នយោបាយ

កម្ពុជា-WEF ឯកភាពគ្នា ស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគ លើវិស័យកសិម្ម និងកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគ ពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគ លើវិស័យកសិម្ម និងការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជាបន្ថែមទៀត លោក វេងសាខុន រដ្ឋមន្រ្តីកករសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងលោកជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF)បានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារ បន្តកិច្ចសហប្រតិបត្តិការងារនេះ ។ នេះបេីយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងកសិម្ម។

នៅក្នុងជំនួបពិភាក្សាការជាមួយលោក វេង សាខុននៅថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០១៩លោក Matthew បានជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបថា WEF កំពុងធ្វើការសិក្សា និងស្វែង យល់អំពីកិច្ចសម្របសម្រួលក្នុងការវិនិយោគបរទេសទៅលើស្បៀង និងកសិកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយគោលបំណងនៃជំនួបនាថ្ងៃនេះគឺធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយសមស្របដើម្បីបង្កើតបរិយាកាសវិនិយោគមួយមានលក្ខណប្រទាក់ក្រឡា សម្របសម្រួល និងមានប្រសិទ្ធភាពសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច។

ជាការឆ្លេីយតបលោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានរៀបចំគម្រោងសិក្សានេះឡើងប្រយោជន៍ដើម្បីបង្ហាញដល់វិនិយោគិនអំពីគោលនយោ បាយអនុគ្រោះរបស់រាជរដ្ឋាភិបាល បរិយាកាស និងឱកាសវិនិយោគលើផលិតកម្មស្បៀង និងកសិកម្មនៅកម្ពុជានាពេលអនាគត។

លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលផលិត និងអតិរេចស្បៀងសម្រាប់នាំចេញ។

ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយអនុគ្រោះដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាជាបន្ត បន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងក៏បានបន្តជំរុញការងារកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេស និងអង្គការជាដៃគូអភិវឌ្ឍ ដើម្បីជួយសម្រួលដល់វិនិយោគិន ធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ពួកគាត់ទទួលបានជោគជ័យ ដែលនេះគឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ និងជាពិសេសជួយលើកស្ទួយកម្រិតជីវភាពប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។ តែទោះជាយ៉ាង ណា ការវិនិយោគលើវិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូច្នេះលោករដ្ឋមន្ត្រីបានសំណូម ពរឲ្យ WEF និងដៃគូអភិវឌ្ឍន៍ដទៃ គួរពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងវិស័យឯកជន ដោយផ្តោតជាសំខាន់លើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជំរុញផលិតកសិកម្មតាមកិច្ចសន្យា៕ដោយ បាន ធារ៉ូ

Facebook Comments

To Top