ព័ត៌មានជាតិ

កម្ពុជាស្នើ ចិនបង្កើតវិទ្យាស្ថាន ស្រាវជ្រាវពិសោធន៍ ពូជឫស្សី និងរុក្ខជាតិផ្កា

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ ក៏ដូចជាបង្កើតជាតំបន់ ទេសចរណ៍ធម្មជាតិផងនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើលោកស្រីសាស្ត្រាចារ្យ Jiang Zehui សហប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាល របស់អង្គការ អន្តរជាតិឫស្សី និងផ្តៅ (INBAR) បង្កើតវិទ្យាស្ថាន ស្រាវជ្រាវ និងពិសោធន៍ពូជឫស្សី និងពូជរុក្ខជាតិផ្កានៅកម្ពុជា។នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងកសិកម្ម។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន និង លោកស្រីសាស្ត្រាចារ្យ Jiang Zehui ស្ដីអំពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ INBAR និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តីបានលើកឡើងថា “តាមរយៈលោកស្រីសាស្ត្រាចារ្យ លោករដ្ឋមន្ត្រីបានស្នើដល់ភាគីចិន ពិនិត្យ និងពិចារណាផ្តល់ការគាំទ្រ ដល់ការបង្កើតវិទ្យាស្ថាន ស្រាវជ្រាវ និងពិសោធន៍ពូជឫស្សី និងជាពិសេស ពូជរុក្ខជាតិផ្កា រួមជាមួយការរៀបចំគម្រោង សួនច្បារគំរូមិត្តភាព កម្ពុជា-ចិន ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ និងអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ” ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា វត្តមានរបស់ លោកស្រីសាស្ត្រាចារ្យ និងសហការីនាថ្ងៃនេះបានពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ថែមមួយកម្រិតទៀត និងបញ្ជាក់អំពី ការយកចិត្តទុកដាក់ មកលើកម្ពុជា ក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើ ពោលគឺផលព្រៃឈើឫស្សី និងផ្តៅនេះតែម្តង ។ មួយវិញទៀត ក្រោមការគ្រប់គ្រងរបស់ក្រសួង បច្ចុប្បន្នមានសហគមន៍ ព្រៃឈើចំនួន ៦១៤សហគមន៍ លើផ្ទៃដីជាង ៥០០ពាន់ហត ដែលលោកជឿជាក់ថា សហគមន៍ទាំងអស់នោះ នឹងអាចទទួលបានការគាំទ្រ និងផលប្រយោជន៍ ជាច្រើនពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អនេះផងដែរ។

នាឱកាសនេះ លោកស្រីសាស្ត្រាចារ្យ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលជាប្រទេស សមាជិកពេញសិទ្ធទី៤៦ ក្នុងអង្គការ INBAR ដើម្បីជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា តាមរយៈការបង្កើនគំរប ព្រៃឈើ បរិស្ថានបៃតង ការបង្កើតការងារ ប្រាក់ចំណូល និងកម្រិតជីវភាព របស់ប្រជាជន និងសហគមន៍។

លោកស្រីក៏បានបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេស ដែលមានសក្តានុពល និងអំណោយផលទាំងធនធានដី និងអាកាសធាតុសម្រាប់ការដាំដុះឫស្សី ស្របជាមួយ កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងស៊ីជម្រៅ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ តាមរយៈគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ លោកស្រីជឿជាក់ថា អង្គការ INBAR នឹងមានលទ្ធភាពច្រើន ក្នុងការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍវិស័យ ព្រៃឈើនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រីក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នឹងអាចឈានឡើង ថែមមួយកម្រិតទៀត សំដៅទៅលើការអភិវឌ្ឍ រុក្ខជាតិផ្កានៅកម្ពុជា ដែលប្រទេសចិន មានសក្តានុពលខ្ពស់ ទាំងបច្ចេកទេសនៃការ ដាំដុះ និងទីផ្សារ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីគាំទ្រ ចំពោះការលើកឡើង របស់លោកស្រីជាពិសេសលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងលើការអភិវឌ្ឍឫស្សី ផ្តៅ និងរុក្ខជាតិផ្កានេះតែម្តង ហើយក្រសួងស្វាគមន៍ និងផ្តល់កិច្ចសហការ ឲ្យអស់លទ្ធភាព ដើម្បីជាប្រយោជន៍ ដល់ប្រជាជន សហគមន៍ព្រៃឈើ និងទីផ្សារទាំងមូល ៕ដោយ៖បាន ធារ៉ូ

Facebook Comments

To Top