នយោបាយ

Top news: រដ្ឋមន្ត្រីការបរទេស សិង្ហបុរីបញ្ជាក់ថា កម្ពុជា-សិង្ហបុរី នៅតែមានទំនាក់ទំនង និងជាមិត្តចាស់ដដែល ក្រោយលោក លី ស៊ានឡុងរិះគន់កម្ពុជា

ភ្នំពេញ ៖ ការបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុង ភាពស៊ីជម្រៅ និងចាត់ទុកកម្ពុជា ជាមិត្តចាស់របស់សិង្ហបុរីពី សំណាក់លោក វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នេះ ក្រោយពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានលើកឡើងថា វៀតណាមចូលបំពានកម្ពុជា កាលពីសម័យខ្មែរក្រហម។

ការរិះគន់បែបនេះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានបញ្ចេញ ប្រតិកម្មជាខ្លាំងផងដែរ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកកម្ពុជា និងលោក វីវៀន បាឡាគ្រីសស្នាន់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីរូបនេះបានថ្លែងថា “ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់ និងមានការទំនាក់ទំនងដែលផ្តល់ផល ប្រយោជន៍ឥ្យគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកំរិតទ្វេភាគី និងក្នុងនាមសមាជិកអាស៊ានក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់”។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រយោបល់ របស់រដ្ឋមន្រ្តីក្រសួងការបរទេស សិង្ហបុរី ដែលបានបញ្ជាក់ ពីសារសំខាន់ នៃកិច្ចទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

មេបញ្ជាការកងទ័ព ជើងគោកកម្ពុជា បានបន្ថែមថា សហគមន៍អាស៊ានត្រូវតែនៅជាធ្លុងមួយ ដើម្បីការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និងនិរន្តភាពក្នុងតំបន់។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ លោក នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាម ទំព័រ ហ្វេសប៊ុក ដោយលើកឡើងថា ពេលដែលឧត្តមសេនីយ៍ ព្រេមធ្វើជានាយករដ្ឋមន្ត្រី ថៃគាប់ជួននឹងពេលដែលសមាជិក ASEAN កាលនោះមានគ្នា៥ប្រទេស រួមគ្នាប្រឆាំងការឈ្លានពាន របស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម ។

ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់ នាយករដ្ឋមន្ត្រី សិង្ហបុរី សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារប្រតិកម្ម លើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៦ មិថុនា “ខ្ញុំពិតជាមានការសោកស្តាយ ខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក ដោយលើកឡើងថា ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នាយើង ៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពាន របស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម ។ ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកកម្ពុជាវិញដែរ” ។

បន្ទាប់ពីមានប្រតិកម្មបែបនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានទូរស័ព្ទមកបញ្ជាក់ប្រាប់លោក ប្រាក់ សុខុន ឧបានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរថា សិង្ហបុរី ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយក៏មិនចង់ឃើញរបបនេះ វិលត្រឡប់មកកម្ពុជាវិញទេ៕ ដោយ នឿត សម្ផស្ស

 

Facebook Comments

To Top