នយោបាយ

Top News៖ សម្តេចតេជោនិងសម្តេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង លោក សម រង្ស៊ី ទៅតុលាការបារាំង ដែលចោទសម្ដេចទាំងពីរថា ជាអ្នកសម្លាប់លោក ហុក ឡងឌី

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសរួមគ្នាថា បាននិងកំពុងសិក្សារៀបចំឯកសារប្ដឹងទណ្ឌិតសម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ដើម្បីស្វែងរកយុត្តិធម៌តម្លៃសកល ជូនសម្តេចទាំងពីរ ។

ការរៀបចំបណ្តឹងប្តឹងនេះ ដោយសារលោក សម រង្ស៊ី បានចោទប្រកាន់ជាសាធារណៈថា សម្តេចទាំងពីរជាអ្នករៀបចំគម្រោងសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតស្នងការនគរបាលរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨។ ទណ្ឌិតរូបនេះ ក៏បានចោទជាសាធារណៈផងដែរថា សម្ដេច ស ខេង បានរៀបចំផែនការ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ ។

លោក សម រង្ស៊ី បានសសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់ លោក ក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរ លើខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០០៨។

លោកសរសេរបន្ដថា សម្ដេចតេជោ បានសម្រេចចិត្តសម្លាប់លោក ហុក ឡង់ឌី ដោយសារតែលោក ហុក ឡង់ឌី ដឹងរឿងអាក្រក់របស់សម្ដេចច្រើនពេក។ លោកថា ជាពិសេស លោក ហុក ឡង់ឌី ត្រៀមលាតត្រដាងអំពីបញ្ជាដែលគាត់បានទទួលពីសម្ដេចឲ្យសម្លាប់ លោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤។ នៅឆ្នាំ២០០៨លោក ហុក ឡង់ឌី ត្រូវតែបញ្ជាក់ពីបញ្ជាខាងលើរបស់សម្ដេច តាមការសាកសួររបស់សហព័ន្ធសហជីពអន្តរជាតិ ដែលតម្រូវឲ្យរកយុត្តិធម៌ឲ្យ លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជារហូតដល់ពេលគាត់ស្លាប់។

ជាមួយគ្នានេះអតីតមេបក្សប្រឆាំងរូបនេះ ក៏បានចោទប្រកាន់បន្តមក សម្តេច ស ខេង និង លោក ឌី វិជ្ជា កូនប្រុសលោក ហុក ឡង់ឌី ត្រូវជាកូនប្រសារសម្តេចជោថា កំពុងរួមសហការគ្នាធ្វើរដ្ឋប្រហារទំលាក់សម្តេចតេជោផងដែរ ដើម្បីសងសឹកឲ្យឪពុករបស់ខ្លួន៕

Facebook Comments

To Top