នយោបាយ

កងពលតូចអន្តរាគមន៍លេខ២ ទទួលសម្ភារការិយាល័យ ជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា

ភ្នំពេញ៖ ស៊ីម៉ង់ ៥០តោន សង្ក័សី ៥០០០សន្លឹក ម៉ាស៊ីនកុំព្យូទ័រ Laptop ៤គ្រឿង ម៉ាស៊ីនព្រីនធឺរកូល័រ ១គ្រឿង ប្រេងសាំង ៤ពាន់លីត្រ ប្រេងម៉ាស៊ូត ៤ពាន់លីត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ត្រូវបានក្រុមការងារ ប្រគល់ជូនកងពលលេខ២ នាចុងសប្ដាហ៍នេះ។ 

លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំងពីរ និងលោក​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូពី សុខទុក្ខកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជាការកសាងជំរុំជម្រក ហេដ្ឋារចនាសម្ព័ន និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត​មានពេលកន្លងមក។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី តែងតែបានយកចិត្តទុកដាក់​នៅក្នុងការផ្ដល់នូវគ្រឿងសំភារៈប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ ថវិកាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនដល់បណ្ដាអង្គភាពកងទ័ព។ 

នាយទាហាន នាយទាហានរង និងពលទាហាន​នៅក្នុងអង្គភាពនេះក៏បានលើកឡើងថា ការឧបត្ថម្ភ​​បន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធជនជាដើមទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតមិនឲ្យមានបដិវត្តព័ណ៌​ ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាព​ ដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ៕

Facebook Comments

To Top