កីឡា

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភក្រុមគោព្រៃកម្ពុជា ៣៧,០០០ដុល្លារ ក្រោយឆ្លងផុត វគ្គជម្រុះបឋម នៃពាន World Cup 2022

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់មាតុប្រទេស ប្រកបដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី១២ ខែមិថុនានេះ ក្រោយបញ្ចប់បេសកកម្ម ប្រកួតជម្រុះបឋម នៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា-ប្រចាំទ្វីបអាស៊ី ដោយជោគជ័យ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ទឹកដីប៉ាគីស្ថាន ២-១ ក្នុងជើងទី២ កាលពីយប់មិញ នៅទីក្រុងដូហា ។

ជាមួយដំណើរមាតុភូមិនិវត្តនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏រីករាយ ដោយមានការរងចាំទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រ ពិសេសការអញ្ជើញទៅទទួលដោយផ្ទាល់ពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ លើសពីនេះ លោកក៏បាននាំយកថវិកា ដ៏សប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន ៣៧,០០០ដុល្លារ ឧបត្ថម្ភដល់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីឆ្លងផុតវគ្គជម្រុះបឋមផងដែរ ។

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា បានឡើងទៅជុំទី២ នៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុមប៉ាគីស្ថាន ៤-១ ក្រោយរកបាន ២គ្រាប់ក្នុងដៃ កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ ក្រោមការដឹកនាំផ្ទាល់ របស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ៕

Facebook Comments

To Top