមានសញ្ញាសង្ស័យ នៃការបំផ្លាញអំពីដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋាន កសិកម្មជាបន្ទាន់ ៕ ដោយ៖ធី លីថូ

Facebook Comments

To Top